អាមេរិក​ហាមមន្ដ្រីក្រសួងការបរទេសកម្ពុជានិងក្រុមគ្រួសារ មិនឲ្យធ្វើដំណើរទៅប្រទេសខ្លួន

Screenshot of U.S. Embassy website in Phnom Penh

សហរដ្ឋអាមេរិក បានសម្រេចបញ្ឈប់ការចេញទិដ្ឋាការ ដោយហាមមិនឲ្យមន្ដ្រី ក្នុងក្រសួងការបរទេសខ្មែរ និងក្រុមគ្រួសាររបស់ពួកគេ ធ្វើដំណើរទៅប្រទេសលោកខាងលិចមួយនេះ ទៀតហើយ។

ចំណាត់ការផ្នែកទិដ្ឋាការនេះ ហាក់ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា បានចោទប្រកាន់សហរដ្ឋអាមេរិកថា នៅពីក្រោយបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាល។​ ហើយ ករណីនេះ ត្រូវបានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក William Heidt ចេញសេចក្ដីថ្លែងការណ៍ច្រានចោល កាលពីថ្ងៃអង្គារម្សិលមិញ។

បើតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១៣កញ្ញានេះ ទូតអាមេរិកប្រចាំកម្ពុជា អះអាងថា ចាប់​ពី​ថ្ងៃ​ទី​១៣​ខែកញ្ញាឆ្នាំ២០១៧ ស្ថានទូតនេះ នឹង​​លែង​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ B1/B2 ដល់​មន្ត្រី​ក្នុងក្រសួង​ការបរទេស​កម្ពុជា ​ដែល​មានឋានៈ​ចាប់​ពី​ថ្នាក់​អគ្គនាយក​ដ្ឋាន រហូត​ដល់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ក្រសួង​នេះ រួមទាំង​សមាជិក​​ក្នុងក្រុម​គ្រួសារ​របស់​ពួកគេទៀតផង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយលើគេហទំព័រស្ថានទូតអាមេរិកប្រចាំកម្ពុជានៅថ្ងៃពុធនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មានដដែល ការផ្អាកចេញទិដ្ឋាការនេះ ទូតអាមេរិកលើកហេតុផលថា «មានប្រទេសមួយចំនួន បានបដិសេធមិនទទួលយក ឬ ប្រើប្រាស់ហេតុផល ដែលមិនសមស្រប ដើម្បីពន្យារពេលទទួល​យក​ពលរដ្ឋ​ នៃ​ប្រទេស​របស់​ពួកគេ​វិញ​នោះ»

កាលពីខែសីហាឆ្នាំ២០១៧កន្លងទៅនេះ រដ្ឋាភិបាល​​អាមេរិក បានប្រកាសថា នឹង​ដាក់​ទណ្ឌកម្មផ្នែក​​ទិដ្ឋាការ ​លើ​កម្ពុជា និងប្រទេស៣ផ្សេងទៀត រួមមាន ​អេរីទ្រា ​ហ្គីណេ និង​សេរ៉ាឡេអូន បន្ទាប់ពីប្រទេសទាំងនេះ បានបដិសេធទទួល​យក​ជន​ជាតិ​ខ្លួនត្រឡប់​ទៅ​វិញ បន្ទាប់​ពី​ពួកគេ​បាន​ប្រព្រឹត្ត​ល្មើស​ ​លើ​ទឹក​ដី​អាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ