តំណាងរាស្រ្ត​បក្សប្រឆាំង​បារម្ភថាការស៊ើបអង្កេត​ឃាតកម្មលើលោក កែម ឡី មិន​អាច​ទុកចិត្ត​បាន

សាកសពរបស់លោក កែម ឡី តម្កល់ទុកនៅវត្តចាស់ក្នុងសង្កាត់ជ្រោយចង្វារ

ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានអំពាវនាវឲ្យមានអ្នកឯកទេសជំនាញត្រឹមត្រូវនិងឯករាជ្យ ស៊ើបអង្កេតលើករណីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដោយបានរិះគន់អាជ្ញាធររបស់រដ្ឋាភិបាលថាមិនបានស៊ើបអង្កេតឲ្យបានត្រឹមត្រូវនូវករណីឃាតកម្មមួយចំនួនកាលពីអតីតកាល។

អ្នកវិភាគបញ្ហាសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កំាភ្លើងបាញ់សម្លាប់នៅម៉ោងប្រមាណ៩ព្រឹក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅម៉ាតលក់ទំនិញមួយក្បែរស្តុបបូកគោ។ ក្រោយពីការបាញ់សម្លាប់ភ្លាមៗ ខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចតាមចាប់និងចាប់ខ្លួនបាន។ បុរសម្នាក់នោះបានអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់។ ក្រុមគ្រួសារបានះអះអាងថាលោកមានឈ្មោះថា អឿត អាង ដែលមានភរិយារស់នៅក្នុងភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។

ក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដានេះ ក្រុមសមាជិកសភាបក្សប្រឆាំងបានលើកឡើងថាកន្លងទៅឃាតកម្មមានលក្ខណៈនយោបាយមួយចំនួនដូចជាករណីវីរមេដឹកនាំសហជីព លោក ជា វិជ្ជានិង សកម្មជនបរិស្ថាន លោក ឈុត វុទ្ធី អាជ្ញាធររបស់រដ្ឋាភិបាលពុំដែលរកឃើញឃាតកពិតប្រាកដឬអ្នកនៅពីក្រោយឃាតកម្មទាំងនោះឡើយ។ តំណាងរាស្រ្តបក្សប្រឆាំងបន្តថាការស៊ើបអង្កេតនិងការសួរចម្លើយជនជាប់ចោទទៀតសោត គឺធ្វើឡើងដោយគ្មានតម្លាភាព។ ពួកគេបន្ថែមថា៖ “ក្នុងករណីនេះដែរ យើងសង្កេតឃើញថាជនគ្មានទោសត្រូវបានគេចាប់យកមកបង្ខំឲ្យឆ្លើយដាក់គេឯងឬទទួលកំហុសដោយគ្មានមូលដ្ឋាននិងភស្តុតាងច្បាស់លាស់ផង។ មូលហេតុទាំងនេះហើយដែលធ្វើឲ្យសាធារណមតិជាតិនិងអន្តរជាតិពុំមានជំនឿទាល់តែសោះថាអាជ្ញាធរមានសមត្ថកិច្ចទាំងនេះមានភាពឯករាជ្យនិងមានជំនាញពិតប្រាកដដើម្បីអាចស្វែងរកការពិតក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះបាននោះទេ”។

សមាជិកសភាបក្សប្រឆាំងក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិយកចិត្តទុកដាក់ពីស្ថានភាពនយោបាយនៅកម្ពុជានិងស្នើសុំឲ្យអង្គការអន្តរជាតិ ជាអាទិ៍អង្គការសហប្រជាជាតិ ចូលរួមស៊ើបអង្កេតស៊ើបរកការពិតនូវអំពើឃាតកម្មលើលោក កែម ឡី។

នៅព្រឹកថ្ងៃពុធនេះ ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានសម្រេចចោទប្រកាន់បុរសដែលត្រូវសមត្ថកិច្ចចាប់ខ្លួននិងថាជាខ្មាន់កាំភ្លើងបាញ់សម្លាប់ លោក កែម ឡី ចំនួនពីរបទចោទ ដែលក្នុងនោះមានបទមនុស្សឃាតគិតទុកជាមុន។ ប្រសិនបើរកឃើញកំហុស អាចប្រឈមមុខជាប់ពន្ធនាគារអស់មួយជីវិត តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌដែលចែងថាបទឃាតកម្មគិតទុកជាមុនដែលជាអំពើសម្លាប់មនុស្សដោយគិតទុកជាមុនឬដោយការពួនស្ទាក់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួនបីគ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈលោកកំពុងឤនសារព័ត៌មាន នៅមុខតូបលក់កាសែតមួយជាប់នឹងរបងវត្តលង្កា ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីបាញ់សម្លាប់លោក ជា វិជ្ជា មនុស្សពីរនាក់ គឺលោក សុខ សំអឿន និងលោក ប៊ន សំណាង ត្រូវបានចាប់ខ្លួននិងកាត់ទោសដាក់គុកអស់រយៈពេលជិត១០ឆ្នាំ តាមអំណាចសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ២០ឆ្នាំ។ ប៉ុន្តែក្រោយមកតុលាការកំពូលបានលើកលែងការចោទប្រកាន់អ្នកទាំងពីរនាក់នោះជាស្ថាពរវិញ ដោយសាររកមិនឃើញមានពិរុទ្ធភាព។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋស្ងប់ស្ងាត់និងទុកឲ្យសមត្ថកិច្ចជំនាញស៊ើបអង្កេតករណីនេះ។ លោកចាត់ទុកករណីឃាតកម្មនេះ រដ្ឋាភិបាលជាអ្នកខាតបង់ ដោយសាររងការរិះគន់ពីប្រជាពលរដ្ឋថាអសមត្ថភាពក្នុងការការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងការលាបពណ៌ករណីឃាតកម្មនេះជារឿងនយោបាយ។ ទោះជាយ៉ាងណា លោកសង្ឃឹមថាអ្នកនយោបាយនឹងមិនប្រើប្រាស់ឃាតកម្មនេះជារឿងនយោបាយនិងនាំឲ្យជាតិចលាចលនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ