រដ្ឋាភិបាលឲ្យសម្រួលតម្លៃលិខិតឆ្លងដែនដល់ពលករនៅក្រៅប្រទេស ខណៈម៉ាឡេស៊ីរឹតបន្តឹង

ក្រសួងការបរទេសកម្ពុជារំឭកមន្ត្រីរបស់ខ្លួនឲ្យបង្កើនការយកចិត្តទុកដាក់ កាត់បន្ថយការចំណាយលើ​ការ​ធ្វើលិ​ខិតឆ្លងដែនដល់ពល​ករចំ​ណាកស្រុកនៅប្រទេសម៉ាឡេស៊ី ខណៈប្រទេសនោះ​ប្រកាសពី​ផែនការបណ្តេញពលករខុសច្បាប់ចេញពីប្រទេសរបស់ខ្លួន។

សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី៧ខែកក្កដា ដែលVODទទួលបាននៅថ្ងៃនេះ បា​​​ន​​លើ​​កឡើងថា ពលករខ្មែរមួយចំនួន​ដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ី ត្រូវធ្វើលិខិតឆ្លងដែនថ្មី ពួកគេ​​បា​​​នចំ​​ណាយ​ថវិកាយ៉ាងច្រើន នៅពេលលិខិតឆ្លងដែនចាស់អស់សុពលភាព មិនអាច​ពន្យារ​តទៅទៀ​តបាន។

ក្រសួងថា ករណីនេះខ្លួនបានណែនាំមន្ត្រីស្ថានទូតប្រចាំនៅប្រទេសនោះហើយ ដោយថាដើម្បី​ធ្វើការពិ​និត្យ​និងកំពុងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ​ រកវិធីសមស្របជួយ​កាត់បន្ថយការចំ​ណាយរប​ស់​ព​ល​​ករ  ពិសេ​សការចំ​ណាយទៅលើអ្នករត់ការកណ្តាល។

ប្រធានមជ្ឈមណ្ឌលនៃសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក​ មឿន តុលា បានស្វាគមន៍​ទៅនឹងវិធា​នការរបស់រដ្ឋាភិបាល។ ប៉ុន្តែលោកថា ប្រសិទ្ធភាពជាងនេះនឹងជួយដោះស្រាយបន្ទុកពលករពិតប្រាកដនោះ គឺរដ្ឋាភិ​បាល​ត្រូវប្រ​កា​​សតម្លៃធ្វើលិខិតឆ្លងដែ​ននេះជាសាធារណៈនិងប្រកាសពីវិធានការដាក់​​​ទោ​​សទណ្ឌដល់មន្ត្រី​ខិលខូច ដែ​លប្រព្រឹត្តិអំពើពុករលួយលើកិច្ចការនេះ ជាជាងចេញលិខិតអន្តរាគមន៍ពេលពល​រដ្ឋមានបញ្ហា។

លោកថា៖ «កំនត់ឲ្យច្បាស់ទៅថា តើដើម្បីឲ្យបានលិខិតឆ្លងដែនមួយហ្នឹង គាត់[ពលករ]ត្រូវបង់សេវាអ្វីខ្លះ ហើយតម្លៃប៉ុន្មាន? ឲ្យវាជាក់លាក់ កុំឲ្យមានយកកម្រៃខាងក្រៅអីហ្នឹងជាដើម។​ ហើយត្រូវមានយ​ន្តការ​ឲ្យគា​ត់​ប្តឹង បើសិនមានមន្ត្រីស្ថានទូតយើងហ្នឹង គាត់ទារលើសពីសេវាដែលរដ្ឋបានកំណត់ហ្នឹង»។

អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោក ប៊ួ បញ្ញា លើកឡើងដែរថា ការអន្តរាគមទាន់ពេល ជួយសម្រួ​លដល់ព​លករចំណាកស្រុកនេះ លោកថាជាការស្តាមុខមាត់របស់បក្សកាន់អំណាចឡើងវិញ បន្ទា​ប់ពីបក្សប្រឆាំងយកបញ្ហានេះទៅលាតត្រឡាងថាបញ្ហារបស់ពលករចំណាកស្រុកជាការអសមត្ថភាពរបស់​រដ្ឋា​ភិ​បាលនោះ។

លោកថា៖ «ជាដំណោះស្រាយរដ្ឋាភិបាលត្រូវពិនិត្យមើលបញ្ហាហ្នឹងឡើងវិញ។ ទី១គឺការធ្វើលិខិតស្នាមហ្នឹង កុំឲ្យ​មានអំ​ពើពុករលួយ ហើយទី២ត្រូវបញ្ចុះតម្លៃតម្លៃឲ្យសមរម្យទៅនឹងជីវភាពរបស់ប្រជាពលរដ្ឋ»។

យ៉ាងណាក៏ដោយ ក្រសួងការបរទេសអះអាងថា កន្លងទៅខ្លួនបានធ្វើការណែនាំជាប្រចាំដល់ស្ថានទូត និ​​ង​ស្ថា​​នអគ្គកុង​ស៊ុលនៅក្រៅប្រទេស អនុវត្តឲ្យបានត្រឹមត្រូវនិងធ្វើការបិទផ្សាយជាសាធរណៈ នូវតម្លៃនិ​ងរយៈ​​ពេលនៃការផ្តល់សេវានានា។

បើតាមលោក មឿន តុលា ពលករចំណាកស្រុកដែលកំពុងធ្វើការនៅប្រទេសម៉ាឡេស៊ីមានជាង១០ម៉ឺន​នាក់ ទាំងស្របច្បាប់និងខុសច្បាប់។

ទាក់ទងបញ្ហានេះមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ចេញ​សេចក្ដី​ថ្លែងការណ៍​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​ការ​បង្ក្រាប​ពលករ​ខុស​ច្បាប់​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម នៅ​ថ្ងៃ​ទី​១២ កក្កដា សមាជិក​សភា​កម្ពុជា លោកស្រី មូរ សុខហួរ ដែល​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ថ្លែង​ថា ការ​ចង់​ឲ្យ​ចំនួន​ពលករ​គ្មាន​ឯកសារ​ក្នុង​ប្រទេស​នេះ​ថយ​ចុះ មិន​អាច​ជា​លេស​ធ្វើ​ឲ្យ​អ្នក​រងគ្រោះ​ទទួល​ភាព​រងគ្រោះ​ថែម​ទៀត​ទេ។

អាជ្ញាធរ​ម៉ាឡេស៊ី ចាប់​ផ្ដើម​យុទ្ធនាការ​បង្ក្រាប​ពលករ​អន្តោប្រវេសន៍​ធ្វើ​ការ​ខុស​ច្បាប់​នៅ​តាម​រោងចក្រ សហគ្រាស និង​ភោជនីយដ្ឋាន​នានា​តាំង​ពី​ថ្ងៃ​ទី​១ កក្កដា ដោយ​ចាប់​ឃុំ​ខ្លួន​ពលករ​គ្មាន​លិខិត​ស្នាម​ជាង ៣.០០០​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ