តារា​​ៗ​ច្រើន​កុះករ​ ​ប្រកាស​ខ្លួនជួយ​​​​មន្ទីរពេទ្យគន្ធ​បុប្ផា

គ្រួសារ​តារា​កម្ពុជា (ដោយ វង្ស សុម៉ាលីន)

ក្នុងពិធីសន្និសីទសារព័ត៌មានកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា នៅសាកលវិទ្យាល័យន័រតុន តារាសិល្បៈយ៉ាងច្រើនកុះករបានប្រកាសចូលខ្លួនច្រៀងរាំដោយមិនគិតកម្រៃ ដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

កម្មវិធីសប្បុរសធម៌មួយនេះនឹងធ្វើនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខដោយក្រៅពីការច្រៀងរាំ ក៏មានព្រឹត្តិការណ៍ដើរលើកំរាលព្រំ ពីសំណាក់តារាសិល្បៈល្បីៗ ដើម្បីឲ្យមានការបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

កញ្ញា ស៊ុន សោភា តំណាងនិស្សិតពេទ្យប្រចាំសាកលវិទ្យាល័យន័រតុនបានអះអាងថា ដោយមានការចូលរួមពីសំណាក់តារាល្បីៗ ទើបកម្មវិធីសប្បុរសធម៌ធំមួយនឹងគ្រោងលេចឡើងនៅថ្ងៃទី១៧កញ្ញាខាងមុខ។

កញ្ញាបន្តថាព្រឹត្តិការណ៍នេះ នឹងរំលេចនូវការច្រៀងរាំនិងដើរម៉ូដលើកំរាលព្រំដែលអមដោយអ្នកសារព័ត៌មាន អ្នកថតរូបអាជីព និងអ្នកគាំទ្រតារាៗយ៉ាងច្រើនកុះករ ដើម្បីឲ្យសិស្សនិស្សិតដែលចូលទស្សនាកម្មវិធីដោយសេរី ធ្វើការបរិច្ចាគថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

កញ្ញាឲ្យដឹងទៀតថាព្រឹត្តការណ៍នេះចំណាយអស់ប្រមាណជា៥ពាន់ដុល្លារ ដោយថវិកាទាំងអស់ជាការជ្រោមជ្រែងរបស់សាកលវិទ្យាល័យន័រតុនទាំងស្រុង ប៉ុន្តែការចំណាយទាំងនោះគឺមិនតម្រូវឲ្យយកចំណូលដែលបានពីការតាំងស្ដង់និងការបរិច្ចាគនៅក្នុងពិធី ដើម្បីទូទាត់ចំណាយនោះឡើយ។

កញ្ញាមានប្រសាសន៍ថា៖ “មកដល់ពេលនេះ ខាងនិស្សិតពេទ្យនិងខាងសាលាន័រតុនចំណាយផ្សេងៗអស់៥ពាន់ដុល្លារអីហើយ តែចំណូលទាំងអស់ដែលយើងទទួលបានពីថ្ងៃទី១៧ (កញ្ញា) ក្រៅពីយើងអត់យក ដែលបានមកមកទូទាត់ សាលាក៏នឹងបន្ថែមថវិកាមួយចំនួនទៀតដល់មន្ទីរពេទ្យគន្ធបុប្ផាទៀត តែអត់ទាន់បញ្ជាក់ថាប៉ុន្មានទេ គឺចាំមើលចំណូលដែលបានសិន!”។

ថវិកាដែលបានទទួលពីព្រឹត្តិការណ៍ប្រគំតន្ត្រីនៅថ្ងៃទី១៧ កញ្ញា រួមមានការលក់ស្ដង់អោយផលិតផលមួយចំនួន និងការទទូចអោយនិស្សិតរបស់សាកលវិទ្យាល័យធ្វើការបរិច្ចាគ ដែលតាមគម្រោងសាលារំពឹងថានឹងបានច្រើនពាន់ដុល្លារអាមេរិក។ នេះបើតាមការឲ្យដឹងពី កញ្ញា ស៊ុន សោភា។

កញ្ញាថាតារាសិល្បៈដែលបានស្ម័គ្រចិត្តជួយច្រៀងនៅក្នុងព្រឹត្តិការណ៍នោះរួមមាន កញ្ញា សុខ ពិសី, លោក សុគន្ធ ថេរ៉ាយុ, លោក ឃុន វត្ថា, លោក រ៉ូលីន, កញ្ញា ទេព បូព្រឹក្ស, លោក ម៉ា ច័ន្ទបញ្ញា, នាយ ចឺម, កញ្ញា សុន ស្រីពេជ្រ, កញ្ញា ឈិត សុវណ្ណបញ្ញា, កញ្ញា ទឹម រដ្ឋា, អ្នកនាង ចន ច័ន្ទលក្ខិណា, អ្នកនាង សារ៉ាយ សក្ខណា, កញ្ញា ថន លក្ខិណា, អ្នកនាង សឿ សុធារ៉ា, កញ្ញា ព្រីម លីហ្សា, លោក ចន ច័ន្ទដារ៉ា, លោក រតនៈ វិសិដ្ឋ, លោក ខេន វណ្ណាថាត់, លោក ចន អាឡិចហ្សូរ៉ា, លោក ស៊ិន សុធារិទ្ធ , លោក ម៉ាដូណា, អ្នកនាង ស៊ុន ណារីម៉ូនីកា, កញ្ញាស្រីពៅមុខឈើ, កញ្ញា មាស សម្ផស្ស, កញ្ញា លី ច័ន្ទសីហា, កញ្ញា អាលីហ្សា, កញ្ញា ពេជ្រ អាវីហ្សា, អ្នកនាង ឈួន សុវណ្ណឆៃ , កញ្ញា តូច ស្រីពេជ្រ, លោក គន់ រៀមរតនៈ, កញ្ញា ដួង ម៉ានិច, កញ្ញា រស់ សុធាវី, លោក ជ័យ សុវ៉ាត, លោក សន វិជ្ជបុត្រ, លោក លី ណូរ៉ា, កញ្ញា ចាន់ គង់កា, កញ្ញា កែ ច័ន្ទកេសី, កញ្ញា ចាន់ ស្រីរ័ត្ន, លោក រតនៈ ឃីម, និងតារាសិល្បៈជាច្រើនរូបទៀត។

កញ្ញាសុខ ពិសី និងអ្នកនាង សឿ សុធារ៉ា ដែលបានបង្ហាញខ្លួនក្នុងវេទិកាសន្និសីទកាសែតកាលពីថ្ងៃទី១២ ខែកញ្ញា បានអះអាងថា នៅក្នុងកម្មវិធីនេះអ្នកទាំងពីរនឹងច្រៀងរាំនិងដើរម៉ូដនៅលើកម្រាលព្រំរបស់សាកលវិទ្យាល័យន័រតុននិងធ្វើការបំផុសឲ្យបានគគ្រឹកគគ្រេងមុនថ្ងៃចាប់ផ្ដើម ដើម្បីជួយឲ្យព្រឹត្តិការណ៍ដើរលើកំរាលព្រំដែលគ្រោងធ្វើឡើងទទួលបានចាប់អារម្មណ៍និងមានអ្នកចូលទស្សនាកកកុញ។ ក្នុងនោះអ្នកទាំងពីរក៏ទទូចឲ្យគ្រប់ស្រទាប់មហាជនជួយគ្នាចែករំលែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផាអោយបានកាន់តែច្រើននោះផង។

គ្រួសារតារាកម្ពុជា (ដោយ វង្ស សុម៉ាលីន)
គ្រួសារតារាកម្ពុជា (ដោយ វង្ស សុម៉ាលីន)

កញ្ញា ទេព បូព្រឹក្ស និងកញ្ញា ឈិត សុវណ្ណបញ្ញា ក៏បានទទូចដូចគ្នាផងដែរ សុំអោយមានការចែករំលែកជួយដល់មន្ទីរពេទ្យមួយនេះ ដោយសារតែមានកុមារដល់រាប់ពាន់នាក់ដែលត្រូវការជំនួយពីមន្ទីរពេទ្យគន្ធបុប្ផា។ តារាចម្រៀងទាំងពីបានអះអាងថានេះជាលើកទី១ដែលពួកខ្លួនបានចូលខ្លួនក្នុងព្រឹត្តិការណ៍រាំច្រៀងនិងដើរលើកំរាលព្រំបែបសប្បុរសធម៌ជាទ្រង់ទ្រាយធំ ដែលកញ្ញារំពឹងថាក្រៅពីជួយដល់សង្គម ក៏ទទួលបានភាពលេចធ្លោជាមួយអ្នកគាំទ្រផងដែរ។

លោក គន់ រៀមរតនៈ ជាតារាសម្ដែងដែលទើបមានឱកាសបង្ហាញមុខក្នុងព្រឹត្តិការណ៍នេះបានអះអាងថា បើត្រឹមតែអ្នកចូលរួមបរិច្ចាគក្នុងម្នាក់១ដុល្លារ ក៏លោកប្រាកដចិត្តថានឹងទទួលបានប្រាក់រាប់ពាន់ដុល្លារនោះដែរ។ លោកថានៅថ្ងៃទី១៧ ខែកញ្ញានោះ លោកនឹងស្ម័គ្រចិត្តកាន់ហឹបហើយដើររ៉ៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាតែម្ដង ដោយក្រៅពីការបរិច្ចាគកម្លាំង លោកក៏នឹងបរិច្ចាគថវិកាផ្ទាល់ខ្លួននៅក្នុងហឹបនោះផងដែរ។

យោងតាមប្រកាសឲ្យដឹង កម្មវិធីសប្បុរសធម៌ដែលមានលក្ខណៈជាជាព្រឹត្តិការណ៍ដើរលើកំរាលព្រំដ៏ធំប្រចាំឆ្នាំនោះ រៀបចំដោយនិស្សិតពេទ្យរបស់សាកលវិទ្យាល័យន័រតុន ក្រោមការសហការជាមួយនឹងស្ថាបនិក Group «គ្រួសារតារាកម្ពុជា» ទើបព្រឹត្តិការណ៍នេះ មានវត្តមានសុទ្ធតែតារាល្បីទាំងអស់ចូលរួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ