សមត្ថកិច្ចចាប់ខ្លួនអ្នករិះគន់លោក ហ៊ុន សែន នៅ​លើបណ្តាញសង្គម​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃស្វាគមន៍អ្នកគាំទ្រ នៅក្នុងយុទ្ធនាការបោះឆ្នោតក្នុងឆ្នាំ២០១៧

មន្ត្រី​ក្រសួងមហាផ្ទៃមួយរូប​ ដែលសរសេរប្រមាថអាយុជីវិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសា​រ​នៅ​​លើ​បណ្ដាញសង្គម ​Facebook ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃអង្គារនេះ​។

មន្ដ្រីនគរបាលរូបនោះ ឈ្មោះ លាង ឡា ពាក់ស័ក្ដិ៣ មានតួនាទីជានាយរងផ្នែក នៃការិយាល័យគណនេយ្យ នាយក​​ដ្ឋានភស្ដុភារ និងសម្ភារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ប្រើគណនី Facebook ឈ្មោះ Leala Leang។ នៅលើហ្វេសប៊ុក របស់ឈ្មោះនេះ បានសរសេរថា «អាជោ ហ៊ុន សែន ជិតដល់ថ្ងៃអន្សាហើយ សូមព្រមានក្រកូលហ៊ុនទំាងអស់ចាកចេញ និរន្ទេស​ខ្លួនឲ្យបានមុនឆ្នាំ២០១៨។ បុណ្យវាសនាឯងត្រូវ​ងាប់ ឬជាប់គុក​ដែលមិន​អាច​ចៀស​ផុត​ឡើយ​»​។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានប្រាប់​VOD​នៅរសៀល​ថ្ងៃ​អង្គារ​នេះថា  សមត្ថកិច្ចជំនាញ​បាន​ចាប់ខ្លួនមន្រ្តីនគរបាល លាង ឡា មកសួរនាំ ដោយថាបុគ្គលរូបនេះ បាន​ជេប្រមាថអាយុជីវិតលោកនាយករដ្ឋមន្ត្រីហ៊ុន​ សែន និងក្រុមគ្រួសារ។ លោកថាបើ​សមត្ថ​កិច្ច​រក​ឃើញ​កំហុស​​ធ្ងន់​ធ្ងរនឹ​ងបញ្ជូនទៅតុលាការ​ឲ្យ​ចាត់​ការ​តាមនីតិវិធីច្បាប់។

លោកនិយាយថា «បើមើលទៅខុសវិន័យ ត្រូវអនុវត្តតាមវិន័យ កំរិតណាអនុវត្តកំរិតហ្នឹង បើទៅវាខុសច្បាប់ ដាក់ទោសតាមច្បាប់​»

មេធាវីសុក សំអឿន មានប្រសាសន៍ថា ការលើកឡើងរបស់មន្ត្រីនគរបាលស័ក្តិ៣នោះ ជាការបញ្ចេញមតិច្រើនជាង ដោយលោកថា ករណីនេះ បុគ្គលរូបនោះអាចប្រឈមនឹងការដាក់វិន័យ។ លោកនិយាយថា «គ្រាន់តែសរសេរ គ្រាន់តែជាមតិមួយ យើងថាបរិហាកេរ្តិ៍ក៏មិនត្រូវ ជេប្រមាថក៏មិនទាន់ច្បាស់ គ្រាន់តែច្បាប់យើងពិបាកណាស់ កាលណាគេប្តឹងទៅជាប់គុកសិន បើខ្ញុំគិត វាអាចខុសវិន័យច្រើនជាង ព្រោះវិន័យយើងកងទ័ព យើងត្រូវអព្យាក្រិត ពេញចិត្ត មិនពេញចិត្តក្តីនៅឲ្យស្ងៀម តាមបញ្ជាថ្នាក់លើ ហើយនៅក្នុងរឿងកងទ័ព គេហាមមិនឲ្យមានយោបល់ពាក់ព័ន្ធនយោបាយ»។

កាលពីខែតុលាឆ្នាំ២០១៦ តុលាការរាជធានីភ្នំពេញ បានកោះហៅពលករម្នាក់ឈ្មោះ សាម ភាព អាយុ ២៧ឆ្នាំ ឲ្យចូលបំភ្លឺនៅក្រសួងមហាផ្ទៃ ក្រោមបទសង្ស័យថាបានដាក់បណ្ដាសាប្រមាថអាយុជីវិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្ដាញព័ត៌មានសង្គម។ លោក សាម ភាព គឺជាពលករខ្មែទីពីរ ដែលត្រូវបានកោះហៅឲ្យចូលបំភ្លឺ បន្ទាប់ពីពលករខ្មែរឈ្មោះ ផង់ សីហា អាយុ ២៧ឆ្នាំ និងមកពីខេត្តព្រៃវែងដូចគ្នា ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួន កាលពីខែកញ្ញា ឆ្នាំ២០១៥។

យុវជន ផង់ សីហា ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១៨ខែ កាលពីដើមឆ្នាំ២០១៦នេះ ប៉ុន្តែ អនុវត្តទោសត្រឹម ៦ខែ បន្ទាប់ពីពលករខ្មែររូបនេះ បង្ហោះសារនៅលើហ្វេសបុក ដែលតុលាការចាត់ទុកជាបទល្មើសគំរាមកំហែងទៅលើលោកបណ្ឌិត សុខ ទូច។

ករណី​គំរាម​សម្លាប់​នៅលើ​ហ្វេស​ប៊ុក​នេះ ក៏កើតមាន​ចំពោះលោក​​ កឹម សុខា​ ​ប្រធាន​​គណបក្ស​សង្គ្រោះជាតិផងដែរ​ កាលពីឆ្នាំ២០១៣ ឆ្នាំ ប៉ុន្តែ អាជ្ញា​ធរ​គ្រាន់តែហៅឈ្មោះ ផែង វណ្ណៈ ជាប៉ូលីសក្រសួងមហាផ្ទៃ ទៅសាកសួរដោយមិនបញ្ជួនទៅតុលាការនោះឡើយ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ