បទយកការណ៍៖ ការ​ប្រឹក្សា​យោបល់​អាជីពផ្តល់ក្តី​សង្ឃឹម​ដល់​សិស្ស​ដែល​មិនមានលទ្ធភាព​បន្ត​ការ​សិក្សា

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃអង្គារ ទី១៣ ខែធ្នូ ឆ្នាំ២០១៦​ ម៉ោង 4:32 PM | បទយកការណ៍ | 0 | 2005 យុវជន សល ពិសិទ្ធ

យុវជនម្នាក់នៅខេត្តបាត់ដំបងបានសម្រេចចិត្តបញ្ចប់ ការសិក្សាថ្នាក់ទី៩នៅសាលាចំណេះទូទៅ ហើយចាប់ យកការសិក្សាជំនាញបច្ចេកទេសផ្នែកអគ្គិសនីជំនួសវិញ។

យុវជន សល ពិសិទ្ធ អាយុ១៨ឆ្នាំ មានដើមកំណើត នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ ឪពុកម្តាយរបស់ពិសិដ្ឋ មានមុខរបរជាកម្មករសំណង់។ ពិសិទ្ធជាកូនច្បងក្នុងគ្រួសារដោយមានប្អូនស្រី៣នាក់ផ្សេងទៀត។

អង្គុយលើគ្រែឈើដែលរនាបបាក់ប្រហោងដោយអន្លើរ ក្រោមផ្ទះប្រក់ ស័ង្កសី និងឆ្លៀតពេលមកញាំអាហារថ្ងៃត្រង់ ពេលចេញពីធ្វើការ ពិសិដ្ឋ បានបង្ហើបថា កាលគាត់រៀននៅអនុវិទ្យាល័យនរា ខេត្តបាត់ដំបង គាត់មិនមែនជាសិស្សពូកែទេនិងពិបាកចាប់បាននូវមុខវិជ្ជាមួយចំនួន។

ពិសិទ្ធ និយាយថា៖ «កាលនៅរៀនថ្នាក់ទី៧ ខ្ញុំជាសិស្សម្នាក់ដែលមិនសូវពូកែទេ ហើយពេលរៀន ខ្ញុំទទួលបានចំណាត់ថ្នាក់សឹងតែទូទៅហើយ ពាក់កណ្ដាលថ្នាក់។ ហើយខ្ញុំខ្សោយជាងគេគឺគណិត រូប និងគីមី។ ការសិក្សា ខ្ញុំខំប្រឹងដែរ ប៉ុន្ដែចំណេះដឹងដែលទទួលបាន ប្រៀបធៀបសិស្សផ្សេងខ្ញុំហាក់ដូចជាខ្សោយ»។

ពិសិទ្ធ បន្ដថាគាត់បានខិតខំរៀនសូត្របន្ថែមលើមុខវិជ្ជាទាំងនេះដើម្បីត្រៀមប្រឡងឌីប្លូម ប៉ុន្ដែ ពិសិទ្ធ ថាទោះបីជាគាត់ខំមើលមេរៀនទុកមុនយ៉ាងណា ក៏នៅតែមិនអាចធ្វើបានដដែល។ ចុងក្រោយ ពិសិទ្ធ បានប្រឡងធ្លាក់ថ្នាក់ទី៩ និងពុំមានជម្រើសអ្វីក្រៅពីអារម្មណ៍សោកស្ដាយ និងការបាត់បង់ជំនឿចិត្តលើខ្លួនឯងឡើយ។

ពិសិទ្ធ ថា៖ «ខ្ញុំខំប្រឹងរៀនមុខវិជ្ជា៣ហ្នឹងដែរ ប៉ុន្ដែខ្ញុំហាក់ដូចជាមិនយល់សោះ មិនដឺងជាយ៉ាងម៉េច [……]អង្កាល់ប្រឡងថ្នាក់ទី៩នោះ គឺខ្ញុំខំប្រឹងដែរ មិនមែនខ្ញុំមើលយប់ហ្នឹង ហើយស្អែកប្រឡងនោះទេ គឺខ្ញុំមើលមេរៀនពីយូរមកដែរ ប៉ុន្ដែវិញ្ញាសារភាគច្រើន ខ្ញុំអត់ចេះ។ ហើយលទ្ធផលប្រឡងចេញមក គឺខ្ញុំបរាជ័យក្នុងការប្រឡង ហើយពេលនោះ ខ្ញុំមានអារម្មណ៍ថាសោកស្ដាយ ខ្ញុំចង់រៀនបន្ដទៀត តែនិយាយខ្ញុំធ្លាក់ថ្នាក់ទី៩ គឺ មិនអាចឡើងដល់ថ្នាក់ទី១០ អីទៀតទេ»។

ពិសិទ្ធ រៀបរាប់ថា បន្ទាប់ពីគាត់បានដឹងលទ្ធផលប្រឡងឌីប្លូមហើយ គាត់បានស្វែងរកការពិភាក្សាជាមួយគ្រូប្រឹក្សាយោបល់ម្នាក់ ដោយថាអ្នកគ្រូបានជួយណែនាំ និងតម្រង់ទិសឲ្យទៅសិក្សាផ្នែកជំនាញតាមចំណង់ចំណូលចិត្តដែលគាត់ស្រឡាញ់។

ពិសិទ្ធ ថា៖ «ពេលដែលខ្ញុំសិក្សាថ្នាក់ទី៩នោះ គឺមានគ្រូប្រឹក្សាអាជីពដែលគាត់បានផ្ដល់យោបល់ បង្ហាញសាលា ផ្សេងៗដែលនៅខេត្តបាត់ដំបងហ្នឹង ឲ្យខ្ញុំជ្រើសរើសដើម្បីសិក្សា។ ដល់ពេលខ្ញុំបានទទួលលទ្ធផលធ្លាក់នៅថ្នាក់ទី៩ ក៏ខ្ញុំសម្រេចចិត្តជាមួយអ្នកគ្រូដែលគាត់ខាងប្រឹក្សាអាជីពហ្នឹង [……] ណាមួយខ្ញុំធ្លាក់ថ្នាក់ទី៩ផង ណាមួយខ្ញុំមិនដឺងត្រូវធ្វើម៉េចឲ្យបានសិក្សាបន្ដ ដល់ពេលខ្ញុំទៅប្រឹក្សាជាមួយគាត់ គាត់បានផ្ដល់ជាទីតាំង ហើយហ្នឹងសាលាដែលគេជ្រើសរើសសិស្សអីអ៊ីចឹង ខ្ញុំក៏សម្រេចចិត្ត»។

អនុវិទ្យាល័យនរា ជាសាលាមួយក្នុងចំណោមសាលាគោលដៅចំនួន៤ ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ដែលអង្គការព្រះវិហារប្រទេសហ្វាំងឡង់បានចាប់ផ្ដើមសាកល្បងបណ្ដុះបណ្ដាលគ្រូបង្គោល១១នាក់ដើម្បីឲ្យក្លាយជាគ្រូប្រឹក្សាអាជីព សម្រាប់រយៈពេល៧ខែ ចាប់ពីខែកុម្ភៈ ដល់ខែកញ្ញា ឆ្នាំ២០១៥ដោយមានការបណ្តុះបណ្តាល ផ្សារភ្ជាប់ជាមួយការអនុវត្ត។អ្នកគ្រូ សួម ពៅ ជាអតីតគ្រូប្រឹក្សាអាជីពនៅសាលាអនុវិទ្យាល័យនរា និងជាគ្រូបង្គោលទទួលការបណ្ដុះបណ្ដាលពីអង្គការព្រះវិហារប្រទេសហ្វាំងឡង់ បានរលឹកថា អ្នកគ្រូបានពន្យល់ឲ្យ ពិសិទ្ធ ចូលរៀនវិញ ប៉ុន្ដែ ពិសិទ្ធ ថា គ្រួសារពុំមានលទ្ធភាពឲ្យគាត់បន្ដការសិក្សាបានទេ។ អ្នកគ្រូក៏បានណែនាំឲ្យ ពិសិទ្ធ ចូលរៀននៅសាលាជំនាញវិជ្ជាជីវៈមួយដោយសារមើលឃើញទេពកោសល្យពីធម្មជាតិរបស់គាត់។

អ្នកគ្រូនិយាយថា៖ «ខ្ញុំពន្យល់ប្រាប់ថា ពេលយើងរៀន ធ្វើម៉េចរៀនឲ្យចប់ត្រឹមថ្នាក់ទី៩ អ៊ីចឹងកាលណាយើងចប់ថ្នាក់ទី៩ គឺយើងអាចបន្ដចំណេះទូទៅ ហើយនឹងបន្ដសាលាជំនាញបាន បើយើងអត់មានលទ្ធភាពអាចបន្ដជំនាញ បើយើងមានលទ្ធភាព បន្ដចំណេះដឹងទូទៅក៏បន្ដទៅ [……] អង្កាល់ហ្នឹង ភ្លាមៗ គាត់អត់ទាន់សម្រេចចិត្ត គាត់អត់ទាន់សម្រេចចិត្តទៅសាលាជំនាញទេ ដល់ពេលបានជិត១ឆ្នាំ បានគាត់សម្រេចទៅសាលាជំនាញ [……] គាត់ជាសិស្សឧស្សាហ៍ព្យាយាម ហើយគាត់ស្លូតសុភាពរមទម្យ ការងារអីក៏គាត់ធ្វើបានទាំងអស់ ហើយគាត់ក៏អត់រារែកនឹងការងារទេ អ្វីដែលគាត់ចង់ធ្វើគឺគាត់ធ្វើ»។

ពិសិទ្ធ និយាយថា ក្រោយពីទទួលបានការណែនាំរបស់អ្នកគ្រូ គាត់បានសម្រេចចិត្តចូលរៀននៅសាលា «វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង» ដោយថាសាលាបានផ្ដល់ឪកាសជាច្រើនដើម្បីឲ្យគាត់អាចសិក្សាលើជំនាញបច្ចេកទេសដែលគាត់ចូលចិត្តតាំងពីកុមារាភាព។

ពិសិទ្ធ ថា៖ «ទាក់ទងនឹងជំនាញ គឺខ្ញុំពូកែមិនមែនទូទៅទេ គឺខ្ញុំពូកែតែមួយមុខទេ។ កាល់នៅតូច ខ្ញុំរពិសខាងអគ្គិសនីខាងអីហ្នឹង ខ្ញុំចូលចិត្តលេង ចូលចិត្តជួសជុល ហើយដល់ចឹង ខ្ញុំចង់រៀនជំនាញ ប៉ុន្ដែខ្ញុំមិនដឹងថាខ្ញុំទៅទាក់ទងនៅណាឲ្យបានរៀនជំនាញទេ [……] នៅសាលាបច្ចេកទេសហ្នឹង បើនិយាយពីជំនាញ គេមានជំនាញច្រើន អគ្គិសនី អាយធី កសិកម្ម សំណង់ និងជួសជួសរថយន្ដ ហើយជំនាញដែលខ្ញុំជ្រើសរើសនោះ គឺជំនាញអគ្គិសនី»។

ម្ដាយរបស់ ពិសិទ្ធ គឺអ្នកស្រី យិប នា បានឲ្យដឹងថា បន្ទាប់ពីផ្លាស់ទៅរៀននៅសាលាជំនាញបច្ចេកទេស កូនរបស់គាត់ (ពិសិទ្ធ) បានផ្លាស់ប្ដូរច្រើនទាំងចិត្តគំនិត និងអត្ដចរិក ដោយថា ពិសិទ្ធ បានឆ្លៀតពេលជួយមើលថែប្អូន ធ្វើការងារផ្ទះសម្បែង និងគិតគូពីជិវិតខ្លួនឯងផ្ទាល់។

អ្នកស្រីថា៖ «ខ្ញុំសរសើរ ខ្ញុំនឹកឃើញថា មិននឹកស្មានថាកូនខ្ញុំផ្លាស់ប្ដូរបានចឹង វាអាចទៅរៀនហើយ វាអាចឆ្លៀតពេលធ្វើការ ដូចថារៀនព្រឹកធ្វើការល្ងាចអ៊ីចឹង វាចង់ធ្វើដល់ទៅយប់ទៀត ដូចថាសុំគេធ្វើការកន្លែងចាក់សាំង កន្លែងគេចាក់សាំងធំៗ នៅផ្សារយើងបាត់ដំបងហ្នឹង តែខ្ញុំអត់ឲ្យវាទៅធ្វទេ»។

ឪពុកពិសិទ្ធ លោក មន កុសល បានឲ្យដឹងដែរថា ពិសិទ្ធ ជាមនុស្សតស៊ូក្នុងជីវិត ដោយថាកូនគាត់កំពុងបន្ដការសិក្សានៅសាលាបច្ចេកទេសដោយលទ្ធភាពខ្លួនឯងទាំងស្រុង និងមិនដែលយកលុយឪពុកម្ដាយមួយកាក់មួយសេនឡើយ។

លោកថា៖ «យើងបានគ្រាន់តែជួយជាអាហារធម្មតា បាយទឹកហូបប៉ុណ្ណឹងឯង ការដែលគ្នារៀនសូត្រគ្នាប្រឹងដោយគ្នាទេ។ អ៊ីចឹងយើងអត់បានជួយដូចថា១០០ភាគ យើងជួយដល់កូនបានតែ៣០ភាគរយ គ្នាតស៊ូដោយខ្លួនគ្នាទេ […] ខ្ញុំនឹងជូនពរកូនទៅថ្ងៃទៅមុខឲ្យបានរៀនចប់ ឲ្យបានមានសំណាង»។

ពិសិទ្ធ ក៏បានសំដែងការដឹងគុណចំពោះគ្រូប្រឹក្សាយោបល់ និងអង្គការជំនួយព្រះវិហារប្រទេសហ្វាំងឡង់ ដោយថាការប្រឹក្សាអំពីការសិក្សាបានជួយគាត់ និងសិស្សផ្សេងទៀតអាចធ្វើការសម្រេចចិត្តត្រឹមត្រូវ ពេលពួកគេជួបការលំបាក។

ពិសិទ្ធ ថា៖ «បើសិនជាអង្គការនេះមិនបានបង្កើតនូវកម្មវិធីសម្រាប់ប្រឹក្សាយោបល់ដល់សិស្សទេ ប្រហែលធ្លាក់ថ្នាក់ទី៩កាលនោះ ប្រហែលជាតែលតោល ប្រហែលជាដើរធ្វើការសំណង់អីហ្នឹងឯង។ ដល់ពេលគាត់បង្កើតកម្មវិធីហ្នឹងធ្វើឲ្យសិស្សមួយចំនួនដែលបាត់បង់ការសិក្សា គឺទទួលបាននូវដំណឹងសម្រាប់ការសិក្សាដ៏ល្អ»។

ពិសិទ្ធ និយាយថា ទោះបីជាមិនបានរៀននៅសាលារដ្ឋដូចគេ តែគាត់ សង្ឃឹម ថាគាត់នឹងខំរៀនបន្ដផ្នែកជំនាញអគ្គិសនីឲ្យដល់ថ្នាក់បរិញ្ញាបត្រវិស្វករ និងក្រៅប្រទេសទៀត បើអាចទៅរួច។

អង្គការព្រះវិហារប្រទេសហ្វាំងឡង់បានចាប់ផ្ដើមគម្រោងផ្តល់ប្រឹក្សាអាជីពក្នុងខេត្តបាត់ដំបង បន្ទាប់ពីត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងខែកុម្ភៈ ឆ្នាំ២០១៥។ គម្រោងនេះ សាកល្បងបណ្តុះបណ្តាលគ្រូបង្គោលចំនួន១១នាក់ នៅស្រុកសង្កែ ដោយជ្រើសយកសាលាគោលដៅ៤ គឺវិទ្យាល័យអន្លង់វិល អនុវិទ្យាល័យនរា អនុវិទ្យាល័យអូដំបង១ និងអនុវិទ្យាល័យវត្តតាមិម។

លោកស្រី ហាក់ ជិនហ៊ន មន្ដ្រីបង្គោលប្រឹក្សាអាជីពនៃ ការិយាល័យអប់រំ យុវជន និងកីឡាស្រុកសង្កែ បញ្ជាក់ថានៅអនុវិទ្យាល័យនរា សិស្សដែលទទួលបានការប្រឹក្សាយោបល់សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ មានចំនួន៤៧៥នាក់។ ហើយចំនួនសិស្សសរុបដែលបានទទួលការប្រឹក្សានៅសាលាគោលដៅទាំង៤ ក្នុងឆ្នាំសិក្សា២០១៥-២០១៦មានចំនួន៣០៦៥នាក់ក្នុងនោះស្រីចំនួន១៦៦៨នាក់។ លោកស្រីបន្ថែមថា អត្រាសិស្សបោះបង់ចោលការសិក្សាមានការថយចុះ បន្ទាប់ពីពួកគេបានមកប្រឹក្សាយោបល់ជាមួយគ្រូប្រឹក្សាអាជីព។ លោកស្រីបានបញ្ជាក់ថាសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៩ ឡើងទៅ អាចទៅសិក្សាយកជំនាញនៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងខេត្តបាត់ដំបង និងទូទាំងប្រទេស ដោយទទួលបានសញ្ញាបត្រសមមូលជាមួយសញ្ញាបត្រទុតិយភូមិ។ ហើយគាត់អាចសិក្សាបន្តយកបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកបច្ចេកទេសបានផងដែរ។

ពិសិដ្ឋ បានទទូចឲ្យសិស្សផ្សេងទៀតដែលប្រឡងធ្លាក់ ឬជួបការលំបាកក្នុងការសិក្សា ត្រូវទៅជួបគ្រូប្រឹក្សាអាជីពដើម្បីដោះស្រាយកង្វល់នានាដែលពួកគេកំពុងជួបប្រទះ។

ពិសិទ្ធ ថា៖ «បើសិនជាសិស្សណាដែលបាត់បង់ការសិក្សាថ្នាក់ទី៩ហ្នឹង គាត់ពិបាកក្នុងការរកកន្លែងសិក្សាថ្មី គាត់អាចទៅសាលាដែលយើងសិក្សាដដែលហ្នឹងហើយសួររកគ្រូប្រឹក្សាអាជីព»៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required