ស្ត្រី​ដែល​ចោទ​ប្រកាន់​លោក​ ហ៊ុន​ សែន ថា​ «សម្លាប់ ​កែម ​ឡី» ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន

ស្ត្រី​ឈ្មោះ ហ៊ីន វ៉ាន់ស្រីពៅ ដែល​ជា​ម្ចាស់​គណនី​ហ្វេស​បុក ឈ្មោះ ហេង លក្ខិណា (ប្រភព៖ Fresh News)

​សាលាដំបូង​រាជ​ធានី​ភ្នំ​ពេញបាន​សម្រេច​ឃុំ​ខ្លួនបណ្តោះអាសន្នស្រ្តីជាអ្នក​លេង​ហ្វេស​ប៊ុក​ម្នាក់ ឈ្មោះ ហេង លក្ខិណា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន ក្រោមបទចោទថា ប្រមាថលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ស្រ្តីរូបនោះត្រូវបានចាប់ខ្លួន កាល​ពី​ព្រឹក​ថ្ងៃទី១២ ខែកក្កដា ក្រោយពីគាត់និយាយតាមហ្វេសប៊ុកថា ​លោក​ ហ៊ុន សែន និង​ក្រុម​គ្រួសា​ថាបាន​ប្រលាក់​ឈាម សម្លាប់​លោក​ កែម ​ឡី។ ​

នៅព្រឹកថ្ងៃទី១៣ខែកក្កដានេះ ​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំ​បូងរាជធានីភ្នំពេញបានចោទ​ប្រកាន់​ពី​បទស្រ្តីរូបនោះពីបទ «ញុះ​ញង់ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រឹដ្ឋជាអាទិ៍ តាមមាត្រា៤៩៤និងមាត្រា៤៩៨ នៃ​ក្រម​ព្រហ្មទណ្ឌ»។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពីពិធី​បុណ្យ​ខួប​១​ឆ្នាំ​របស់​លោក​ កែម​ឡី នៅ​ថ្ងៃទី៩ កក្កដា កន្លងទៅ ស្រ្តី​ដែល​មាន​ឈ្មោះ​ហ្វេស​ប៊ុក​ថា ហេង លក្ខិណា បាន​ថត​វិឌីអូ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​​ ដោយ​បាន​ចោទថា​ លោក​ ហ៊ុន​ សែន​ និង​ក្រុម​គ្រួសារជា​អ្នក​សម្លាប់​លោក​ កែម ​ឡី។

ទាក់​ទង​នឹង​រឿង​ក្តីជា​មួយ​គ្នា​នេះ មាន​មនុស្ស​៤​នាក់​ហើយ​ដែល​ត្រូវ​បាន​តុលាការឃុំខ្លួន និងចោទប្រកាន់បន្ទាប់ពីពួកគេ​ចោទ​ប្រកាន់​ថា «លោក​ ហ៊ុន​ សែន​ ជា​អ្នក​ពាក់ព័ន្ធសម្លាប់​លោក​ កែម ​ឡី»។ ក្នុង​ចំណោម​អ្នក​ទាំងនោះ មាន​មនុស្ស​ពីរនាក់​ ​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន មាន​ដូចជា លោក គឹម​ សុខ និងកញ្ញា​ ហេង លក្ខិណា​។ ចំណែក​លោក​ស្រី ថាក់ ឡានី ជាសមាជិក​ព្រឹទ្ធសភាគណបក្ស​ប្រឆាំង និង​លោក សម រង្សីុ​ ដែលជា​អតីតប្រធាន​គណបក្សប្រឆាំង​ ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​រឿង​ស្រដៀង​គ្នា​នេះ​ដែរ ហើយ​ដែល​សព្វថ្ងៃ អ្នក​ទាំង​ពីរ​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ