ពលរដ្ឋ​​​ដែល​ប៉ះពាល់ពី​វារី​អគ្គិសនីសេសាន​ក្រោម ស្នើរដ្ឋាភិបាល​អភិវឌ្ឍនៅទួលសុវត្ថិភាព

ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ស្ទឹង​ត្រែង ​ដែល​​រង​ផលប៉ះពាល់ពី​ការ​អភិវឌ្ឍទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ អះអាងថា អាជ្ញាធរគ្រោងជម្លៀសពលរដ្ឋ​​ជិត២០០គ្រួសារ ឲ្យទៅរស់នៅទីទួលសុវត្ថិភាព ករណីនេះ​ពួកគេសុំពេលមួយខែ មុននឹងជម្លៀសទៅទីតំាង​ថ្មីនោះ​។

ជនជាតិដើមភាគតិចទំាងនោះ បានអះអាងប្រហាក់ប្រហែលគ្នាថា តាមគម្រោងអាជ្ញាធរនឹងជម្លៀស​ពួកគេ​​ចេញ​ទៅទីទួលសុវត្ថិភាពនៅពេលឆាប់ៗនេះ ប៉ុន្តែពួកគេសុំពន្យារពេល​ចាប់​ពីថ្ងៃ​ទី១៥​កក្កដា​ ដល់​ថ្ងៃទី១៥ខែ​សីហា ឆ្នាំ២០១៧ ដោយថា ទុកពេលឲ្យអាជ្ញាធរ​វាយ​តម្លៃ​ទ្រព្យ​សម្បត្តិ​ ដែលរងការ​ប៉ះ​ពាល់​ជាមុនសិន និងសុំឲ្យមន្ត្រីសង្គមស៊ីវិលជួយធ្វើសាក្សី​។

ជនជាតិដើមភាគតិចពូនង អ្នកនាង​ ជឿន ស្រីមុំ  បាន​ថ្លែង​ក្នុង​សន្នីទសារព័ត៌មាន​ស្តីពី គោលជំហរ​បស់​សហគមន៍​រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសាន​ក្រោម២ មុន​ពេល​ក្រុម​ហ៊ុន​សាកល្បងប្រតិបត្តិការ​ទូរបីនទី១ នៅថ្ងៃទី១៣កក្កដានេះថា ជនជាតិដើមភាគតិចជិត២០០គ្រួសារនឹង​ត្រូវ​អាជ្ញា​​ធរជម្លៀសឲ្យ​ទៅរស់​នៅទីទួលសុវត្ថិភាពឈ្មោះ «ទួលស្រែវែង» ដោយមាន​ចំងាយ​​ប្រហែល​៥គីឡូ​ម៉ែត្រពីទីតំាងចាស់។ ករណីនេះគាត់​ សុំឲ្យរដ្ឋាភិបាល​គិតគូអភិវឌ្ឍនៅទីតំាងថ្មី​ ដើម្បីឲ្យពួកគេមានជីវ​ភាពស​ម​រម្យ។

អ្នកនាងនិយាយថា «ចង់ឲ្យមានសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព មានផ្លូវ​ដូចនៅកន្លែងផ្សេងដែល​គេអភិវឌ្ឍន៍ ហើយធ្វើម៉េច​ឲ្យប្រជាជននៅកន្លែងនោះមានមុខ​របរពិតប្រាកដ ដើម្បីធ្វើឲ្យជីវភាពរបស់ គាត់មានការ​រីកចំរើនជាងមុន​​​»។

ជនជាតិដើមភាគតិចបានអះអាងថា កន្លងទៅប្រជាពលរដ្ឋប្រហែល​៧០ភាគរយ ត្រូវ​បាន​អាជ្ញាធរ​ជម្លៀស​​ឲ្យ​​ទៅរស់នៅភូមិក្បាលរមាសថ្មី ដែលមានចំងាយពីទីតំាងចាស់ប្រហែល៣គីឡូម៉ែត្រ ជួបបញ្ហាច្រើនក្នុង​ជីវ​​ភាពក្នុងគ្រួសារ​។ ករណីនេះ ​ពួក​​គេ​ថា បើអាជ្ញាធរឲ្យទៅរស់នៅទីនោះ ប្រជា​ពលរដ្ឋមិន​អាចទៅ​រស់​នៅ​បាន​ទេ ដោយថា ខ្លាច​ប៉ះពាល់​ដល់ជីវ​ភាព​គ្រួ​សារ​ ដូចអ្នកដែលទៅមុន។

យ៉ាងណាក៏ដោយ លោក ដំា សំណាង ដែលអះអាថា ជា​តំណាង​សហគមន៍ក្បាលរមាស បានឲ្យដឹង​ថា ពួក​​គេមិន​ជំទាស់​និង​​ការអភិវឌ្ឍ​របស់​រដ្ឋាភិ​បាលនោះទេ ប៉ុន្តែលោកស្នើឲ្យ​រដ្ឋាភិបាល​បញ្ជា​ទៅស្ថា​ប័ន​ពាក់​ព័ន្ធ​ ធ្វើការ​អភិវឌ្ឍ​នៅកន្លែង​«ទួលស្រែវែង»វិញ​ ដោយថា​កុំប្តូរឲ្យទៅរស់នៅភូមិក្បាលរមាសថ្មី ដើម្បី​កុំឲ្យ​ពួក​គេបាត់បង់​អត្ត​សញ្ញាណជនជាតិដើមភាគតិច​​។

លោក​និយាយថា «គាត់ទៅដាក់កន្លែងផ្សេង[ភូមិក្បាលរមាស]គាត់អត់មានអីមកប្រើប្រាស់ទៀតទេ ព្រៃ​ដែលគាត់ធ្លាប់ដើរ ធ្លាប់ខ្វៀលគោ ខ្វៀលក្របី លែងមាន ដីកើតជាឯកជន ហើយជនជាតិដើមភាគតិច​ត្រូ​វ​តែ​មានដីសមូហភាព មានបីប្រភេទទៀត ក្រៅពីដីផ្ទះ ដីស្រែចំការ បីប្រភេទដូចជាដីព្រៃជំនឿ ដី​បំរុង​ទុក ដីកប់ខ្មោច វាត្រូវ​បញ្ចុះសពនៅក្នុងដីហ្នឹង វាមានច្រើនហិចតាទៀតនៅក្នុងហ្នឹង ដ៏ពេលទៅ​នៅ​កន្លែងថ្មី ទំាងអត្តសញ្ញាណ ទំាងដីទំាងអស់ រំលាយ​ចោលទំាងអស់ វាបាត់បង់ទំាងអស់ ទៅកើតជាឯកជន ទៅ​កប់នៅក្រោមផ្ទះខ្លួនឯង មិនមែនជនជាតិដើមភាគតិច មានបូជា យើងដុតអីណា​»។

VOD មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួង​រ៉ែ​និង​ថាម​ពលលោក ទុន លាន បានទេនៅរសៀលថ្ងៃនេះ​។

នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា យល់ថា បើរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមានឆន្ទៈដោះស្រាយជាមួយអ្នកប៉ះពាល់​ នោះអ្នករងគ្រោះនឹងទទួលបានផលវិជ្ជមាន​ច្រើន។

លោកមានប្រសាសន៍ថា «យើងសង្ឃឹមថា​យន្តការ ការចចារ ការពិភាក្សារួមគ្នា និងអាចជំរុញឲ្យមា​ន​ដំណោះ​ស្រាយសមស្រប​ ព្រោះសំណូមពរថ្ងៃនេះ ៤ចំណុច​ ខុសពីថ្ងៃមុន​ ហើយសំណូមពរមាន​លក្ខណ​វិជ្ជមាន ហើយយើងសង្ឃឹមថា​នឹងមានការពិភាក្សា ដោះស្រាយប្រកប​ដោយ​ភាពវិជ្ជមាន»។

នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (FACT) លោក ឱម សាវ៉ាត ដែលតាមដានករណីនេះ យល់ថា ការសង់​ទំបន់​វារី​អគ្គិ​សនី​​នេះឡើង ធ្វើប៉ះពាល់ប្រជាពលរដ្ឋនៅក្បែរតំបន់នោះ និង​ធ្វើ​ឲ្យ​ចរន្តទឹកហូរមានការប្រែប្រួល​ ជាពិសេស​​ធ្វើឲ្យ​មច្ឆាជាតិវង្វេងទំាងរដូវ​ប្រាំនិងរដូវវស្សា។ ករណីនេះលោកស្នើទៅរដ្ឋាភិបាល​ ធ្វើយ៉ាងណា​កាត់​បន្ថយ​បញ្ហា​ប្រឈមនេះឲ្យបានច្រើន។

លោកយល់ថា​ «យើងគួរតែសិក្សាស្វែងយល់​ឲ្យបានកាត់បន្ថយផលប៉ះពាល់ អប្បរមា ហើយមិនមែន​មាន​តែ​​ទំ​នប់វារីអគ្គិសនីទេ ដែលយើ​ងទាញអគ្គិសនីមក​ប្រើប្រាស់​ ឥឡូវ​នេះមានមធ្យោ​បាយច្រើនណាស់​ បើ​សិននៅក្នុងករណីនេះ យើងពិនិត្យឃើញពីផលប៉ះពាល់​ វាមានទំហំវិសាលភាពធំធេង ហើយ​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋច្រើន​ យើងគួរតែកែទៅរកប្រភពថាមពលផ្សេងទៀត វាអាច​រួមចំណែក​ប្រសើរជាងដែរ​​»។

របាយការណ៍សង្គមស៊ីវិលបានឲ្យដឹងថា​ ទំនប់​សេសាន​ក្រោម​ពីរនេះ ជា​ទំនប់​ដែល​ត្រូវ​បាន​សាង​សង់​នៅស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ជា​ចំណុច​​ប្រសព្ធ​គ្នា​​រវាង​ទន្លេ​សេសាន និង​ទ​ន្លេស្រែ​ពក។ រដ្ឋាភិបាល​បាន​អនុម័ត​ឲ្យ​សាង​សង​ទំនប់​នេះនៅ​ឆ្នាំ​២០១២ បើ​ទោះ​បី​ជា​ការ​វាយតម្លៃ​ផលប៉ះ​ពាល់​បរិស្ថាន​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹងការ​អនុវត្តន៍​ដ៏​ល្អប្រសើ​រ​ជា​​អន្តរ​ជា​តិ​ក៏​ដោយ។

រដ្ឋាភិបាល​បាន​អះ​អាង​ថា​ គម្រោង​នេះ​បានធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភូមិចំនួន​៦ភូមិ នៃ​ឃុំ​ចំនួន​ពីរ​ នៃ​ស្រុក​​សេសាន​ ខេត្ត​ស្ទឹងត្រែង ដែល​មាន​ពល​រដ្ឋ​រស់​នៅ​ចំនួន ៨៤៦ គ្រួសារ​កំពុង​រស់​នៅ​ តែ​រហូត​មក​ដល់​ពេល​នេះ ​អ្នក​ដែល​រងផល​ប៉ះពាល់​បាន​សម្រេចទទួលយកសំណង​​ចំនួន​៨៧​%​ ខណៈ១២៦គ្រួសារកំពុង​រង់​ចាំដំដោះ​ស្រាយ។

បើ​តាម​តំណាង​​ក្រសួង​រ៉ែ និង​ថាម​ពល​​បាន​ឲ្យ​ដឹង​ថា ទំនប់​សេសាន​ក្រោមពីរ​នេះ​ជា​គម្រោង​របស់​រដ្ឋាភិ​បាល​ ដែល​បាន​ផ្តល់​សិទ្ធិ​ទៅឲ្យក្រុម​ហ៊ុនឯក​ជន​មួយ​ដែល​មានភាគ​ហ៊ុនពី​ចិន៥១% កម្ពុជា​៣៩% និង​វៀត​​ណាម​១០%។ បច្ចុប្បន្ន​ទំនប់​នេះ​ត្រូវ​បាន​សាង​សង់​បាន​ជិត​៩០%ហើយ ដែល​​ចំណាយទឹកប្រាក់​ជិត​៨០០លាន​ដុល្លារអាមេរិក ដោយរំពឹងថា បាន​ថាម​ពល​អគ្គិសនី​​៤០០មេហ្គាវ៉ាត់ ខណៈប្រមុខរដ្ឋាភិបាលនិង​ទៅ​សម្ភោធឲ្យប្រើប្រាស់នៅថ្ងៃទី២៥ខែកក្កដា ខាងមុខ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ