គ.ជ.ប ពន្យល់ជាថ្មី ករណីក្រុមចល័តជួយចុះឈ្មោះបោះឆ្នោតឲ្យពលរដ្ឋក្រៅការិយាល័យ

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

មន្ត្រី គ.ជ.ប បានពន្យល់ជា​ថ្មី​ទៀត ជុំវិញក្រុមចុះឈ្មោះចល័ត នៅតាមមូលដ្ឋាន ដោយថា ក្រុមនេះ អាច​ជួយ​​​ចុះ​​ឈ្មោះ​​​ឲ្យ​ប្រជាពលរដ្ឋ​ នៅក្រៅការិយាល័យបោះឆ្នោតបាន​​ ករណីពលរដ្ឋទំាងនោះ ​​​ជាប់រវល់​ការងារ​ មិន​បា​ន​ទៅ​​ចុះឈ្មោះ ​នៅតាម​ការិយាល័យបោះឆ្នោត​ក្នុងមូលដ្ឋាន​។

ការ​ពន្យល់នេះ ធ្វើឡើងបន្ទាប់ពី​មានព័ត៌មានមួយ ផ្សព្វផ្សាយតាមបណ្តាលសង្គមហ្វេសប៊ុកនៅក្នុងសប្តាហ៍នេះ ជុំវិញរូប​ភាព ក្រុមមន្ត្រី​ គ.ជ.ប បានដឹកកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសមួយចំនួនទៀត ដើម្បីចុះឈ្មោះឲ្យប្រជាពលរដ្ឋជិត១០នាក់ នៅក្បែរវាលស្រែមួយកន្លែង ដែលគេថា ស្ថិត​​នៅ​ឃុំស្ទឹង​ត្រង់ ខេត្តប៉ៃលិន ខណៈពួកគេជាប់រវល់​ការងារ មិនបានទៅចុះឈ្មោះបោះឆ្នោត​។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ VOD នៅថ្ងៃទី១៣ខែតុលានេះ ថា នៅក្នុង​ច្បាប់បោះឆ្នោត បើប្រជាពលរដ្ឋជាប់រវល់ការងារ ហើយមិនបានទៅចុះឈ្មោះបោះឆ្នោត លោកថា មាន​ក្រុមការងារចល័ត គ.ជ.ប ចុះទៅតាមមូលដ្ឋាន ឬតំបន់ដាច់ស្រយាលនៅទូទំាងប្រទេសកម្ពុជា​ ដើម្បី​ជួយ​ចុះ​ឈ្មោះ​ឲ្យប្រជា​ពល​​រដ្ឋ​​ទំាង​នោះ​នៅក្រៅការិយាល័យបោះឆ្នោតបាន។

លោក ហង្ស ពុទ្ធា បញ្ជាក់បន្ថែមទៀតថា អ្នកដែលអាច​ចុះឈ្មោះបោះឆ្នោតបាន ត្រូវ​មានអត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ឯកសារបញ្ជាក់សម្រាប់បំរើឲ្យការចុះឈ្មោះបោះឆ្នោត ទើប​ចុះឈ្មោះបាន​។ លោកប្រាប់ទៅ​ប្រជា​ពល​​រដ្ឋដែលគ្រប់អាយុ១៨ឆ្នាំ ត្រូវ​ទៅចុះឈ្មោះបោះឆ្នោតឲ្យបានមុខថ្ងៃទី៩ ខែវិច្ឆិកា ដោយថា ដើម្បី​ទទួល​​បានសិ​ទ្ធិទៅបោះឆ្នោតជ្រើសរើសមេដឹកនាំដែលពួកគេពេញចិត្តបាន។

លោកនិយាយថា៖ «សម្រាប់បងប្អូនដែលនៅក្រៅប្រទេសសូមរៀបចំ ពេលវេលាមកចុះឈ្មោះបោះឆ្នោត ធ្វើយ៉ាងណាកុំឲ្យហួសថ្ងៃទី៩ ខែវិច្ឆិកា គជប និងរៀបចំទទួលចុះឈ្មោះនៅគ្រប់ឃុំសង្កាត់នៃព្រះរាជាណាចក្រកម្ពុជាហើយបងប្អូន ដែលមានអាសយដ្ឋាន ហើយដែលស្ថិតនៅក្នុងប្រទេសកម្ពុជាហើយក៏ស្នើសុំធ្វើកិច្ចសហប្រតិបត្តិការ ជាក្រុមចុះឈ្មោះបោះឆ្នោតដើម្បីទទួលបានការចុះឈ្មោះបោះឆ្នោតដែលជាការផ្តល់សិទ្ធិ ដើម្បីជ្រើសតំាងតំណាងរាស្ត្រ»

អ្នកឃ្លាំមើលការបោះឆ្នោត និងអ្នកតាមដាន ឲ្យដឹងថា ស្ថានការណ៍នយោបាយនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ហាក់កំពុងជះឥទ្ធិពលដល់ដំណើរការចុះឆ្នោះ ធ្វើឲ្យពលរដ្ឋដែលគ្រប់អាយុ ទៅចុះ​ឈ្មោះ​បោះ​​ឆ្នោត​​ មាន​តិច​តួច ពោល គឺ​​មិនបាន​ច្រើន ​​ដូចការរំពឹកទុករបស់ គ.ជ.ប។

បើតាម​របាយការណ៍ គ.ជ.ប ឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នេះ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត ៣៦ម៉ឺននាក់ហើយ បានចុះឈ្មោះក្នុងបញ្ជីបោះ​ឆ្នោតថ្មី ខណៈចំនួនប្រជាពលរដ្ឋ ដែលរំពឹងថា នឹងមកចុះឈ្មោះសរុប មានចំនួន ១,៦លាន​នាក់។ ប៉ុន្តែ​របាយការណ៍ថ្មីជិតពាក់កណ្តាលខែតុលានេះ មិនទាន់បង្ហាញនៅឡើយ។

មន្ត្រីកម្មវិធីជាន់ខ្ពស់ ផ្នែកអង្កេតនៅអង្គការខុមហ្វ្រែល លោក កន សាវ៉ាង​ ផ្តល់ជាអនុសាសន៍ថា គ.ជ.ប ត្រូវ​រៀបចំផែនការឲ្យច្បាស់លាស់ ដោយសហការជាមួយគណបក្សនយោបាយ និងអាជ្ញាធរពាក់ព័ន្ធ រួមទំាង​​បង្កើន​ការផ្សព្វផ្សាយ និងអប់រំ ឲ្យ​បាន​ទូលំទូលាយ ដើម្បីឲ្យគៀងគរប្រជាពលរដ្ឋ មកចុះ​ឈ្មោះ​​បោះ​ឆ្នោតទំា​ងអស់គ្នា ទើប​ទទួលបានផលវិជ្ជមាន។

លោកមានប្រសាសន៍ថា៖ «មានផែនការច្បាស់លាស់ទៅមេភូមិអនុភូមិ ឬក៏ក្រុមប្រឹក្សាឬមួយក៏គណបក្សនយោបាយឲ្យគេដឹងទៅ ដើម្បីឲ្យគេបង្កើតសមាជិក ឬមួយក្រុមការងារ នៅកន្លែងនោះ ដើម្បីចូលរួម ហើយ ប្រសិនបើយើងគ្រាន់តែចល័តទេ គ្រាន់តែទៅដល់ទេ ហើយអត់មានផែនការត្រឹមត្រូវទេ ក៏ប្រជាពលរដ្ឋ មិនមានលក្ខណៈគ្រប់គ្រាន់ចូលរួមដែរ»

គួរបញ្ជាក់ថា ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មាន​រយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ