ឥណ្ឌាបាញ់សម្លាប់ដំរីព្រៃមួយក្បាលក្រោយសម្លាប់មនុស្ស១៥នាក់

ព្រាន​ប្រមាញ់​កំពូល​មួយ​រូប​របស់​ឥណ្ឌា បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា រូប​គេ​បាន​ផ្ចាញ់​ដំរី​មួយ​ក្បាល ដែល​បាន​សម្លាប់​មនុស្ស ១៥​នាក់​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ខែមីនា​កន្លង​មក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក ណាវ៉ាប់ ហ្សាហ្វាត អាលី ខាន់ បាន​ប្រាប់​ថា លោក​បាន​បាញ់​សម្លាប់​ដំរី​នោះ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​កន្លង​មក​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​អាជ្ញាធរ​ឥណ្ឌា​បាន​ទូរស័ព្ទ​ឲ្យ​ទៅ​ជួយ​ផ្ចាញ់​ដំរី​នោះ។

លោក ខាន់ រៀប​រាប់​ថា លោក​បាន​បាញ់​ដំរី​នោះ​ត្រូវ​ចំ​គោលដៅ ប៉ុន្តែ មុន​នឹង​ដំរី​នោះ​ដួល វា​បាន​ព្យាយាម​យោង​ប្រម៉ោយ​របស់​វា​ដាក់​មនុស្ស ដែល​បង្ខំ​ឲ្យ​រូប​លោក​បាញ់​គ្រាប់​ទី​ពីរ។

ដំរីដើរ​បំផ្លាញ​ដំណាំ​ប្រជាជន​នោះ ត្រូវ​បាន​គេ​ជឿ​ថា បាន​វង្វេង​ផ្លូវ ក្រោយ​ពី​វា​បាន​បែក​ចេញ​ពី​ក្រុម​របស់​វា។ ដំរី​នោះ​ជាន់​ជន​រង​គ្រោះ ៤​នាក់ នៅ​រដ្ឋ​ប៊ីហារ កាល​ពី​ខែ​មីនា មុន​នឹង​ឆ្លង​ចូល​ទៅ​ក្នុង​រដ្ឋ​ចាខាន់ ហើយ​បាន​សម្លាប់​មនុស្ស ១១​នាក់​ទៀត។

មនុស្ស​ប្រហែល ១០០​នាក់ ក្នុង​នោះ​មាន​ទាំង​មន្ត្រី​ព្រៃ​ឈើ និង​អ្នក​ភូមិ​ផង​ដែរ​បាន​ចូល​រួម​ប្រមាញ់​ដំរី​នោះ ប៉ុន្តែ លោក ខាន់ និយាយ​ថា មាន​តែ​គាត់​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បាញ់​ដំរី​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ