ចិន​ថា គួរ​រក្សា​សន្តិភាព​ក្នុង​តំបន់​ជាមួយ​វៀតណាម

ជំនួបនៅទីក្រុងប៉េកាំង (រូបភាពពី Reuters)

ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា នាយករដ្ឋមន្ត្រីចិន លោក លី ឃឹជាំង បានប្រាប់ទៅនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ួនផុក ថាចិននិងវៀតណាម គួរតែធ្វើការរួមគ្នាដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រចិនខាងត្បូងនិងព្យាយាមគ្រប់គ្រងជម្លោះនោះ។

ប្រទេសចិនបានអះអាងជាម្ចាស់លើដែនសមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ ដែលទីនោះគឺជាច្រកចេញចូលនៃនាវាដឹកជញ្ជូនទំនិញឆ្លងកាត់មានតម្លៃប្រហែល៥ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប៉ុន្តែ ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ក៏បានអះអាងជាម្ចាស់លើដែនទឹកមានជម្លោះនោះផងដែរ ដែលទីនោះគេជឿថាសម្បូរទៅដោយប្រេងនិងឧស្ម័ន។

បើតាម Reuters វៀតណាមកំពុងតែសម្ងំកសាងកម្លាំងយោធារបស់ខ្លួនដែលអ្នកវិភាគយល់ថា ដើម្បីធានាតំបន់សេដ្ឋកិច្ចផ្ដាច់មុខចម្ងាយ២០០ម៉ៃយ៍របស់ខ្លួន ខណៈដែលចិនកាន់តែគឃ្លើននៅលើតំបន់នេះ។

ក្នុងជំនួបនៅទីក្រុងប៉េកាំងកាលពីថ្ងៃម្សិលមិញ លោក លី ឃឹជាំង បានប្រាប់ទៅលោក ង្វៀន ស៊ួនផុក ថាសមុទ្រចិនខាងត្បូងមានបញ្ហាទាំងខាងអធិបតេយ្យភាពនិងសិទ្ធិសមុទ្រ ព្រមទាំង “អារម្មណ៍ជាតិ”។ នេះដោយយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែល Reuters ទទួលបាននៅថ្ងៃនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ