អ្នកតាមដានសង្គមខ្លះសង្ស័យថាវៀតណាមនៅពីក្រោយឃាតកម្ម លោក កែម ឡី

លោកបណ្ឌិត កែម ឡី នៅក្នុងកម្មវិធីមួយរបស់វីអូឌី កាលពីលោកនៅមានជីវិត។

ខណៈដែលសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតសំណុំរឿងបាញ់សម្លាប់លោក កែម ឡី មជ្ឈដ្ឋានមួយចំនួនបានដាក់ការសង្ស័យថាឃាតកម្មនោះអាចបង្កឡើងដោយភាគីទី៣ ក្នុងបំណងឲ្យខ្មែរបែកបាក់ផ្ទៃក្នុង ហើយភ្លេចនាំគ្នាទៅពង្រឹងយន្តការការពារបូរណភាពទឹកដី។

លោក កែម ឡី ត្រូវបានឃាតករបាញ់ត្រូវពីរគ្រាប់ ១គ្រាប់ត្រូវដើមទ្រូងនិង១គ្រាប់ទៀតត្រូវក្បាល បណ្តាលឲ្យបុរសមានធំដំបងនោះស្លាប់នៅនឹងកន្លែងកើតហេតុក្នុងហាងលក់ទំនិញមួយ (Star Mart) ស្ថិតនៅស្ថានីយប្រេងឥន្ទនៈជាប់ស្តុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។

លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងម៉ាត់ស្តុបបូកគោ(រូបថត៖ស៊ុន ណារិន)
លោក កែម ឡី ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់នៅក្នុងម៉ាត់ស្តុបបូកគោ(រូបថត៖ស៊ុន ណារិន)

ប៉ុន្តែមុនឃាតករបាញ់សម្លាប់ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមដ៏ល្អីឈ្មោះរូបនេះបានប្រកាសថា លោកចុះដេកតាមផ្ទះប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួនជាប់ព្រំដែននិងសិក្សាពីប្រជុំកោះខ្មែរដែលលោក កែម ឡី សន្យាថានឹងចងក្រងជាឯកសាទុកឲ្យកូនខ្មែរជំនាក់ក្រោយបានយល់ដឹងពីប្រវត្តិសាស្ត្រ ទប់ស្កាត់នឹងបរទេសឈ្លានពានទឹកដី។

លោក កែម ឡី បានដាក់ឈ្មោះយុទ្ធនាការនោះថា «យុទ្ធនាការ១០០រាត្រី»។

ក្រោយពីចុះធ្វើយុទ្ធនាការបានជាង១០ថ្ងៃ លោក កែម ឡី បានអះអាងថាលោកបានរកឃើញថាខេត្តជាប់បឹងទន្លេសាបដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តកំពង់ធំ លោកថាជនជាតិវៀតណាមបានបង្កើនចំនួនគ្រូសារមករស់នៅប្រកបរបរនេសាទខុសច្បាប់ដែលលោកថាអាជ្ញាធរមិនអាចបង្ក្រាបបាន បង្កឲ្យប៉ះពាល់ដល់ជីវភាពពលរដ្ឋខ្មែរ។

លោក កែម ឡី ឲ្យដឹងដែរថាចំណែកខេត្តមួយចំនួនជាប់ព្រំដែនដូចជាខេត្តតាកែវ ព្រៃវែង ស្វាយរៀង ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរីជាដើម លោកប្រើពាក្យថា «យួន» បានចូលមកធ្វើការនិងរស់នៅក្នុងដីសម្បទានយ៉ាងច្រើន ដែលលោកថាអាចនឹងឈានទៅគ្រប់គ្រងតំបន់នោះទាំងស្រុងនៅពេលដ៏ខ្លីខាងមុខ បើរដ្ឋាភិបាលគ្មានវិធានការទប់ស្កាត់។

លោកថា៖ «ខ្ញុំធ្វើយុទ្ទនាការ១០០ថ្ងៃនៅលើដីគោក គឺគោលបំណងចង់ផលិត សរសេរឯកសារទំលំទូលាយ រូបថត ខ្សែវីដេអូ ទុកឲ្យក្មេងនៅពេលដែល២០ឬ៣០ឆ្នាំទៀតនៅពេលដែលយួនចូលកាន់កាប់ដីខ្មែរយើងពេញសិទ្ធិ ហើយក្មេងៗយើងជំនាន់ក្រោយ គាត់មានឱកាសកាន់រដ្ឋាភិបាល  គាត់មានឱកាសផ្តឹងទៅតុលាការ ICJ អីគាត់មានភស្តុតាង។ បើសិនជាយើងមានភស្តុតាង បើសិនជាយើងមិនព្យាយាមផលិតភស្តុតាងទេ មិនថាជំនាន់យើងទេ ២០-៣០ឆ្នាំទៀត ក្មេងៗជំនាន់ក្រោយបើយើងចង់ប្តឹងក៏យើងអត់ភស្តុតាងដែរ»

ការបាញ់សម្លាប់លោក កែម ឡី ដែលជាអ្នកស្រាវជ្រាវនិងរិះគន់រដ្ឋាភិបាលឥតសំចៃមាត់នេះ ត្រូវបានអ្នកតាមដានមើលឃើញថាធ្វើឲ្យខ្មែរមានជម្លោះផ្ទៃក្នុង។

អ្នកគាំទ្រគណបក្សកំពុងគ្រប់គ្រងអំណាចបានព្យាយាមបកស្រាយថាបក្សប្រឆាំងបាននៅពីក្រោយឃាតកម្មនេះ  ដើម្បីទម្លាក់កំហុសដាក់បក្សកាន់អំណាចកេងចំណេញនយោបាយ។

ចំណែកអ្នកគាំទ្របក្សប្រឆាំងវិញគិតថា ការសម្លាប់លោក កែម ឡី អាចជាប់ពាក់ព័ន្ធនឹងមន្ត្រីមានអំណាច ដោយពួកគេអះអាងថាឃាតកម្មបានកើតឡើងតែប៉ុន្មានថ្ងៃក្រោយពីលោក កែម ឡី បានរិះគន់ចំៗទៅលើត្រកូលហ៊ុន តាមរបាយការណ៍ស៊ើបអង្កេតរបស់អង្គការ Global Witness ដែលដាក់ចំណងជើងថា «អាណាចក្រជំនួញ ត្រកូលហ៊ុន»។

ប៉ុន្តែអ្នកខ្លះទៀតយល់ថា ការបាញ់សម្លាប់លោក កែម ឡី អាចជាចារកម្មរបស់វៀតណាមក្នុងការទប់ស្កាត់យុទ្ធនាការ១០០រាត្រី ទាក់ទិននឹងព្រំដែននិងរុញស្ថានការណ៍នោះឲ្យទៅជាជម្លោះផ្ទៃក្នុងខ្មែរកាន់តែខ្លាំង តាមរយៈវប្បធម៌លាបពណ៌គ្នា ដែលកំពុងកើតមាននៅកម្ពុជា។

ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា ឃាតកម្មនោះមិនមែនជាទង្វើរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏មិនមែនជាទង្វើរបស់គណបក្សសង្គ្រោះជាតិដែរ។ លោកអះអាងថា ផែនការសម្លាប់នោះគឺពួក «យួន» ដែលលោកថាកំពុងគ្រប់គ្រងអំណាចនិងដាក់អាណានិគមស្រមោលលើទឹកដីខ្មែរ។ លោកថាលោក កែម ឡី ហ៊ានលើកពី “បញ្ហាយួនបំផ្លាញឆ្នាំងបាយខ្មែរ បង្ហាញគ្រោះថ្នាក់នៃការផ្តល់ដីសម្បទាន ដែលយួន កំពុងកាន់កាប់ ពិសេសយុទ្ធនាការស្វែងរកការពិតពីបញ្ហាព្រំដែននិងប្រជុំកោះខ្មែរ ដែលលោក កែម ឡី ដាក់ឈ្មោះថា យុទ្ធនាការ១០០រាត្រី”។

បុរសម្នាក់ទៀតដាក់ឈ្មោះថា សូរ សមយុទ្ធ ក៏បានបង្ហាញទស្សនៈប្រហាក់ប្រហែលគ្នានេះដែរទៅលើការបាញ់សម្លាប់ លោក កែម ឡី។ លោកថាលោក ហ៊ុន សែន ជាខ្មែរ ដូច្នេះលោក ហ៊ុន សែន មិនសម្លាប់ខ្មែរទេ។

លោក សូរ សមយុទ្ធ យល់ថាលោក ហ៊ុន សែន ចង់បានដៃគូនយោបាយមួយដែលទុកចិត្តដើម្បីធ្វើការងាររឿងព្រំដែននេះ ប៉ុន្តែលោកថាលោក ហ៊ុន សែន មិនយល់ចិត្តលោក សម រង្ស៊ី និងលោក កឹម សុខា ហើយមេដឹកនាំគណបក្សប្រឆាំងក៏មិនយល់ចិត្តលោក ហ៊ុន សែន។

លោក សូរ សមយុទ្ធ គិតថាក្នុងចំណោមបញ្ញវន្តខ្មែរ មានតែ កែម ឡី ទេដែលមានប្រជាប្រិយភាពខ្លាំងក្នុងចំនោមមហាជន និងនិស្សិត ហើយដែលមានសក្តានុពលបង្កជាចលនាប្រឆាំងដ៏ខ្លាំងមួយ លោកថាដូច្នេះគេត្រូវកាត់ក្បាលពស់។

លោក សូរ សមយុទ្ធ បានកត់សំគាល់ថាប៉ុន្មានសប្តាហ៍មុនប្រធានាធិបតីវៀតណាមដែលមកកម្ពុជាបាននិយាយរឿងពីរគឺ ការពារជនជាតិវៀតណាមនិងបញ្ចប់រឿងព្រំដែន។ លោក សូរ សមយុទ្ធ ថាយុទ្ធនាការ១០០រាត្រីរបស់លោកបណ្ឌិត កែម ឡី គឺប៉ះពាល់ដល់បំណងវៀតណាម ព្រោះលោក កែម ឡី លាតត្រដាងផែនការឥណ្ឌូចិនថ្មី។

លោក សូរ សមយុទ្ធ បានលើកឡើងថាលោក ហ៊ុន សែន ភ្ជាប់រឿងការបាញ់សម្លាប់លោក កែម ឡី ទៅនឹងការបាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ដោយក្រុមរបស់ឧកញ៉ា ថោង សារ៉ាត ដែលមានឈាមជ័រវៀតណាម។

ក្រោយមានឃាតកម្មលោក កែម ឡី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ចម្ងល់ខ្លួនឯងថា តើនេះជាការផ្ចាញ់ផ្ចាលលោកឬយ៉ាងណា នៅពេលដែលលោកកំពុងតែជជែកពីសន្តិភាពនិងការរីកចម្រើន។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី លើកឡើងថាការចុះស្រាយជ្រាវពីបញ្ហាព្រំដែនរបស់លោក កែម ឡី លោកថាពិតជាដើមមួយនៃឃាតកម្មសម្លាប់លោក កែម ឡី ប៉ុន្តែលោកគិតថាអ្នកវិភាគរូបនោះធ្លាប់ត្រូវបានគំរាមច្រើនដង រួមទាំងការធ្វើយុទ្ធនារពាក់អាវពណ៌ខ្មៅផងដែរ។

ប៉ុន្តែលោក មាស នី វិភាគថាដើម្បីកុំឲ្យអ្នកនយោបាយព្រួសឈាមដាក់គ្នាករណីឃាតកម្មនេះនិងទប់ស្កាត់កុំឲ្យភាគីទី៣បង្កបញ្ហាបាន លោកថាមានតែការស៊ើបអង្គេតប្រកបដោយតម្លាភាពវែកមុខជនដៃដល់ពិតប្រាកដមកផ្ទន្ទាទោស ទើបអាចពង្រឹងសាមគ្គីផ្ទៃក្នុងរឹងមាំបាន។

លោកថា៖ «បើសិនយើងនាំគ្នាគិតពីជាតិទាំងអស់គ្នា ខ្ញុំគិតថាការធ្វើអន្តរាគមន៍ណាមួយពីភាគីទី៣ពិតជាមានការពិបាកហើយមិនងាយស្រួយធ្វើប៉ុន្មានទេ បើសិនជាខ្មែរមានឯកភាពជាតិហើយនាំគ្នាយកបញ្ហាជាតិមកដាក់លើតុ ហើយនាំគ្នាធ្វើរឿងជាតិបាទ»

សាស្ត្រាចារ្យវិទ្យាសាស្រនយោបាយលោក សូ ចន្ថា វិភាគថាប្រទេសជិតខាងដែលតែងតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា។ ប៉ុន្តែលោកថាភាពរឹងមាំដែលភាគីទី៣មិនអាចជ្រៀតជ្រែកបាន លោកថាគឺឆន្ទៈនយោបាយត្រូវដើរលើគន្លងប្រជាធិបតេ្យ ប្រកួតប្រជែងដោយស្មើភាពធ្វើឲ្យស្ថានការនយោបាយមានបរិយាកាសល្អជំរុញដល់ការបោះឆ្នោតនាពេលខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកថា៖ «ជំរុញឲ្យមាននីតិរដ្ឋពិតប្រាកដនៅកម្ពុជា ហើយចំនុចមួយទៀតខ្ញុំចង់ឃើញអ្នកនយោបាយខ្មែរគួរលុបបំបាត់ចោលនូវវប្បធម៌តួឯក ហើយចាប់ផ្តើមរៀបចំឲ្យមានអ្នកបន្តវេនសម្រាប់ចូលរួមចំណែកជាតិ ប្រសើរជាងមានតែខ្លួននោះបាទ»

VODមិនអាចរកប្រតិកម្មពីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទេតាមរយៈទូរសព្ទនិងតាមសារអេឡិចត្រូនិចនៅថ្ងៃពុធនេះ។ បើតាមអ្នកប្រើប្រាស់បណ្តាញសង្គមនិងអ្នកវិភាគ គ្រប់អ្នកនយោបាយ មិនគួរបន្ថែមសាំងលើភ្លើង ហើយក៏មិនគួរនិយាយពាក្យសំដីណាដែលនាំឲ្យខ្មែរបែកបាក់គ្នានោះទេ។

តែផ្ទុយទៅវិញ អ្នកនយោបាយគួរនិយាយពាក្យនិងប្រែក្លាយព្រឹត្តិការណ៍ដូចករណីការស្លាប់របស់លោក កែម ឡី ឲ្យទៅជាសាមគ្គីជាតិ ឯកភាពជាតិ ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងបញ្ចប់ការឈឺចាប់របស់ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ