ស្ពានប្រវត្ដិសាស្ដ្រនៅស្រុកអន្លង់វែង ផ្អាកចរាចរបណ្ដោះអាសន្នដោយសារទឹកជំនន់

ស្ពានប្រវត្ដិសាស្ដ្រនៅស្រុកអន្លង់វែង ផ្អាកចរាចរបណ្ដោះអាសន្នដោយសារទឹកជំនន់ (រូបភាពពីហ្វេសប៊ុក Noan Sereiboth)

អាជ្ញាធរខេត្ដឧត្ដរមានជ័យបានផ្អាកចរាចរណ៍បណ្ដោះអាសន្ន មិនឲ្យឆ្លងកាត់តាមស្ពានបង្ហៀរទឹកប្រវត្ដិសាស្ដ្រ របស់អតីតដឹកនាំមេខ្មែរក្រហមនៅស្រុកអន្លង់វែង ដោយសារជំនន់ទឹកភ្លៀង។

អភិបាលស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ លោក ហោ ជិនវីរៈយុទ្ធ ប្រាប់VODនៅថ្ងៃនេះថា ការសម្រេចផ្អាកចរាចរមិនឲ្យឆ្លងកាត់ស្ពានបង្ហៀរទឹកតាម៉ុកនោះ ដោយសារកំពស់ទឹកជំនន់ឡើងកម្ពស់៤ម៉ែត្រ ស្ទើរលិចបង្កាន់ដៃស្ពាន ដែលលោកថាបារម្ភខ្លាមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ។ ជាមួយគ្នានោះដែរ លោកថាពលរដ្ឋជិត១ពាន់គ្រួសារ ត្រៀមជម្លៀសចេញពីលំនៅឋានទៅកាន់ទីទួលសុវត្ថិភាព ខណៈពលរដ្ឋជាងពីរពាន់គ្រួសារទៀត នៅជុំវិញបឹងទេសចរណ៍ប្រវត្ដិសាស្ដ្រខ្មែរក្រហមប្រឈមនឹងគ្រោះធម្មជាតិនេះ។ លោកបន្ដថា៖ “យើងបិទស្ពាននេះខ្លាចគ្រោះថ្នាក់ក្មេងទៅលេងទឹក ខ្លាចរអិលតាមបង្កាន់ដៃស្ពាន វាអាចលង់ទឹក ព្រោះទឹកហូរគំហ៊ុកចឹងប៉ុន្ដែបងប្អូនយើងគាត់ធ្វើនេសាទជាលក្ខណៈសប្បាយវិញ“។

លោក ហោ ជិនវីរៈយុទ្ធ មានប្រសាសន៍បន្ដថា ទឹកជំនន់នេះមានរយៈពេលបីថ្ងៃមកហើយ ហើយអាជ្ញាធរបានត្រៀមកម្លាំងសមត្ថកិច្ចជាងពីរពាន់នាក់ ដើម្បីជួយសង្គ្រោះពលរដ្ឋដែលប្រឈមនឹងគ្រោះថ្នាក់ធម្មជាតិ។ លោកបញ្ជាក់ថា ទឹកជំនន់នេះនឹងឡើងកំពស់បន្ថែមទៀត បើសិនលំហូរទឹកភ្លៀងបន្ដធា្លក់ពីជួរភ្នំដងរ៉ែកទៀតនោះ។ទោះជាយ៉ាងណា លោកបញ្ជាក់ថាទឹកជំនន់នេះមិនទាន់ដឹងពីផលប៉ះពាល់ដល់ដំណាំកសិកម្មនិងគ្រោះថ្នាក់ដល់ពលរដ្ឋនៅឡើយទេ ដោយលោកថាអាជ្ញាធរប្រកាសអាសន្នឲ្យពលរដ្ឋត្រៀមចាកចេញរកទីទួលសុវត្ថិភាព។ លោកបន្ដថា៖ “យើងប្រកាសអាសន្ន ទីមួយឲ្យគាត់ប្រុងប្រ័ត្ននៅតំបន់ទាប ដើម្បីទៅរកទីទួលសុវត្ថិភាព ហើយអាជ្ញាធរបានកំណត់ទីតាំងរួចហើយ ហើយយើងមានកម្លាំងជួយជម្លៀសគោមាន់ទាមួយ“៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ