គណបក្សមួយស្នើរដ្ឋាភិបាលដោះលែងមេដឹកនាំនយោបាយ ដើម្បីចូលរួមការបោះឆ្នោត

ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា, ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា, និងប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ លោក ញឹក ប៊ុនឆៃ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជំរុញឲ្យរដ្ឋាភិបាល ឲ្យដោះលែងមេបក្សនយោបាយទាំងអស់ ដែលត្រូវចាប់ខ្លួន ដោយថា ដើម្បីឲ្យពួកគេអាចដឹកនាំគណបក្សនយោបាយ និងដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិនាឆ្នាំ២០១៨ខាងមុខ ដោយស្មើភាពនិងយុត្តិធម៌។

ការជំរុញនេះ ​ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចាប់ខ្លួន ប្រធានគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ លោក ញឹក ប៊ុនឆៃ និងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាដើម។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី១៣ខែតុលានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឲ្យដឹងថា ដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខប្រកបដោយសេរី និងយុត្តិធម៌ន គឺគណបក្សនយោបាយទាំងអស់ រួមទាំងគណបក្សសង្គ្រោះជាតិ ត្រូវតែមានសេរីភាព ក្នុងការចូលរួមការបោះឆ្នោតដូចៗគ្នា។

សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមានខ្លឹមសារថា «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបរិយាកាសនយោបាយកម្ពុជាបច្ចុប្បន្ន ដែលជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងនៅឆ្នាំ២០១៨ ដែលអាចធ្វើឲ្យការបោះឆ្នោតនេះ មិនមានភាពសេរី យុត្តិធម៌ និងភាពទទួលយកបាន ដោយទូលំទូលាយពីសហគមន៍ជាតិ និងអន្តរជាតិ»។

ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មានប្រសាសន៍ថា ការចាប់ខ្លួនប្រធានគណបក្សនយោបាយកន្លងមក ដោយសារប្រធានគណបក្សទាំងនោះធ្វើខុសច្បាប់។

លោកថា​៖ «គណបក្សប្រជាជន មិនចាប់អារម្មណ៍អីទេ គឺថា យើងអនុវត្តទៅតាមគោលការណ៍ប្រជាធិបតេយ្យនិងពង្រឹងនីតិរដ្ឋទេ។ ចឹងយើងអនុវត្តច្បាប់ទេ យើងមិនរំលោភសិទិ្ធអ្នកដទៃទេ ចំពោះអ្នកល្មើសច្បាប់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ហ្នឹងហើយ ចឹងហើយមិនអាចយកវប្បធម៌និទណ្ឌភាពមក និយាយពេលនេះ បានទេ»។

ចំពោះម​ន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល លោក យឿង សុធារ៉ា សម្ដែងការគាំទ្រដោយថា ​ការបោះឆ្នោតមួយដែលអាចឲ្យសហគមន៍ជាតិ និងអន្តរជាតិទទួលយកបាននោះ គឺត្រូវតែមាន គណបក្សនយោបាយចូលរួមប្រកួតប្រជែងការបោះឆ្នោតនោះដោយសេរី និងយុត្តិធម៌។

បន្ទាប់ពីរដ្ឋាភិបាលចាប់ខ្លួន ប្រធានគណបក្សនយោបាយ រួមទាំងប្រធានគណបក្សសង្គ្រោះជាតិមក ក៏មានប្រតិកម្មជាបន្ត ខណៈប្រទេសមហាអំណាចលោកសេរី ​ហៅ​​ការចាប់​ខ្លួនមេបក្សទាំងនោះថា ជា​​ការ​គំរាមកំហែង​ផ្នែកន​យោ​​បា​​​យ។ បន្ថែមពីនេះ សហគមន៍អន្តរជាតិ ក៏សម្ដែងការព្រួយបារម្ភ ចំពោះការចាប់ខ្លួនប្រធានគណបក្សនយោបាយ ដោយថា នឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ