ក្រសួង​ការ​ពារជាតិ​ថា​ការ​ចល័ត​ទ័ព​​ជា​ការ​ត្រៀម​បង្រ្កាប​បាតុ​កម្ម​បក្សប្រឆាំង

កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិកាលពីពេលកន្លង (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថាការចល័តទ័ពកាលពីយប់មិញជាការត្រៀមអនុវត្តបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការបង្ក្រាបបាតុកម្មរបស់បក្សសង្គ្រោះជាតិ។

កាលពីយប់មិញមានការចល័តទ័ពដឹកតាមរថយន្តតូចធំ កាត់តាមផ្លូវចាក់អង្រែ មុខទីស្នាក់ការបក្សសង្គ្រោះជាតិ។ ការចល័តទ័ពនេះគឺតែប៉ុន្មានម៉ោងបន្ទាប់ពីលោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោក ដោយបានបញ្ជាឲ្យសមត្ថកិច្ចត្រៀមខ្លួនបង្ក្រាបរាល់សកម្មភាពធ្វើបាតុកម្មរបស់បក្សប្រឆាំង។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានឲ្យវីអូឌីដឹងនៅថ្ងៃនេះថា ការចល័តទ័ពកាលពីយប់ថ្ងៃចន្ទម្សិលមិញគឺជាការអនុវត្តបទបញ្ជារបស់នាយករដ្ឋមន្ត្រី ដើម្បីត្រៀមបង្ក្រាបរាល់ការប្រមូលផ្តុំបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ លោកបានស្នើដល់ប្រជាជនឲ្យជៀសឆ្ងាយពីការចូលរួមនិងការប្រមូលផ្តុំបាតុកម្មរបស់គណបក្សនេះ។

លោកបានឲ្យដឹងថា៖ ជាការអនុវត្តន៍របស់បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបានប្រកាសកាលពីយប់មិញហើយដែលថា លោកបានហាមដាច់ខាតនិងប្រកាសដាច់ខាត អំពើបាតុកម្មណាប្រឆាំងនឹងសន្តិសុខ ស្ថេរភាពនៅក្នុងសង្គមទេ។ អញ្ចឹងហើយកងទ័ពទទួលបទបញ្ជារបស់សម្តេច ហើយអនុវត្តន៍ឲ្យមានប្រសិទ្ធភាពខ្ពស់”។

លោកបន្ថែមថា៖ អាហ្នឹងយើងបង្ក្រាបហើយ(ពេលមានបាតុកម្ម) បទបញ្ជាមានស្រាប់ហើយ យើងប្តេជ្ញាអនុវត្តន៍ដាច់ខាតហើយឲ្យមានប្រសិទ្ធភាពបំផុត មិនអនុញ្ញាតឲ្យនណារធ្វើការប្រមូលផ្តុំទេ”។

លោកមិនអាចបញ្ជាក់បានទេថាការបង្ក្រាបបាតុកម្មនោះនឹងត្រូវបង្ក្រាបដោយរបៀបណាទេ ដោយលោកថានេះបច្ចេកទេសកងទ័ព។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង សំដែងការសោកស្តាយនូវអ្វីដែលនាយករដ្ឋមន្រ្តីបានប្រកាសប្រើកម្លាំងប្រដាប់អាវុធបង្រ្កាបបាតុកម្ម ដោយលោករដ្ឋាភិបាលគួរតែប្រើកម្លាំងការពារអ្នកបាតុកម្មដោយអហិង្សា មិនត្រូវត្រៀមកម្លាំងបង្ក្រាបដូចនេះនោះទេ។ លោកបន្តថា៖ នៅពេលដែលក្រុមមួយអង្គការមួយធ្វើបាតុកម្មដោយអហិង្សា រាជរដ្ឋាភិបាលត្រូវមានកាតព្វកិច្ច ក្នុងការការពារសន្តិសុខ ជូនអ្នកធ្វើហ្នឹង! មិនមែនយកកម្លាំងមកបង្ក្រាបមកបាញ់ប្រហារនោះទេ។ ហើយអ្វីដែលគណបក្សសង្គ្រោះជាតិធ្វើ មានគោលបំណងនៃការធ្វើបាតុកម្មនៃទៀត ក៏យើងមិនមែនទៅធ្វើដើម្បីរំលំអ្នកណាទេ ហើយក៏មិនមែនដើម្បីដោះដូរអ្នកដឹកនាំរដ្ឋ គឺយើងធ្វើដើម្បីជម្រុញឲ្យមានដំណោះស្រាយរួម ដែលយើងប្រឈមជាមួយគ្នាហ្នឹងទេ។ អញ្ចឹងបើសិនជាកងកម្លាំងដើម្បីបង្ក្រាបហ្នឹងគឹជាការរំលោភរដ្ឋធម្មនុញ្ញហើយ”។

បើតាមលោក អេង ឆៃអ៊ាង រហូតមកទល់ពេលនេះប្រសិនជាមិនមានដំណោះស្រាយនយោបាយណាមួយសមស្រប គណបក្សសង្រ្គោះជាតិនៅតែរក្សាជំហរក្នុងការធ្វើបាតុកម្មដដែល។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថាការអនុវត្តន៍របស់ក្រសួងការពារជាតិនេះជាការអនុវត្តតាមតួនាទីរបស់ខ្លួនដែលត្រូវគោរពតាមបទបញ្ជារបស់នាយករដ្ឋមន្រ្តី តែលោកថានាយករដ្ឋមន្ត្រីគួរតែមានបញ្ជាទៅលើក្រសួងមហាផ្ទៃមុននឹងមានបញ្ជាទៅលើក្រសួងការពារជាតិលើករណីនេះ ព្រោះមិនមានអ្វីដែលជាការព្រួយបារម្ភដល់ផ្នែកប្រដាប់អាវុធទេ។ លោកយល់ថានេះជាការដើរដល់ផ្លូវទាល់ច្រករៀងៗខ្លួនរបស់បក្សទាំងពីរ។

លោកយល់ថា៖ គ្រាន់តែសំខាន់ ខុសត្រង់ថា តើហេតុអីកងទ័ពត្រូវបានយកមកប្រើនៅក្នុងលក្ខខណ្ឌបច្ចុប្បន្នដែលអត់ទាន់មានអីដែលគួរជារឿងព្រួយបារម្ភផ្នែកប្រដាប់អាវុធទេ។ ជាធម្មតាគឺកម្លាំងនោះគេត្រូវការប្រើកម្លាំងប៉ូលីស ព្រោះវាជាសន្តិសុខផ្ទៃក្នុងហើយវាជាវិធានការរបស់ក្រសួងមហាផ្ទៃ។ ហើយបញ្ជាដែលសមស្របហើយត្រូវតាមច្បាប់គឺ រដ្ឋាភិបាលត្រូវបញ្ជាមកក្រសួងមហាផ្ទែ ដើម្បីឲ្យបំពេញកិច្ចការហ្នឹងមុននឹជ្រើសយកកម្លាំងកងទ័ពយកមកប្រើ”។

លោក ហ៊ុន សែន បន្ទាប់ពីបានវិលត្រលប់មកពីកិច្ចប្រជុំពាណិជ្ជកម្មនៅប្រទេសចិនវិញកាលពីថ្ងៃចន្ទ នៅរសៀលថ្ងៃដដែលលោកបានសរសេរនៅលើទំព័រហ្វេសប៊ុកដោយបញ្ជាទៅកាន់កងកម្លាំងត្រៀមកំចាត់ចោលនូវអ្វីដែលលោកថាជាសកម្មភាពខុសច្បាប់ បើទោះបីប្រើវិធីណាក៏ដោយគឺត្រូវការពាររស្ថេរភាពនយាបាយនិងសន្តិសុខសណ្នាប់ធ្នាប់សង្គម។

លោកបញ្ជាក់ថា៖ “មេដឹកនាំបាតុកម្មកុំអាងលើសិទ្ធិបញ្ចេញមតិ ហើយភ្លេចគិតដល់សិទ្ធិរបស់អ្នកដទៃរាប់ទាំងសិទ្ធិរបស់រាជរដ្ឋាភិបាលផងដែរ។ ឧទ្ទាមកម្មក្នុងទីក្រុងដើម្បីបិទបាំងជនដែលតុលាការកាត់ទោស មិនត្រូវបានអនុញ្ញាតទេ។ សុំអស់លោកលោកស្រីកុំញ៉ាម និងកុំអាងលើបាតុកម្ម។ វាយពស់ត្រូវវាយក្បាលមុន បើមិនជឿសុំសាកមើល។ នេះមិនមែនជាគំរាមទេ តែវាធ្ងន់ជាងគំរាមទៅទៀត ព្រោះជាប្រភេទនៃបទបញ្ជាដល់កម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ត្រៀមខ្លួនកំចាត់ចោលរាល់កម្លាំងដែលធ្វើសកម្មភាពបំផ្លាញសន្តិសុខជាតិ ហើយខ្ញុំមានសិទ្ឋិ និងនិយាយរបៀបនេះព្រោះវាជាសិទ្ធិអំណាចនាយករដ្ឋមន្ត្រី”។

ការប្រតិកម្មរបស់លោក ហ៊ុន សែន នាពេលនេះគឺធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិបានប្រកាសគម្រោងធ្វើមហាបាតុកម្មបន្ទាប់ពីសាលាដំបូងរាជធានីបានសម្រេចទៅលើរឿងក្តីលោក កឹម សុខា កាលពីថ្ងៃទី០៩កញ្ញាក្នុងសំណុំរឿងបដិសេធមិនចូលខ្លួនទៅតុលាការ ដោយសម្រេចឲ្យលោកជាប់ទោស៥ខែនិងពិន័យជាប្រាក់៨សែនរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ