មេបក្សអំណាចខ្មែរត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយបង្ហោះសារ​នៅលើហ្វេសប៊ុក

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 9:59 PM | នយោបាយ | 0 | 6529 ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពីពេលកន្លងទៅ (រូបភាព Fresh News)

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្តៃ លោក ខៀវ សុភ័គ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​រសៀល​ថ្ងៃ​នេះ ដោយ​ត្រូវ​បាន​សង្ស័យ​ថា បាន​ជេរ​ប្រមាថ​កង​ទ័ព និង​មេដឹកនាំ​រដ្ឋាភិបាល។

ឆ្លើយ​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​នៅ​ល្ងាចនេះ លោក ខៀវ សុភ័គ មិន​បាន​ចាត់​ទុក​សារ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក សួន សេរីរដ្ឋា នោះ ជា​​ការ​រិះគ​ន់​នោះ​ឡើយ។

លោក ខៀវ សុភ័គ ប្រាប់ថា​៖ “មិន​មែន​ជា​ការ​បញ្ចេញ​មតិ នេះ​គឺ​ជា​ ការ​រិះគ​ន់​បរិហា​កេរ្តិ៍​ប៉ះ​ពាល់​ទៅ​ដល់​​កិត្តិយស​របស់​កង​យុទ្ធពល​ខេមរភូមិន្ទ​របស់​យើង ​ក្នុង​ពេល​ដែល​​រៀប​ចំ​ការពារ​ទឹក​ដី​របស់​យើង​កន្លង​មក។ ទីពីរ អ្វី​ដែល​គាត់​ បាន​និយាយ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​”

ការ​ចាប់​ខ្លួន​មេ​បក្ស​រូប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​​មួយ​ថ្ងៃ​ បន្ទាប់​លោក​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​បាន​​រៀប​រាប់​ថា “កូន​ខ្មែរ កង​ទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា…ហើយ​មេ​ទ័ព​ចោរ​នឹង​ឡើង​បុណ្យ​សក្តិ ប្រមូល​បាន​លុយ​កាក់ សប្បាយ​ជាមួយ​ស្រី​ញី​យ៉ាង​គគ្រឹក​គគ្រេង”

លោក សួន សេរីរដ្ឋា បាន​សរសេរ​សារ​បែប​នេះ​ បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បន្ទាប់​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ទុក​ពេល៦​ថ្ងៃ ឲ្យ​ប្រទេស​ឡាវ​ ដក​កង​ទ័ព​របស់​ខ្លួន​ចេញ​ពី​តំបន់​ព្រំដែន​កម្ពុជា ស្ថិត​នៅ​ក្នុង​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ។

មេដឹកនាំ​បក្ស​នយោបាយ​រូប​នេះ ក៏​ធ្លាប់​ឡើង​ថ្លែង​រិះគន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ អំឡុង​ពេល​កម្ពុជា​ និង​ថៃ ធ្លាក់​ចូល​ក្នុង​សង្គ្រាម​បង្ហូរ​ឈាម​នឹង​គ្នា​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ កាល​ពី​ចន្លោះឆ្នាំ​២០១០ និង​ឆ្នាំ​២០១១៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required