ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្កោលទោស​តុលាការកំពូលសម្រេច​ឲ្យ​បន្ត​ឃុំខ្លួនអ្នកស្រី ទេព វន្នី

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ បាន​ថ្កោល​ទោស​តុលាការ​កម្ពុជា ដែល​បាន​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម ប្រឆាំង​នឹង​សកម្មជន​ដី​ធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី។

សកម្មជន​ដី​ធ្លី​បឹងកក់ អ្នកស្រី ទេព វន្នី ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​តម្កល់​សាល​ក្រម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​អ្នកស្រី ២​ឆ្នាំ​កន្លះ ក្រោម​បទចោទប្រកាន់ថា «ប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញ» នៅក្បែរផ្ទះនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។

ក្នុងសេចក្តីថ្លែងការណ៍កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អង្គការសិទ្ធិមនុស្ស Fronline Defenders ដែលមានមូលដ្ឋាននៅ​ប្រទេសអៀរឡង់ បានថ្កោលទោសចំពោះសេចក្ដី​សម្រេចនោះ ដោយថា ការសម្រេចរបស់តុលាការកំពូលនេះ គឺត្រូវ​បាន​ធ្វើឡើងដើម្បី​សងសឹកនឹង អ្នកស្រី ទេព វន្នី ដែលដឹកនាំប្រជាពលរដ្ឋតវ៉ារឿងដីធ្លី និងទាមទារសិទ្ធិតាមនីតិវិធីពេលកន្លងមក។

អង្គការសិទ្ធិមនុស្សមួយនេះ បានជំរុញទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់ចោលការចោទប្រកាន់​ប្រឆាំងនឹងសកម្មជនដីធ្លីរូបនេះ។

កាលថ្ងៃ​ទី​១៥ ខែ​សីហា​កន្លង​មក​នេះ បណ្តុំអង្គការជាតិ និងអន្ដរជាតិចំនួន ៦៥ស្ថាប័ន ក៏បានទទូចឲ្យអាជ្ញាធរកម្ពុជាទម្លាក់បទចោទប្រកាន់ទាំងអស់ និងដោះលែងស្ដ្រីសកម្មជនដីធ្លីអ្នកស្រីទេពវន្នីឲ្យមានសេរីភាពឡើងវិញ​ ដោយពួកគេចាត់ទុកការបន្ដឃុំខ្លួននោះថា ធ្វើឡើងដោយគ្មានភស្ដុតាង បង្កប់ដោយហេតុផលនយោបាយ និងមានភាពអយុត្តិធម៌ធ្ងន់ធ្ងរ។

សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ ៦ខែ ដោយចោទពីបទជេរប្រមាថ និងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០១១ ប៉ុន្តែ តុលាការទើបតែកាត់ទោសសកម្មជនដីធ្លីរូបនេះមួយករណីទៀត ដាក់ពន្ធនាគារ ២ឆ្នាំកន្លះ ដោយចោទពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស» លើក្រុមសន្តិសុខខណ្ឌដូនពេញ ក្បែរផ្ទះនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ