សង្គមស៊ីវិល៖ ការដែលអាមេរិកបដិសេធការចោទរបស់រដ្ឋាភិបាល អាចថាលោក កឹម សុខា គ្មានកំហុស

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt, នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន, និងមេដឹកនាំប​ក្សប្រ​ឆាំ​ង លោ​ក កឹម សុខា

សង្គ​​មស៊ីវិលនិងអ្នកច្បាប់ខ្លះបានលើកឡើងថា ការដែលសហរដ្ឋអាមេរិក ប្រកាសច្រានចោលការ​ចោ​​​​ទថាចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជានោះ អាចជាសារមួយបង្ហាញថា ការចាប់ខ្លួនមេដឹកនាំប​ក្សប្រ​ឆាំ​ង លោ​ក កឹម សុខា ជាការគំរាមផ្នែកនយោបាយ។

លោក កឹម សុខា ត្រូវសមត្ថកិច្ចឆ្មក់ចូលចា​ប់ខ្លួន ទាំងយ​ប់រំលង​អាធ្រា​ត ថ្ងៃទី៣ ខែកញ្ញា នៅគេហដ្ឋានរបស់លោក ដោយ​​មិ​នបង្ហាញដីកាបង្គាប់ពីតុលាការ។

បន្ទាប់មក សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ មេបក្ស​ប្រឆាំ​ង​​រូបនេះថា មាន​​ទោ​ស «ក្ប​ត់​ជាតិ» ដូច រដ្ឋាភិបាលចោទដែរ និងថា លោក កឹម សុខា បានឃុបឃិតជាសម្ងាត់ ជាមួយ​ស​​ហរដ្ឋ​អាមេរិក ចង់ផ្តួល​រំលំរដ្ឋាភិបាល និងបង្គាប់ឲ្យ​ឃុំ​ខ្លួ​ន​ប​​ណ្តោះអា​សន្ន នៅពន្ធនា​​គារត្រពាំងផ្លុ​ង ខេត្ត​​ត្បូ​ងឃ្មុំ ជិ​​ត​ព្រំដែ​នវៀតណាម ។

ប៉ុន្តែឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក William Heidt កាលពីថ្ងៃអង្គារម្សិលមិញ បានថ្លែងក្នុងសន្និ​សីទសារព័ត៌មានមួយ នៅឯស្ថានទូតថា៖ «រាល់ការចោទប្រកាន់ ដែល​លោកអ្នកឮ នៅក្នុ​​ងពេ​លប៉ុន្មា​​នសប្ដាហ៍ថ្មីៗនេះ ស្ដីពី​សហ​រដ្ឋ​អាមេ​រិក គឺសុទ្ធតែខុសទាំងអស់»។

សហរដ្ឋអាមេរិ​ក ក៏បានជំរុញឲ្យដោះលែង លោក កឹម សុខា ជាបន្ទាន់ ផងដែរ ដោយថា ដើម្បីឲ្យ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រខាងមុខ អាចទទួលយកបាន ទាំងសហគមន៍ជាតិ និងអន្តរជាតិ។

ចំពោះ លោកមេធាវី សុក សំអឿន ពន្យល់ថា ការប្រកាសច្រានចោលរបស់ប្រទេសមហាអំណាច ដែលរងកា​រចោទប្រ​កាន់ដែរនោះ លោកថា ជាអង្គហេតុមួយ សម្រាប់មេធាវី យកទៅតតាំងនៅក្នុងតុលាការ ដើម្បីដោះបន្ទុកកូនក្តី។

លោកថា៖ «ការចោទប្រកាន់ជាមួយបរទេស ទាល់តែមានបរទេសណាមួយ បើអត់មានភស្តុតាងថា បរទេសហ្នឹង អត់​មានលូក​ដៃគាំទ្រអីទេ វាធូស្រាលមួយបាត់ហើយ វាបាត់ធាតុផ្សំមួយបាត់ទៅ​ហើយ។ ឧបមាថា យើងចោ​ទថា មានបរទេស​នៅពីក្រោយ មិនអញ្ចឹង។ អញ្ចឹងទាល់ តែយើងមានភស្តុតាងបង្ហាញថា មានបរទេសនៅពីក្រោយមែន។ ដូច្នេះ នៅពេលដែលអត់​មា​ន​ភស្តុ​តាងថា មា​នបរទេសនៅពីក្រោយ វាអត់ភស្តុតាងបាត់ហើយ។ អាហ្នឹង មេធាវីការពារ គេអាចយកអាហ្នឹង ធ្វើភ​ស្តុ​តាង​បាន។ បើ​យើងនិយាយ ​ផ្លូវច្បាប់ វាទាល់ តែមានភស្តុតាង មានសកម្មភាពជាក់ស្តែង អីអញ្ចឹង ដល់ក្នុងករណីនឹងយើ​ងយ​កតែ​សម្តីទេ​។ សម្តីហ្នឹង យកតាំងពីឆ្នាំណាឯណោះ មកនិយាយ ហើយនិយាយពីហ្វឹកហ្វឺននឹ​ងតាំងពីឆ្នាំ១៩៩​៣ មក​។ ហើ​យកន្ល​ងមក មានសកម្មភាព អីទៅ១០ឆ្នាំមកហើយ មានសកម្មភាពអី មានតែ​ចុះឈ្មោះបោះឆ្នោ​តហ្នឹង។ បើ​យើង និយាយពីភស្តុតាងវា អញ្ចឹង។ ប៉ុន្តែ បើរឿងនយោបាយ ទាល់តែក្រោយការបោះឆ្នោតអីណោះ [បានលែង]»។

នាយកប្រតិបត្តិសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា និយាយថា ប្រតិកម្មរបស់អាមេរិកនេះ ហា​ក់បា​នបញ្ជាក់ថា ការចោទប្រកាន់របស់រដ្ឋាភិបាលកម្ពុជា គ្មានមូលដ្ឋានច្បាស់លាស់ ហើយថា សារន​យោបា​យការទូត របស់អាមេរិកនេះ ក៏ទំនងជាមិនជឿថា ចំណាត់ការចាប់ខ្លួនមេបក្សប្រឆាំង មិនមែន​ជាវិធាន​កា​រច្បាប់ដែរ។

លោកថា៖ «សម្រាប់ការយល់ឃើញរបស់ខ្ញុំ គឺជាសារមួយធ្ងន់សម្រាប់មករដ្ឋាភិបាលខ្មែរ។ ទី១ គេចង់ប្រា​ប់ថា ការចោ​ទប្រកាន់កន្លងមក វាអត់មានមូលដ្ឋាន ហើយវាហាក់ដូចមានចេតនាស្អីមួយ វាអាចធ្វើឲ្យទំនាក់ទំនង ការទូតរវាង​កម្ពុជានិ​ង​អាមេរិក។ ទី២ ផ្ទុយនឹងការចោទប្រកាន់ របស់រដ្ឋាភិបាលខ្មែរហ្នឹង អាមេរិក ក៏បានបញ្ជាក់អំពីស្អី​ខ្លះ ដែលអាមេរិក​ហ្នឹង បានជួយដល់រដ្ឋាភិបាលខ្មែរ ឬនិយាយម្យ៉ាងទៀតថា អ្វីដែលកម្ពុជា បានពី​អាមេរិកតាម រ​យៈទម្លា​ក់ទំនងការទូតហ្នឹង»។

លោក មឿន តុលា ដាក់ការព្រួយបារម្ភថា បើកម្តៅការទូ​តរវាង​ប្រ​ទេ​សមហាអំណាចលោកសេរី និងកម្ពុជា កាត់តែតានតឹង លោកថា កម្ពុជាខ្លួនឯងជាអ្នកខាតប្រយោជន៍។ ពិសេសលោកសំដៅដល់កម្មកររាប់ម៉ឺននាក់ នឹង​អត់ការងារធ្វើ បើអាមេរិកនិងសហភាពអឺរុប ដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជាមែននោះ។

លោក William Heidt បានថ្លែងដែរថា ជិត២៣ឆ្នាំមកនេះ ចាប់តាំងពីបង្កើតបង្កើតទំនាក់​ទំនង​ការទូ​ត​ឡើង​វិញ ជាមួ​យកម្ពុជាមក លោកថា រដ្ឋាភិបាលអាមេរិកមានគោលដៅសំខាន់ គឺដើ​ម្បីស្ដារ​ទំនាក់​ទំ​នង​កា​​​រ​ទូតប្រទេសទាំងពីរឡើងវិញ តាមរយៈការជួយអភិវឌ្ឍន៍សេដ្ឋកិច្ច វិស័យអប់រំ សុខភា​ព​សាធារណៈ ជម្រុ​ញប្រព័ន្ធយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យជាដើម។

លោកបន្ថែមថា ព្រឹត្តិការ​ណ៍ន​យោបា​យនៅ​កម្ពុ​ជា​​​ប៉ុ​ន្មានខែចុងក្រោយនេះ មិនប៉ះពាល់ដល់រដ្ឋាភិបាលអាមេរិកនោះទេ ប៉ុន្ដែថាបាន​បង្កតែ​​​ផលវិ​បា​ក​ដល់​​ប្រ​​ទេ​​​​សកម្ពុ​ជា និងប្រជាពលរដ្ឋខ្មែរទៅវិញទេ។

ទោះជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា កា​រលើកឡើងរ​បស់​ម​ន្ត្រីទូតអាមេ​រិកជារឿងមួយ ប៉ុន្តែលោកថា សំណុំរឿងលោក កឹម សុខា បានដល់ដៃតុលាការហើយ លោកថា ករណីនេះ ទុកឲ្យតុលាកា​រជាអ្នក​សម្រេច។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក សូ ចន្ថា វិភាគថាសាររបស់សហរដ្ឋអាមេរិកនៅពេលនេះ​ហា​ក់​ជា​ទម្ង​ន់មួយឲ្យមេដឹកនាំពិចារណាថា តើគួរជ្រើសការបង្កើនទំនាក់ទំនងល្អជាមួយអាមេរិក ដើម្បីភាពរី​ក​ច​ម្រើ​​​ន​នៃប្រទេសជាតិ ឬសុខចិត្តផ្តាច់ទំនាក់ទំនងជាមួយអាមេរិក តាមឆន្ទៈនយោបាយ ដើម្បីការពា​រប្រ​យោ​​​​ជ​ន៍បក្ខពួក។

លោកថា៖ «ខ្ញុំគិតថា សារនយោបាយរបស់សហរដ្ឋអាមេរិកនៅពេលនេះ ហាក់បានបង្ហាញជំ​ហរមួយ ដែលមា​នទម្ងន់ និងម៉ឺងម៉ាត់មួយ ធ្វើឲ្យកម្ពុជាយើងត្រូវតែពិចារ​ណាទៅលើអ្វីដែលជាការលើ​កឡើងរបស់​សហរដ្ឋអា​មេរិកពាក់ព័ន្ធ នឹងបញ្ហារបស់កម្ពុជានោះ។ ប្រសិ​នបើកម្ពុជាមិនពិនិត្យមើ​ល ហើយមិនពិចា​រណានូវអ្វីដែ​ល​ជា​កា​រ​​លើកឡើងរបស់សហរដ្ឋអាមេរិកភ្ជាប់ជាមួយសហភាពអឺរុបនោះ កម្ពុជានឹងខាតបង់ទៅវិញទេ»។

បើតាមលោក មឿន តុលា និងលោក សូ ចន្ថា សំណើរបស់ស​ហរដ្ឋអាមេ​រិក ដែលច​ង់ឃើ​ញកម្ពុ​ជា​បន្តដើ​រលើគន្លងប្រជាធិបតេយ្យនេះ អាចនឹងត្រូវអ្នកន​យោបាយខ្មែរយកមកពី​ចារណា ស្វែង​រកដំ​ណោះ​ស្រា​​យ ធានា​​ដល់ការបោះឆ្នោត ដ៏ត្រឹមត្រូវមួយនៅពេលខាងមុខ បើ​​​​​ពួក​គេគិ​តពីប្រយោជន៍ជាតិ មិនកា​រពារ​​ប្រយោជន៍បក្ខពួក និងគ្រួសារនិយមនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ