ក្សត្រថៃ Bhumibol Adulyadej ជាស្តេចដែលបានគ្រងរាជ្យសម្បត្តិយូរជាងគេនៅលើពិភពលោក បានចូលទិវង្គតនៅរសៀលថ្ងៃព្រហស្បតិ៍ បន្ទាប់ពីគ្រងរាជអស់រយៈពេល៧០ឆ្នាំ។
យោងតាមព័ត៌មាន BBC ដកស្រង់សម្ពីមន្ត្រីព្រះបរមរាជវាំងរបស់ថៃ ចុះផ្សាយថា ក្សត្រ Bhumibol Adulyadej បានចូលទិវង្គតនៅម៉ោង៣ និង៥២នាទីរសៀលថ្ងៃព្រហស្បតិ៍នេះ នៅក្នុងមន្ទីរពេទ្យ Siriraj នៃទីក្រុងបាងកក។
ព្រះអង្គចូលទិវង្គតនៅក្នុងជន្មាយុ៨៨ព្រះវស្សា គឺស្របពេលប្រទេសកំពុងមានបញ្ហានយោបាយ។ បច្ចុប្បន្នថៃកំពុងស្ថិតនៅក្រោមការដឹកនាំរបស់ពួកយោធា ដែលធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ។ ថៃកំពុងស្ថិតនៅក្រោមការរិះគន់ពីបណ្តាប្រទេសប្រកាន់របបសេរីថា មានការរំលោភសិទ្ធិមនុស្សពីពួកយោធា។
ស្តេច Bhumibol Adulyadej ឡើងគ្រងរាជ្យកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៤៦ នៅពេលដែលបងប្រុសរបស់ព្រះអង្គឈ្មោះ Ananda Mahidol ចូលទិវង្គត។