រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​នៅ​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ សម្លាប់​មនុស្ស​ជាង ១៣០​នាក់

មនុស្ស​ដល់​ទៅ​ជាង ១៣០​នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ហើយ​រាប់​សិប​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិចទ័រ​ដែល​បាន​វាយ​ប្រហារ​ប្រទេស​ទាំង​ពីរ​នេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters ដែល​បាន​ផ្អែក​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​នោះ បាន​រាយការណ៍​បន្ត​ថា ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​តែ​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួកគេ ដើម្បី​ស្វែង​រក​មនុស្ស​ដែល​កំពុង​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក។

អភិបាល​រង​ខេត្ត​កឺម៉ាន់ហ្សាហ៍ ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់​នោះ ត្រូវ​បាន​ទូរទស្សន៍​រដ្ឋ​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១២៩​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ខេត្ត​របស់​លោក។

ក្រៅ​ពី​មនុស្ស​ស្លាប់ អាជ្ញាធរ​ខេត្ត​នេះ​បញ្ជាក់​ថា នៅ​មាន​មនុស្ស​ជាប់​នៅ​ក្រោម​គំនរ​បាក់​បែក​ទៀត ដែល​នាំ​ឲ្យ​មាន​ការ​ប៉ាន់​ប្រមាណ​ថា ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​ថែម​ទៀត។

ចំណែក​មន្ត្រី​សុខាភិបាល​ឃឺត បាន​និយាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៤​នាក់ បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ហើយ ៥០​នាក់​ទៀត​បាន​រង​របួស។

ទីភ្នាក់ងារ​ស្ទង់​ភូមិសាស្ត្រ​អាមេរិក បាន​និយាយ​ថា រញ្ជួយ​ដី​នោះ មាន​កម្លាំង ៧.៣​រ៉ិចទ័រ ខណៈ​ដែល​មន្ត្រី​ផ្នែក​ឧតុនិយម​អ៊ីរ៉ាក់ បញ្ជាក់​ថា រញ្ជួយ​ដី​នោះ​មាន​កម្លាំង ៦.៥​រ៉ិចទ័រ​ នៅ​ក្នុង​ខេត្ត​ស៊ូឡៃម៉ានីយ៉ាហ៍ ស្ថិត​នៅ​តំបន់​ឃឺឌីស្ថាន ជាប់​ប្រទេស​អ៊ីរ៉ង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ