សមត្ថកិច្ចរារំាងបក្សប្រឆាំងមិនឲ្យធ្វើពិធីសាសនា នៅស្តូបគប់គ្រាប់បែកឆ្នាំ១៩៩៧

សមត្ថកិច្ចចម្រុះរាប់សិបនាក់ ដាក់ពង្រាយ និងមានរបាំងបិទផ្លូវ (FB: Chantha Muth)

គណបក្សប្រឆំាង បានឲ្យដឹងថា សមត្ថកិច្ចបាន​រារំាងតំណាងរាស្ត្រនៅព្រឹកនេះ​​ មិនឲ្យ​ធ្វើ​ពិធីបង្សុ​កូលនៅ​ស្តូប​ជនរង​គ្រោះ​ដោយ​​សា​រ​​ហេតុ​ការណ៍​​​វាយ​​ប្រហារ​ដោយគ្រាប់បែកដៃកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ​១៩៩៧ នៅទីតាំង​រដ្ឋសភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង។

អនុប្រធាន​គណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ បានប្រាប់ VODនៅថ្ងៃទី១៣ខែកញ្ញានេះ ថាសមត្ថកិច្ច និងកង​សន្តិ​សុខ​ខ័ណ្ឌ រាប់សិបនាក់ បានដាក់​របាំងបិទផ្លូវ និងដាក់ពង្រាយកម្លាំង​ចម្រុះ​ នៅ​មុខ​វត្តបុទុមវត្តី និង​ជុំវិញស្តូបជន​រងគ្រោះ​ ក្បែរព្រះបរមរាជវំាង ដើម្បីរារំាង​ក្រុមតំណាង​រាស្ត្រគណបក្សប្រឆំាង មិន​ឲ្យ​​ទៅធ្វើពិធីបង្សុ​កូល​នៅ​​ស្តូប​ជន​រង​​គ្រោះ​​នោះទេ​។

លោកស្រី មូរ សុខហួរ ហៅការរារំាង​របស់អាជ្ញាធរថា ជាការគំរាមកំហែង និងបិទសិទ្ធិសេរីភាពផ្នែកសាសនា។

លោកស្រីនិយាយថា «ពិធីបង្សុកូលធ្វើជារៀងរាល់ឆ្នាំ តំាងពីឆ្នាំ១៩៩៧ មានន័យថា២០ឆ្នាំហើយ ហេតុអ្វីបានជាថ្ងៃនេះ[សមត្ថិកិច្ចចំម្រុះ]ព័ន្ធជុំវិញ ធ្វើឲ្យស្ថានការណ៍នយោបាយតឹងតែងទៅៗ មិនមែនជាដំណោះស្រាយដែលយើងចង់បានទេ យើងត្រូវជាពលរដ្ឋ ជាអ្នកតំណាងរាស្ត្រ ជាអ្នកកាន់ព្រះពុទ្ធសាសនា យើងត្រូវតែមានសិទ្ធិគ្រប់គ្រាន់ដែលយើងមិនចំាបាច់ទៅចចារ តថ្លៃដើម្បីឲ្យបានសិទ្ធិទេ»។

ក្រោយពីខកខានរៀបចំពិធីបង្សុកូលនៅកន្លែងដែលបានគ្រោងទុកនោះ​ មន្ត្រី និង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ បាន​នាំគ្នា​យកចង្ហាន់​ ទៅរាប់បាតប្រគេនព្រះសង្ឃនៅក្នុងវត្តបុទុមវតីនៅក្បែរនោះ។​

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី​ មានប្រសាសន៍ថា ដើមចមដែលអាជ្ញាធរមិនអនុញាតឲ្យ​ក្រុម​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះជាតិធ្វើពិធីបង្សុ​កូល​នៅ​​ស្តូប​ជន​រង​​គ្រោះ ដោយ​សា​រ​ហេតុ​ការណ៍​​​វាយ​​ប្រហារ​ដោយ​គ្រាប់បែ​ក​ដៃកាលពីឆ្នាំ​១៩៩៧ ដោយថាចំពេលរដូវកាន់បិណ្ឌ​។ ករណីនេះលោកថា សាលារាជធានី​បានជូន​ដំណឹង​ទៅ​គណ​បក្ស​ប្រឆំាង​កាលពីម្សិលមិញ​ ​ឲ្យទៅធ្វើនៅតាមវត្តវិញ។

លោក មាសភក្តី បន្តថា ការរារំាងក្រុមតំណាងរាស្ត្របក្សប្រឆំាងនោះ​មិនមែនជាការគំរាមកំហែងទេ ដោយថា​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ជូនប្រជាពលរដ្ឋ។

លោកមានប្រសាសន៍ថា «មិនចំឡែកទេ បើសិនជាយើងមិនអនុញាតជូនទេ វាត្រូវតែមានវិធានការទប់ស្កាត់ហើយ រឿងទីពីរឧទាហរណ៍បើសិនជាយើងមានការអនុញាតជូនវាច្បាស់ជាមានកម្លំាង ដើម្បីជួយសម្រួលចរាចរណ៍ ឬក៏សម្រួលការងារសន្តិសុខជូនដូចគ្នា មានន័យថាវត្តមាននៃកម្លាំងសមត្ថកិច្ចមិនមានអ្វីចម្លែកទេ»។

​មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក សឹង សែនករុណា យល់ថា ការរារំាងមិនឲ្យគណបក្សប្រឆំាង ឬប្រជាពលរដ្ឋ ទៅធ្វើពិធី​បង្សុ​កូល​នៅ​​ស្តូប​ជន​រង​​គ្រោះ ដោយ​​សា​រ​​ហេតុ​ការណ៍​​​វាយ​​ប្រហារ​ដោយគ្រាប់បែកដៃ ជាការបិទ​សិទ្ធិ​សេរីភាព​ខាង​សាសនា​។ លោកថា​ ករណីនេះ ​នឹង​ធ្វើឲ្យប៉ះពាល់​ដល់ប្រជាប្រិយភាពរបស់​គណបក្សកាន់អំណាច​។

លោកយល់ថា «ជាធម្មតាមិនថាតែគណបក្សកាន់អំណាច ឬក៏គណបក្សណាទេ បើសិនជាក្នុងតួនាទីបច្ចុប្បន្ននេះ យើងឃើញហើយគណបក្សកាន់អំណាចលោកដឹកនាំ ហើយបច្ចុប្បន្នយើងឃើញ ការប្រតិបត្តិនៅក្នុងថ្នាក់ក្រោមភាគច្រើន គឺយើងឃើញ គាត់ច្រើនតែសម្រេចទៅលើអ្វីដែលគាត់មើលឃើញដោយមានឥរិយាបទមិនសមរម្យ កាលប្រើឥរិយាបទបែបហ្នឹង គឺជះឥទ្ធពលទៅលើខាងគណបក្ស[កាន់អំណាច]របស់គាត់»។

ព្រឹត្តិការណ៍​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​៤​គ្រាប់ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ទៅលើ​ហ្វូង​បាតុករ​ដែល​ដឹកនាំ​ដោយ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅ​មុខ​រដ្ឋសភាចាស់​ ដើម្បី​ទាមទារ​កំណែទម្រង់​ប្រព័ន្ធតុលាការ បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៦​នាក់ និង​ប្រមាណ​ជាង​១៥០​នាក់​រងរបួស​។ រហូតមកដល់​ពេល​នេះ ជិត២០ឆ្នាំហើយ​ ជនដៃដល់ និង​​​អ្នក​នៅ​ពីក្រោយ​ខ្នង ​​មិនទាន់​ត្រូវបាន​វែកមុខ​ យកមក​ផ្តន្ទាទោស​​នៅ​ទ្បើយ​​​ទេ បើទោះជា​មាន​ភស្តុតាង​រឹងមាំ​មួយ​ចំនួន​បង្ហាញថា អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ​ក៏ដោយ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ