រដ្ឋាភិបាល​គ្រោង​លុយ​ជិត​១លាន​ដុល្លារសម្រាប់​លើក​ទឹក​ចិត្ត​មន្ត្រីក្នុងការ​ប្រឆាំង​គ្រឿង​ញៀន

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 5:11 PM | សន្ដិសុខអភិបាលកិច្ចល្អ | 0 | 3726

ក្រសួង​មហាផ្ទៃ​បាន​ប្រកាសពី​គម្រោងថវិកា​ជិត​១លាន​ដុល្លា​ សម្រាប់​លើក​ទឹក​មន្ត្រី​រដ្ឋាភិបាលក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អគ្គស្នងការ​នគរ​បាល​ជាតិ រដ្ឋ​មន្ត្រី​ក្រសួងមហា​ផ្ទៃ និង​ជា​ប្រធាន​យុទ្ធ​នាការ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន បាន​ប្រកាសពី​គម្រោង​ថវិកា​ជិត​១លាន​ដុល្លារ សម្រាប់​លើក​ទឹក​ចិត្ត​មន្ត្រី​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ដោយ​ថាផែនការ​​នេះនឹង​​ជម្រុញ​និង​លើក​ទឹក​ចិត្ត​ដល់​សមត្ថកិច្ច​ដែល​មាន​ស្នាដៃក្នុងការ​​បង្ក្រាប​។

កាលពី​​ថ្ងៃទី​​២៩​ មីនាកន្លង​ទៅ​ លោក​ ស ខេង សន្យា​​ថារដ្ឋាភិបាលនឹង​លើក​ទឹក​ចិត្ត​​ដល់​មន្ត្រីសមត្ថកិច្ច​ណា​ដែលចាប់​បាន​គ្រឿង​ញៀន​ច្រើន​ជាង​គេ ត្រូវទទួលបាន​រង្វាន់​​លើក​ទឹក​ចិត្ត​៤០​លាន​រៀល ឬ​ស្មើនឹង​១ម៉ឺន​ដុល្លារអាមេរិក សម្រាប់​គ្រឿង​ញៀន​មួយ​គីឡូក្រាម​។

យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​លើក​ទី​មួយ​របស់​រដ្ឋាភិបាល​មាន​រយៈពេល​៦​ខែ ដោយ​គិត​ចាប់ពី​ដើម​ឆ្នាំ​២០១៧​នេះ។​ យុទ្ធ​នាការ​ប្រយុទ្ធ​ប្រឆាំង​នេះ​រដ្ឋាភិបាល​ថា​ខ្លួន​ឃាត់​បានបង្ក្រាបាន​ជាង​៥ពាន់​ករណី និង​ឃាត់​ខ្លួន​​មនុស្ស​បានជាង​៩ពាន់​នាក់។ ការ​ឃាត់​ខ្លួន​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​នេះ​ត្រូវបាន​អគ្គស្នងការ​នគរ​បាល​នគរបាល​ជាតិ​ផ្សព្វផ្សាយ​ថា​ចាប់​បាន​រាល់​ថ្ងៃ ហើយ​មាន​ថ្ងៃ​ខ្លះ​ចំនួន​ដែល​ចាប់​បាន​នោះ​កើន​ដល់​ជាង៣០នាក់​។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋសម្រាប់ការអភិវឌ្ឍនិងសន្តិភាព លោក យង់ គិម​អេង មាន​ប្រសាសន៍​ថា ការ​ផ្តល់​លុយ​លើក​ទឹក​ចិត្ត​នេះ​វា​ជា​រឿង​សំខាន់​មួយ តែ​ថាក្រសួង​គួរ​តែ​ពិចារណា​ទម្លាក់​លុយ​ទៅ​ដល់​ថ្នាក់​ក្រោម​ជាតិវិញប្រហែល​​អាច​មាន​ប្រសិទ្ធ​ភាព​ល្អ​ជាងនេះ។ ចំពោះ​យុទ្ធ​នាការ​បង្ក្រាបគ្រឿង​ញៀន​របស់​រដ្ឋាភិបាល​វិញ​លោកស្ទើ​រ​មើលមិន​​ឃើញ​ថា មាន​អ្វី​ប្រែ​ប្រួល​នោះ​ទេ ដោយ​សារ​តែ​មេ​ឈ្មួញ​​ជួញ​ដូរ​ធំ​ៗ​មិន​ត្រូវបាន​ចាប់​ខ្លួន​នៅ​ឡើយ។

លោក​ថា៖ «គួ​រតែ​មាន​ការ​ទម្លាក់​ថវិការ ឬ​ក៏​មាន​ការ​បែង​ចែក​ថវិការ​ទៅ​ដល់ឃុំសង្កាត់​ឲ្យ​គាត់​កាន់​តែមាន​សមត្ថភាព​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ជា​ប្រចាំ​នោះ​ជារឿងល្អ តែ​ប្រសិន​ប្រាក់​រង្វាន់​នេះ​ត្រូវបាន​គិត​តែ​នៅ​ថ្នាក់ជាតិ​ខ្ញុំ​គិត​ថាវា​មិនសូវ​ជា បាន​ល្អ​ប្រសើរ​ប៉ុន្មាន​ទេ។ ហើយ​ម្យ៉ាង​វិញ​ទៀត បើ​ថ្នាក់​មូល​ដ្ឋានហ្នឹង​អត់​មាន​មធ្យោបាយ​អត់​បាន ធ្វើ​ការ​សកម្មក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនគឺបញ្ហា​គ្រឿង​ញៀន​នេះ​មិន​អាច​ថម​ថយ​បាន​ទេ»។

បើ​តាម​លោក​ គិមអេង ដើម្បី​កាត់​បន្ថយ​ទៅ​ដល់​កម្រិត​ទាបបំផុត​នៃ​គ្រឿង​ញៀនរ​ដ្ឋាភិបាល​គួរមាន​ផែន​ការ​អនុវត្តន៍​បង្ក្រាប​ជាប់​ជា​ប្រចាំ ដោយ​ស្មើ​ដៃ​គ្នា​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ជា​ពិសេស​ការ​បង្ក្រាប​ដោយ​គ្មាន​ការយោគយល់ ដោយ​ទាម​ទារឲ្យ​មន្ត្រី​ដែល​មាន​ជំនាញ និង​មាន​ឆន្ទៈក្នុងកិច្ច​ការ​នេះ។

​ផែនការយុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនរបស់កម្ពុជា​ ធ្វើឡើងស្របពេល​​ប្រធា​នាធិប​តីហ្វីលីពីន លោក ឌូទើតេ ដែល​គេស្គាល់​ថា ជា​ស្តេច​ប្រឆំាង​បទ​ល្មើស​គ្រឿង​ញៀន​ បាន​មក​ធ្វើ​ទស្សន​កិច្ចនៅកម្ពុជា​នា​​ពាក់​​កណ្តាល​ខែធ្នូឆ្នាំ​មុន​​៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required