ស្ថានទូត​អាមេរិក​ថា ជួយ​ក​សាង​វិបុលភាព​នៅ​កម្ពុជា ខណៈ​ទំនាក់​ទំនង​ប្រទេសទាំងពីរតាន​តឹង​ឡើង

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt

ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​កម្ពុជា​នាំ​ចេញ​ទំនិញ​ចូល​ទៅ​អាមេរិក​មាន​តម្លៃ​ដល់​ទៅ ៣៦​ពាន់​លាន​ដុល្លារ​ហើយ នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​ដែល​​ទំំនាក់​ទំនង​កម្ពុជា-អាមេរិក មាន​សភាព​តាន​តឹងខ្លាំង​ឡើង ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ចោទ​អាមេរិក​ថា ជា​មេ​ខ្លោង​នៅ​ពី​ក្រោយ​​បក្ស​ប្រឆាំង​នៅ​កម្ពុជា។

មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​រាត្រី​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​កញ្ញា និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ដោយ​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ» ជុំ​វិញ​ការ​ថ្លែង​របស់​លោក កឹម សុខា ថា អាមេរិក​បាន​គាំ​ទ្រ​លោក​ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម និង​ការ​ថ្កោល​ទោស​ពី​​ក្រសួង​ការបរទេស​អាមេរិក​ ដែល​បាន​ហៅ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ថា ត្រូវ​បាន​ធ្វើ​ឡើង​បង្កប់​ដោយ​ហេតុផល​នយោបាយ ខណៈ​ដែល​ស្ថានទូត​អាមេរិក​ចាត់​ទុក​មេ​បក្ស​ប្រឆាំង​រូប​នេះ ជាបុគ្គល​ស្អាត​ស្អំ និង​មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ។

ថ្លែង​ពី​ខេត្ត​កំពង់ចាមកាល​ពី​ថ្ងៃ​ទី​០៤ ខែ​កញ្ញា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ហៅ​សេចក្ដី​ថ្លែងការណ៍​របស់​​ក្រសួង​ការបរទេស​អាមេរិក​ថា ជា​ការ​ការពារ​ «អាយ៉ង» ​របស់​ខ្លួន។

លោក ហ៊ុន សែន បាន​ថ្លែង​វាយ​ប្រហារ​អាមេរិក​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១១ ខែ​កញ្ញា ដោយ​ចោទ​អាមេរិក​ថា ជា​មេ​ខ្លោង​នៅ​ពី​ក្រោយ​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​​ស្ថានទូ​អាមេរិក បាន​បង្ហោះ​រូប​ត្រីក្រហម​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

បើទោះបី​ជា​អគ្គ​រដ្ឋ​ទូត​អាមេរិក លោក William A. Heidt ពុំ​បាន​បក​ស្រាយ​ពី​ខ្លឹមសារ​នៃ​រូប​ត្រី​ក្រហម​នេះ​ក៏​ដោយ ប៉ុន្តែ រូបត្រី​ក្រហម ឬ «Red Herring» ត្រូវ​បាន​ពន្យល់​ថា ជា​ការ​បង្វែ​រ ឬ​បំភាន់​ចំណាប់​អារម្មណ៍​របស់​សារធារណជន។ នេះ​ដោយ​ផ្អែក​តាម​ខ្លឹមសារ​នៅ​ក្នុង​វចនានុក្រម​អង់គ្លេស Cambridge។

ដោយ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល​កម្ពុជា ស្ថានទូត​អាមេរិក​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​​ព្យាយាម​បង្ហាញ​នូវ​សកម្មភាព និង​ការ​ចូល​រួម​ចំណែក​របស់​រដ្ឋាភិបាល​អាមេរិក សម្រាប់​ប្រទេស​កម្ពុជា។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​នេះ ស្ថានទូត​អាមេរិក បាន​ចោទ​សួរ​ថា តើ​ខ្លួន​បាន​ធ្វើ​អ្វី​ខ្លះ​នៅ​កម្ពុជា? បន្ទាប់​ពី​ចោទសួរ​ហើយ ស្ថានទូត​អាមេរិក​បាន​ឆ្លើយ​ខ្លួន​ឯង​ថា អាមេរិក​ធ្វើ​ឲ្យ​មាន​វិបុល​ភាព និង​ភ្ជាប់​នូវ​ពាក្យ​ «#RedHerringKH» នៅ​ខាង​ចុង​បញ្ចប់​នៃ​សារ​របស់​ខ្លួន។

ស្ថានទូត​អាមេរិក​​បញ្ជាក់​ថា៖ «៣៦​ពាន់​លាន​ដុល្លារ! ១៤៤ ០០០ ០០០ ០០០ ០០០​រៀល! ទោះ​គិត​ជា​ដុល្លារ​ក្ដី ជា​រៀល​ក្ដី វា​គឺ​ជា​លុយ​ដ៏​ច្រើន! នេះ​គឺ​ជា​តម្លៃ​នៃ​ទំនិញ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក គិត​តាំង​ពី​ឆ្នាំ​១៩៩៧​មក ដោយ​នៅ​ក្នុង​នោះ ៩០​ភាគរយ ជា​សម្លៀក​បំពាក់ និង​ស្បែក​ជើង»។

បើ​តាម​ស្ថានទូត​អាមេរិក វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់ និង​ស្បែក​ជើង​កម្ពុជា បាន​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច ៧​សែន​នាក់។

រដ្ឋ​លេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក ឱក ប៊ុង ត្រូវ​បាន​សារព័ត៌មាន​អនឡាញ​​ក្នុង​ស្រុក​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​កញ្ញា​ថា អាមេរិក​គឺ​ជា​ទីផ្សារ​ធំ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​សហភាព​អឺរ៉ុប ដែល​បាន​នាំ​ចូល​ផលិត​ផល​កាត់​ដេរ​ពី​កម្ពុជា។

មន្ត្រី​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា កំពុង​ជំរុញ​ទៅ​អាមេរិក ឲ្យ​ពន្លឿន​ការ​ផ្ដល់​ពន្ធ​សេរី-កូតា​សេរី​ដល់​កម្ពុជា​យ៉ាង​តិច​អត្រា ៩៧​ភាគរយ ឬ​ការ​អនុគ្រោះ​ពន្ធ​គយ​សម្រាប់​ការ​នាំ​ចូល​ផលិត​ផល​កាត់ដេរ​ស្បែក​ជើង​​ពី​កម្ពុជា។

ថ្លែងក្នុង​ជំនួប​ជាមួយ​រោងចក្រ​កាត់ដេរ​កម្ពុជាកាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា លោក ឱក ប៊ុង បាន​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​បាន​ស្នើ​បែប​នេះ​ទៅ​អាមេរិក​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា​មក​ម៉្លេះ។

មន្ត្រី​ពាណិជ្ជកម្ម​រូប​នេះ ប្រសិន​បើ​សំណើ​កម្ពុជា​ត្រូវ​បាន​អាមេរិក​ទទួល​យក វា​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា ជាពិសេស​វិស័យ​រោងចក្រ​កាត់​ដេរ​ប្រទេស​នេះ។

ទំហំ​នៃ​ការ​នាំ​ចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​ បាន​កើន​ឡើង​ពី​ចំនួន ១៦០៦.៧​លាន​ដុល្លារ​នៅ​​ក្នុង​រយៈ​ពេល ៧​ខែ​ឆ្នាំ​មុន ទៅ​ដល់​ចំនួន​ ១៦៦៤.៩​លាន​ដុល្លារ​នៅ​ក្នុង​រយៈ​ពេល ៧​ខែ​ឆ្នាំ​២០១៧​នេះ ដោយ​បាន​កើន​ឡើង​ជាង ៣.៦​ភាគរយ ខណៈ​ដែល​តម្លៃ​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​អាមេរិក​ បាន​ធ្លាក់​ចុះ​​ជាង ១.៦​ភាគរយ​នៅ​ក្នុង​រយៈ​ពេល ៧​ខែ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ