ថៃបង្ហាញព័ត៌មានលម្អិតករណីថា លោកស្រី យីងឡាក់​ គេចខ្លួនឆ្លងកាត់កម្ពុជា

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧​ ម៉ោង 10:35 AM | អភិបាលកិច្ចល្អ | 0 | 62924

សមត្ថកិច្ចថៃបន្តផ្សព្វផ្សាយព័ត៌មានលម្អិតបន្ថែម​ជុំវិញការអះអាងថា អតីតនាយករដ្ឋមន្ត្រីថៃដែលត្រូវបានបណ្តេញចេញពីតំណែង បានរត់គេចចេញពីប្រទេស ដើម្បីរួចពីការកាត់ទោស ហើយថាការរត់គេចនោះ ឆ្លងកាត់ប្រទេសកម្ពុជា។

​កាលពីថ្ងៃអង្គារម្សិលមិញ ​អគ្គស្នងការរងនគរបាលជាតិរបស់ថៃ លោក​ Srivara Ransibrahmanakul បង្ហាញ​ របាយការណ៍ស៊ើបអង្កេតរកឃើញថា លោកស្រី យីងឡាក់ រត់គេចចេញពីផ្ទះនៅក្នុងក្រុងបាងកកកាលពីថ្ងៃទី២៣ខែសីហា គឺមុនពីរថ្ងៃ នៃការសម្រេចសេចក្តីរបស់តុលាការកំពូល ជុំវិញរឿងក្តីចោទលោកស្រីថា ខ្ជះខ្ជាយក្នុងការគ្រប់គ្រងធ្វើឲ្យបាត់បង់លុយជាតិ​លើគម្រោងទិញស្រូវ។​ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។​

នគរបាលថៃអះអាងទៀតថា លោកស្រី យីងឡាក់ បានប្រើប្រាស់រថយន្តចំនួនពីរក្នុងការរត់គេចខ្លួន គឺទី១ចាកចេញពីផ្ទះ និងដូររថយន្តមួយទៀត ​ធ្វើដំណើរទៅខេត្តស្រះកែវនៅព្រំដែន ជាប់ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។​ ពេលនេះនគរបាលថៃបានថ្លែងថា ពួកគេកំពុងតែស្វែងរកអ្នកដែលជួយសម្របសម្រួលឲ្យលោកស្រី យីងឡាក់ រត់គេចខ្លួន។​

កាលពីខែសីហាកន្លងទៅមានការផ្សព្វផ្សាយថា លោកស្រី យីងឡាក់ ​បានគេចខ្លួន​ធ្វើដំណើរតាមរថយន្តតាមខេត្តត្រាតរបស់ថៃ ចូលដឹកដីកម្ពុជានៅខេត្តកោះកុង ហើយជិះយន្តហោះទៅសិង្ហបុរី រួចទើបបន្តដំណើរទៅកាន់ប្រទេស អារ៉ាប់រួម ជាកន្លែងដែលបងប្រុសរបស់លោកស្រីគឺ លោក ថាក់ស៊ីន ​កំពុងរស់នៅទីនោះ។​ ទោះយ៉ាងណា អាជ្ញាធរកម្ពុជា អះអាងថា មិនមានករណីលោកស្រី យីងឡាក់​ ឆ្លងកាត់ប្រទេសកម្ពុជានោះទេ។​

ជុំវិញករណីលោកស្រី យីងឡាក់ នេះ ត្រូវបាន​អ្នកវិភាគមួយចំនួន​លើកឡើង​ថា ជានយោបាយ​ដែលរដ្ឋាភិបាលយោធាថៃ ចង់ឲ្យលោកស្រី ចាកចេញពីប្រទេស ដើម្បីបន្ធូរភាពតានតឹងនយោបាយ ហើយបែរជាធ្វើសម្មភាព​បំភាន់​មហាជន​ តាមចាប់ខ្លួនទៅវិញ៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required