វ៉ានីឡា ​​​​ស្នើអោយ​តុលាការ​ចាប់ខ្លួនអតី​តសង្សារ

វ៉ានីឡា និងអតីតសង្សារ លោក កុយ សិទ្ធស័ក្ត (ហ្វេសប៊ុក)

ខណៈដែលរសៀលថ្ងៃ១២ធ្នូ លោក កុយ សិទ្ធស័ក្ត អតីតគូស្នេហ៍និងជាជនត្រូវចោទពីបទហិង្សានិងបង្ហោះអាក្រាតបន្តគេចវេសមិនចូលខ្លួនទៅបំភ្លឺនៅតុលាការតាមការកោះហៅ តារាចម្រៀង កញ្ញា វ៉ានីឡា បានប្រកាសភ្លាមៗស្នើអោយតុលាការជួយពន្លឿននីតិវិធីក្នុងចាប់ខ្លួនអតីតសង្សាររបស់ខ្លួន ដើម្បីអោយឆាប់មានលទ្ធផល។

ក្នុងនោះនាងក៏ហាក់មិនជឿជាក់ថា បណ្ដឹងរបស់ខ្លួននឹងទទទួលបានយុត្តិធម៌តាមការចង់បាននោះដែរ បន្ទាប់ពីដាក់បណ្ដឹង៥ខែតែមិនអាចធ្វើអ្វីលើជនដែលចោទប្រកាន់នោះបាន។

តារាចម្រៀងរូបនេះបានអះអាងថា ប្រមាណជា៥ខែមកហើយដែលនាងមិនទទួលបានលទ្ធផលក្នុងការដោះស្រាយទាល់តែសោះ បើទោះជាបណ្ដឹងបានធ្លាក់ដល់ដៃតុលាការ។ នាងបានចំណាយពេលច្រើនចេញចូលបំភ្លឺតាមការកោះហៅនិងរៀបចំសំណុំរឿងជាច្រើន ប៉ុន្តែផ្ទុយទៅវិញបុរសដែលនាងប្ដឹងចោទពីបទប្រើអំពើហិង្សារនិងបង្ហោះរូបអាក្រាតរបស់នាងនៅតែមិនខ្វល់។

មកទល់ពេលនេះ នាងថាមន្ត្រីសមត្ថកិច្ចកោះហៅលោក កុយ សិទ្ធិស័ក្ត ជាអតីតសង្សារនិងជាជនបង្កហេតុ៥លើកមកហើយ ដោយ២លើកនៅក្រសួងមហាផ្ទៃនិង៣លើកនៅតុលាការ តែបុរសរូបនោះនៅតែមិនខ្វល់ដោយសូម្បីតែការចាត់ចែងមេធាវីអោយចេញមុខដោះស្រាយជំនួសក៏មិនមាន។

នាងថាលោក កុយ សិទ្ធិស័ក្ត ជាកូនមន្ត្រីក្រសួងមហាផ្ទៃពាក់ផ្កាយ៣ ទើបលោកមិនខ្វល់នឹងបណ្ដឹង ខណៈដែលនាងចោទថា សមត្ថកិច្ចក៏ហាក់រយាលដៃក្នុងការចាត់ការ ទើបមកដល់ពេលនេះបានត្រឹមតែវិធានការកោះហៅ ហើយមិនមានការចាប់ខ្លួនណាមួយ។

វ៉ានីឡា បានបង្ហាញពីការខកចិត្តចំពោះពេលវេលាដែលបានអូសបន្លាយនិងបានបង្ហោះនូវសារជាច្រើនថា នាងមិនជឿថាខ្លួនទទួលបានយុត្តិធម៌ដោយសារតែលទ្ធផលបណ្ដឹងមិនមានផ្លែផ្កា ស្របគ្នាដែលលោក កុយ សិទ្ធិស័ក្ត ក៏មានសេរីភាពហើយមិនអើពើនឹងការកោះហៅកន្លងមក។

នាងទទូចអោយតុលាការជួយពន្លឿននីតិវិធីចាប់ខ្លួនអតីតសង្សារអោយចូលមកដោះស្រាយ ដើម្បីអោយមានដំណោះស្រាយ ដោយនាងមិនចង់បន្តត្រាំត្រែងហើយខាតពេលវេលាព្រោះតែបណ្ដឹងបន្តអូសបន្លាយទៀតទេ។

នាងថាហេតុផលដែលបានកើតឡើងគឺមិនខុសពីចងជើងគ្នានោះទេ ដោយសារចង់ចេញទៅណាក៏មិនរួចហើយអារម្មណ៍តក់ស្លុតក៏នៅតែមានឡើង នៅពេលអតីតសង្សារដែលធ្លាប់ធ្វើទុក្ខបុកម្នេញចំពោះនាងក៏គ្មានអើពើនឹងច្បាប់បែបនេះ។

នាងថាវាគួរតែដល់ពេលហើយដែលបណ្ដឹងរបស់នាងត្រូវមានដំណោះស្រាយ ហើយតាមរយៈនីតិវិធីតុលាការដើម្បីនាំខ្លួនលោក កុយ សិទ្ធិស័ក្ត មកធ្វើការឆ្លើយបំភ្លឺក្រោយការគេចវេះមិនចូលដោះស្រាយលើដីកាកោះហៅរបស់ព្រះរាជអាជ្ញារង៣លើកមកនេះ។

នាងនិយាយថា៖ «ខ្ញុំដឹងថាវាជានីតិវិធី តែខ្ញុំអត់យល់ថាហេតុអ្វីបានជាបណ្ដឹងហ្នឹងវាយូរប៉ុណ្ណឹងហើយ នៅតែអត់លទ្ធផលចឹងទេ! ខ្ញុំសុំអោយតុលាការចេញដីកាចាប់ខ្លួនគាត់(លោក កុយ សិទ្ធិស័ក្ត)មកដោះស្រាយរឿងនេះ ព្រោះបើនៅតែកោះហៅចឹង ខ្ញុំថាដំណោះស្រាយអត់មានទេ ដោយសារតែគាត់មិនខ្វល់ពីការកោះហៅ!»។

នាងថាលោក កុយ សិទ្ធិស័ក្ដ បានប្រកាសប្រាប់នាងថា បើរកអ្នកធំជាងលោកមិនបានទេ កុំសង្ឃឺមថាលោកនឹងចូលខ្លួនដោះស្រាយ។ ត្រង់សម្ដីនេះហើយដែលនាងយល់ថាយុត្តិធម៌របស់ខ្លួននឹងមិនមានពិតប្រាកដ បើទោះជាមានការជ្រោមជ្រែងពីតារាសិល្បៈក្នុងពេលកើតហេតុភ្លាមៗនិងមានញត្តិថ្កោលទោសពីសំណាក់តារាសិល្បៈរហូតដល់រាប់រយនាក់ ជំរុញអោយក្រសួងពាក់ព័ន្ធជួយជំរុញនីតិវិធីដែលញត្តិនោះត្រូវបានធ្លាក់ដល់ដៃក្រសួងមហាផ្ទៃ ហើយត្រូវបានក្រសួងមហាផ្ទៃអះអាងពីការជំរុញប្រព័ន្ធផ្លូវច្បាប់ក៏ដោយ។

នាងនិយាយថា៖ «ខ្ញុំមើលទៅគាត់ដូចអត់ខ្លាចច្បាប់ម្មង ទើបអត់ខ្វល់អីទាំងអស់ ចឹងហើយទើបខ្ញុំយល់ថាតុលាការមិនគួរបន្តពន្យារពេលទៀតទេ គឺគួរតែចេញដីកាចាប់គាត់ ខ្ញុំនឹងស្នើដល់មេធាវីខ្ញុំអោយធ្វើលើកិច្ចការហ្នឹង!»។

នាងថានឿយណាយ នៅពេល លោក កុយ សិទ្ធិស័ក្ត មិនចូលដោះស្រាយ ហើយថែមទាំងឆាតឌឺនាងនៅក្នុងហ្វេសប៊ុក ដែលធ្វើអោយនាងឈឺចាប់ថែមទៀត។ នាងថាជួនកាលលោកបានផ្ញើជារូបតុក្កតាបែបចំអកនិងពេលខ្លះក៏បានដាក់សញ្ញាមេដៃ បើទោះជានាងមិនព្រមឆ្លងឆ្លើយជាមួយក៏ដោយ។

នាងនិយាយថា៖ «ខ្ញុំដឹងថាបញ្ហាចាប់ខ្លួនគឺជានីតិវិធីតុលាការ តែខ្ញុំយល់ថានីតិវិធីហ្នឹងវាគួរតែមានហើយ បើកោះហៅច្រើនដងហើយមិនចូលចឹង!»។

លោក សុខ ជំនោរ បានអះអាងថាយោងតាមការជជីកសួរ គឺតុលាការប្រាប់ថាក្រោយពីលោក កុយ សិទ្ធិស័ក្ត មិនចូលបំភ្លឺលើកចុងក្រោយកាលពីថ្ងៃទី១២ធ្នូ លោកអះអាងថាតុលាការនឹងរៀបចំចាត់ការផ្លូវច្បាប់ដើម្បីអោយមានការចាប់ខ្លួននិងឃុំខ្លួនស្របតាមផ្លូវច្បាប់រួចហើយ ដោយគ្រាន់តែនីតិវិធីនោះមិនច្បាស់ថាធ្វើឡើងនៅពេលណា។

លោកថាខ្លួននឹងអោយមេធាវីដាក់សំណើសុំអោយតុលាការជួយពន្លឿនលើនីតិវិធីនេះ ដោយលោករំពឹងថាក្រោយដាក់សំណើនៅថ្ងៃទី១៣ឬទី១៤ធ្នូនេះទៅកាន់តុលាការ គឺតុលាការនឹងអនុវត្តិនីតិវិធីចាប់ខ្លួនលោក កុយ សិទ្ធិស័ក្ដ ភ្លាមៗក្នុងពេលដ៏ខ្លី។

លោកនៅតែរំពឹងខុសពី វ៉ានីឡា ថាយុត្តិធម៌នឹងកើតមានឡើង បន្ទាប់ពីលោកបានជួបព្រះរាជអាជ្ញារងដោយផ្ទាល់ដោយលោកបញ្ជាក់ថា បើទោះជាខាងជនរងគ្រោះមិនដាក់សំណើក៏តុលាការនឹងបន្តនីតិវិធីចាប់ខ្លួន ក្រោយពីលោក កុយ សិទ្ធិស័ក្ត មិនចូលបំភ្លឺលើកចុងក្រោយកាលពីថ្ងៃទី១២ធ្នូ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ