សមាជិកព្រឹទ្ធសភាអូស្ត្រាលីលាលែងតំណែងក្រោយចោទថាធ្វើឲ្យចិនមានឥទ្ធិពលលើប្រទេស

សមាជិកព្រឹទ្ធសភាអូស្ត្រាលីមួយរូប​ដែលស្និទ្ធជាមួយអ្នកជំនួញល្បីឈ្មោះជាជនជាតិចិននិងថា បានជួយឧបត្ថម្ភដល់អ្នកនយោបាយនោះ បានលាលែងចេញពីតំណែង បន្ទាប់ពីមានការចោទប្រកាន់ថា ធ្វើឲ្យចិនមានឥទ្ធិពលលើនយោបាយផ្ទៃក្នុងប្រទេស។​

សមាជិកព្រឹទ្ធសភាមកពីគណបក្សការងារជាគណបក្សប្រឆាំងលោក សាម ដាសធីយារី (Sam Dastyari) បានប្រកាសពីការលាលែងចេញពីតំណែងកាលពីព្រឹកព្រលឹមថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីររងការចោទប្រកាន់ពីមហាជនប៉ុន្មានសប្តាហ៍កន្លងទៅនេះ។ លោកថា ការលាលែងនេះ ដើម្បីបំបាត់ការសង្ស័យនៅក្នុងគណបក្សរបស់លោក​។​ នេះបើតាមសារព័ត៌មាន​ CNN។​

លោកថា លោកតែងតែទទួលបានការគាំទ្រឧបត្ថម្ភពីគណបក្សរបស់លោក​ដូចនៅក្នុងសម្បថពេលចូលកាន់តំណែង លោកនៅតែធ្វើសកម្មភាពដើម្បីឯកភាពជាតិ និង ដើម្បីជនរួមជាតិអូស្ត្រាលី។​ លោកថ្លែងបែបនេះ នៅពេលដែលធ្វើសន្និសីទប្រកាសលាលែងចេញពីតំណែងកាលពីម្សិលមិញ។​

លោក សាម ស្ថិតនៅក្រោមការស៊ើបអង្កេតកាលពីសប្តាហ៍មុនក្រោមច្បាប់​សន្តិសុខជាតិ ដែលហាមបរទេសឧបត្ថម្ភដល់កិច្ចការនយោបាយអូស្រ្តាលី។​

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉លខម ធឺនប៊ល ថ្លែងថា ឥទ្ធិពលបរទេស អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការនយោបាយផ្ទៃក្នុង និង នយោបាយលើឆាកអន្តរជាតិរបស់អូស្ត្រាលី។​

អ្នកជំនួញចិន​ដែលស្និទ្ធជាមួយសមាជិកព្រឹទ្ធសភា លោក​សាម រូបនោះគេចោទថា កំពុងតែដើរតួជាចារកម្មផងដែរក្នុងការប្រមូលព័ត៌មានសម្ងាត់​កិច្ចការផ្ទៃក្នុងរបស់អូស្ត្រាលី។​

ទោះយ៉ាងណា ចិនបានសម្តែងប្រតិកម្មថា ចំណាត់ការរបស់អូស្ត្រាលីធ្វើឡើងមិនត្រឹមត្រូវ ដោយសារចិនមានទំនាក់ទំនងស្មោះត្រង់ និង ជឿជាក់គ្នាទៅវិញទៅមកជាមួយអូស្ត្រាលី។​

អ្នកនាំពាក្យក្រសួងការបរទេសចិន​លោក ហ្គេង សួង (Geng Shoung) ថ្លែងថា លោកមានការភ្ញាក់ផ្អើល​ ចំពោះចំណាត់ការរបស់មេដឹកនាំអូស្ត្រាលីដែលធ្វើឡើងដោយខ្វះការស្រាវជ្រាវ និងផ្អែកលើការចុះផ្សាយមិនត្រឹម​ត្រូវរបស់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ