អតីតស្នងការក្រុងភ្នំពេញថាគ្មានជំនឿក្នុងការតតាំងក្ដីនៅតុលាការ

អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ

អតីតស្នងការនគរបាលក្រុងភ្នំពេញ លោក ហេង ពៅ បង្ហាញការអស់ជំនឿក្នុងការតតាំងក្ដីនៅតុលាការជុំវិញការចោទប្រកាន់ពីបទរក្សាទុកប្រាក់ក្លែងក្លាយ ដោយលោកជំរុញទៅតុលាការសម្រេចសេចក្ដីតែម្ដងទៅ ដោយពុំចាំបាច់ធ្វើតាមនីតិវិធីទេ។

កាលពីពេលកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសលោក ហេង ពៅ ដាក់ពន្ធនាគារ១៣​ឆ្នាំ ដោយចោទប្រកាន់ពីបទរក្សាទុកប្រាក់ក្លែងក្លាយ។ ដោយមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការថ្នាក់ក្រោម លោក ហេង ពៅ បានប្ដឹងជំទាស់មកតុលាការជាន់ខ្ពស់ជាបន្តបន្ទាប់។

នៅថ្ងៃពុធទី១៣ខែកញ្ញានេះ តុលាការកំពូល បានបើកសវនាការលើបណ្ដឹងសាទុក្ខរបស់អតីតស្នងការក្រុងភ្នំពេញលោក ហេង ពៅ ពាក់ព័ន្ធនឹងសំណុំរឿងរក្សាទុកប្រាក់ក្លែងក្លាយ។

ដៃម្ខាងកាន់ឈើច្រត់ ឈរនៅក្នុងរង្វង់ក្រចកសេះ ក្នុងបន្ទប់សវនាការ លោក ហេង ពៅ បានប្រាប់ទៅចៅក្រមជំនុំជម្រះថា សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសលោកដាក់ពន្ធនាគារចំនួន១៣ឆ្នាំ ហើយបច្ចុប្បន្ននេះ លោក បានជាប់ឃុំចំនួន១២ឆ្នាំហើយ ដោយលោកថា មិនចាំបាច់បើកសវនាការតទៀតទេ។ លោកចាត់ទុកការបើកសវនាការរបស់តុលាការក្នុងថ្ងៃនេះថា គ្រាន់តែធ្វើឡើងគំរប់កិច្ចតែប៉ុណ្ណោះ។ លោកស្នើទៅចៅក្រមជំនុំជម្រះកាត់ទោសលោកយកតែម្ដងទៅ ដោយពុំចាំបាច់បើកសវនាការសួរនាំអ្វីបន្តទៀតទេ ដោយថា ទោះបីជាលោកតវ៉ា ក៏គ្មានយុត្តិធម៌ដែរ។

មុនបញ្ចប់សវនាការនៅព្រឹកនេះ តំណាងមហាអយ្យកា បានស្នើឲ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលពិចារណាចំពោះរឿងនេះ។ បន្ទាប់ពីសវនាការប្រហែលជា​២ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល លោក សឹង​ បញ្ញា​វុឌ្ឍ បានប្រកាសលើកពេលប្រកាសសាលដីកាទៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧។

អតីតស្នងការរាជធានីភ្នំពេញ លោក ហេង ពៅ កំពុងអនុវត្តទោសជាប់ពន្ធនាគារជាង១០០ឆ្នាំ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើនករណី។ លោកធ្លាប់បានថ្លែងថា ខ្លួនគ្មានទោសពៃអ្វីទេ ដោយថា បទចោទប្រកាន់ទាំងនេះ ជាការប្រឌិតឡើងដោយលោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ ដែលបានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ