ពលរដ្ឋអាមេរិក​ជិត៧លាននាក់​កំពុងប៉ះពាល់ដោយសារព្យុះ

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 4:56 PM | អន្តរជាតិ | 0 | 1147

ព្យុះនិងភ្លៀងកំពុងតែបង្កបញ្ហាខ្លាំងនៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលបានបំផ្លាញទ្រព្យសម្បត្តិ សម្លាប់ជីវិត ហើយបណ្តាលឲ្យពលរដ្ឋប្រមាណ​ជិត​៧លាននាក់កំពុងតែប៉ះពាល់​។​

តាមការចុះផ្សាយរបស់សារព័ត៌មាន​ BBC បានឲ្យដឹងថា នៅរដ្ឋហ្វ័ររីដា ពលរដ្ឋជាច្រើនត្រូវបង្ខំចាកចេញពីផ្ទះ ហើយផ្ទះនៅក្នុងរដ្ឋនេះប្រមាណ​១ភាគ៤​អាចនឹងត្រូវបំផ្លាញដោយសារខ្យល់ព្យុះ Irma និងជំនន់ទឹកភ្លៀងកម្រិតខ្លាំង។​ ខ្យល់ព្យុះកំពុងបោកបក់ក្នុងល្បឿនខ្លាំង ១៩២គីឡូម៉ែត្រក្នុង១ម៉ោង។​

ក្រុមជួយសង្គ្រោះកំពុងបន្តការជួយជម្លៀសពលរដ្ឋចេញពីតំបន់មានគ្រោះធម្មជាតិនេះ ចំណែកក្រុមផ្គត់ផ្គង់អាហារនិងទឹកស្អាតក៏មមាញឹកក្នុងការជួយ។​

មនុស្សប្រមាណ​៦,៩លាននាក់កំពុងតែរស់នៅដោយមិនមានអគ្គសនីប្រើប្រាស់ នៅក្នុងរដ្ឋចំនួន​៥គឺ Florida, Georgia, North Carolina, South Carolina និង Alabama។​

ខ្យល់ព្យុះ Irma ចាប់ផ្តើម​បោកបក់តាំងពីថ្ងៃអាទិត្យមក ហើយបានបណ្តាលឲ្យមនុស្សចំនួន​១៨នាក់បានស្លាប់ ដែលក្នុងនោះ១២នាក់ស្លាប់នៅរដ្ឋ Florida។​

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ និងភរិយារបស់លោក នឹងធ្វើដំណើរទៅរដ្ឋ Florida ដើម្បីសួរសុខទុក្ខ និងត្រួតពិនិត្យស្ថានភាព​គ្រោះធម្មជាតិនេះ។​ នេះជាដំណើរទស្សនកិច្ចទី៣ហើយរបស់លោក ត្រាំ ដើម្បីសួរសុខទុក្ខ អ្នករងគ្រោះដោយសារខ្យល់ព្យុះ និងទឹកជំនន់៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required