ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគីបារាំង បានប្ដេជ្ញាកាលពីថ្ងៃម្សិលមិញថា នឹងធ្វើការដើម្បីបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែ ជាថ្មីម្ដងទៀត លោក ត្រាំ បានលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់វិធានការយោធា ប្រសិនបើជំហ៊ានទាំងអស់បរាជ័យ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ការព្រមានជាថ្មីរបស់លោក ត្រាំ បានកើតឡើងចំពេលដែលមានការអំពាវនាវពីអន្តរជាតិ មានចិន រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស និងអង្គការសហប្រជាជាតិ ឲ្យប្រធានាធិបតីអាមេរិក បង្ហាញភាពអត់ធ្មត់កាន់តែខ្លាំង។
សេចក្ដីថ្លែងការណ៍សេតវិមានបានលើកឡើងថា លោក ត្រាំ និងប្រធាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជជែកគ្នាតាមទូរស័ព្ទអំពីស្ថានការណ៍គ្រោះថ្នាក់កាន់តែខ្លាំង ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
សេចក្ដីថ្លែងការណ៍នោះ បន្ថែមថា អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការកាទូត សេដ្ឋកិច្ច និងយោធា ដើម្បីបញ្ចប់ការគំរាមកំហែង៕