អាជ្ញាធរ​ថា ភ្ញៀវ​ទេសចរណ៍​៤​នាក់ និង​មគ្គុទេសក៍​ដែល​បាត់​ខ្លួន រក​ឃើញ​ហើយ​

អាជ្ញាធរខេត្ដសៀមរាប ឲ្យដឹងថា ភ្ញៀវទេសចរជនជាតិបារាំងចំនួន ៤នាក់ និងមគ្គុទេសក៍ខ្មែរម្នាក់ ដែលបាត់ខ្លួននៅរមណីយដ្ឋានក្បាលស្ពាន នៅក្នុងស្រុកបន្ទាយស្រី កាលពីម្សិលមិញនោះ ត្រូវគេបានរកឃើញហើយ។

អភិបាលរងខេត្ដសៀមរាប លោក គឹម ឆៃហៀង បានអះអាងដូចនេះ នៅតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃសៅរ៍ ដោយលោកបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ជនជាតិបារាំងចំនួន ៤នាក់ និងអ្នកនាំភ្ញៀវជនជាតិខ្មែរម្នាក់ ត្រូវបានសមត្ថកិច្ចខេត្ដសៀមរាប រកឃើញនៅខាងជើងភ្នំក្បាលស្ពាន ដោយលោកថា ពួកគេមានសុត្ថិភាពល្អ។

វីអូឌី(VOD) បានព្យាយាមសុំការបញ្ជាក់បន្ថែមពីអភិបាលរងខេត្តសៀមរាប លោក គឹម ឆៃហៀង ប៉ុន្តែ លោកបដិសេធឆ្លើយតប ដោយលោកថា កំពុងជាប់រវល់ប្រជុំ។

ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍អង្គរខេត្ដសៀមរាប លោក ខៀវ ធី ឲ្យដឹងថា កាលពីវេលាម៉ោង ១១ ថ្ងៃម្សិលមិញ ភ្ញៀវទេសចរណ៍ជនជាតិបារាំងចំនួន ៤នាក់ និងអ្នកនាំភ្ញៀវជនជាតិខ្មែរម្នាក់ បានបាត់ខ្លួននៅរមណីដ្ឋានទេសចរណ៍ក្បាលស្ពាន ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ លោកសង្ស័យថា ការបាត់ខ្លួននោះអាចបណ្ដាលមកពីវង្វេងផ្លូវ ព្រោះភ្ញៀវទេសចរណ៍អន្ដរជាតិទាំងនោះ ឲ្យមគ្គុទេសក៍ខ្មែរនាំផ្លូវតាមផ្លូវបុរាណ ខណៈមគ្គុទេសក៍ពុំសូវស្គាល់ភូមិសាស្ដ្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ