បក្សប្រឆាំងគ្រោងប្តឹងឲ្យលុបឈ្មោះជនបរទេសជិត៥ពាន់នាក់ចេញពីបញ្ជីបោះឆ្នោត

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

មន្ត្រីគណបក្សប្រឆាំងអះអាងថា នឹងដាក់ពាក្យបណ្តឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ឲ្យលុបឈ្មោះជនបរទេសជិត៥ពាន់នាក់ចេញពីបញ្ជីបោះឆ្នោតវិញ ដោយថាអ្នកទាំងនោះមិនបានបំពេញលក្ខណៈ ចូលសញ្ជាតិតាមច្បាប់តម្រូវ។

ចាប់ពីថ្ងៃទី២រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ គ.ជ.ប នឹងបិទប្រកាសបញ្ជីបោះឆ្នោតថ្មី។ អំឡុងពេលនោះ គ.ជ.ប ក៏នឹងបើកឱកាសឲ្យគណបក្សនយោបាយដាក់ពាក្យប្តឹងតវ៉ា ពីភាពមិនប្រក្រតីនានា ដែលពួកគេរកឃើញ អំលុងពេលនៃដំណើរការចុះឈ្មោះបោះឆ្នោតផងដែរ មុនសម្រេចតម្កល់ឈ្មោះអ្នកបោះឆ្នោតជាផ្លូវការ។

មន្ត្រីទទួលបន្ទុកកិច្ចការបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី ឲ្យវីអូឌីដឹងនៅថ្ងៃទី១៣ខែធ្នូនេះថា នៅថ្ងៃនោះ គណបក្សនឹងដាក់ពាក្យប្តឹឲ្យលុបឈ្មោះជនបរទេសចំនួន៤៨៤០នាក់ ចេញពីបញ្ជីបោះឆ្នោតវិញ។ លោកស្រីថា ការឲ្យលុបឈ្មោះចេញវិញនេះ គណបក្សបានរកឃើញថា អ្នកទាំងនោះមិនបានបំពេញលក្ខណៈតាមច្បាប់សញ្ញាតិរបស់កម្ពុជា។

លោកស្រីថា៖ «ជំហានដំបូង គឺទាក់ទងទៅនឹងនីតិវិធីបោះឆ្នោត គឺប្តឹងសុំលុបឈ្មោះជនដែលអត់មានលក្ខណៈសញ្ជាតិដែលមានឈ្មោះក្នុងបញ្ជី[បោះឆ្នោត]ហ្នឹង ឲ្យលុបចេញពីបញ្ជីបោះឆ្នោត។ ហើយជំហានបន្ទាប់ គឺយើងពិនិត្យមើលថា តើជនណាដែលយើងត្រូវប្តឹងទៅក្រសួងមហាផ្ទៃនិងទៅតុលាការ ទាក់ទិននឹងគាត់ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ ក្នុងការមកចុះឈ្មោះបោះឆ្នោតហ្នឹង រួមទាំងការប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលអត់ស្របច្បាប់ដែរ»។

ច្បាប់ស្តីពីសញ្ជាតិរបស់កម្ពុជា មាត្រា១៩ចែងថា «មានតែពលរដ្ឋខ្មែរទេ ទើបមានសិទ្ធិទទួលនិងកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែននៃព្រះរាជាណាចក្រកម្ពុជា»។

មាត្រា២០ ចែងដែរថា «ជនបរទេសដែលកាន់កាប់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ព្រះរាជាណាចក្រកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ទោ១០ឆ្នាំ»។

មានត្រា២២ចែងទៀតថា «មន្ត្រីភ្នាក់ងាររាជការ ឬអ្នកសមគំនិត ជួយលាក់បាំង ឬផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនដោយខុសច្បាប់ នឹងត្រូវផ្តន្ទាទោសតាមមាត្រា២០ដែរ»[ពី៥ ទៅ១០ឆ្នាំដូចគ្នា]។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាងថា ដំណាក់កាលនេះ គ.ជ.ប មិនទាន់អាចបង្ហាញបានថា តើមានឈ្មោះជនបរទេសប៉ុន្មាននាក់ ដែលបានចុះឈ្មោះរួច ហើយត្រូវលុបចេញពីបញ្ជីវិញ ដោយសារតែពួកគេមិនបានបំពេញលក្ខណៈសញ្ជាតិនោះទេ ដោយថាត្រូវរងចំាថ្ងៃបិទប្រកាសបញ្ជីដំបូងនៅដើមខែក្រោយជាមុនសិន។

ប៉ុន្តែលោក ហង្ស ពុទ្ធា ឲ្យដឹងថា ក្រោយបិទបញ្ចប់ការចុះឈ្មោះ គ.ជ.ប ទទួលបានពាក្យបណ្តឹងចំនួន៩៧ លោកថាក្នុងនោះមាន៤បណ្តឹង ប្តឹងពីជនបរទេសដែលបានចុះឈ្មោះរួចហើយ។

លោកថា៖ «ឈ្មោះយើងរកឃើញជាបន្តបន្ទាប់ និយាយរួមជាង៩០ភាគរយ យើងបានផ្ទៀងផ្ទាត់រួចហើយ។ហើយយើងត្រូវការទី១ផ្ទៀងផ្ទាត់នៅឃុំ-សង្កាត់ ទី២ត្រូវផ្ទៀងផ្ទាត់នៅទូទាំងប្រទេស។ អញ្ចឹងបើគិតជាភាគរយក៏ពិបាកនិយាយដែររឿងហ្នឹង»។

កាលពីខែសីហា ឆ្នាំ២០១៦ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ ផល បានបញ្ជាក់ថាជនបរទេសអន្តោប្រវេសន៍វៀតណាមរស់នៅកម្ពុជា ដែលកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី និងស្នាក់នៅយូរគ្មានឯកសារ មានជាង៩ម៉ឺននាក់ ក្នុងនោះជាង៧៦ម៉ឺននាក់ (៧៦ ៣៩៨នាក់) បានកាន់កាប់ឯកសាររដ្ឋបាលមិនប្រក្រតី មានដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ សំបុត្រកំណើតខ្មែរ ប័ណ្ណបោះឆ្នោតខែ្មរ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខែ្មរ លិខិតឆ្លងដែនខ្មែរ បណ្ណមន្ត្រីរាជការ និងឯកសារដទៃទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ