លោក ហ៊ុន សែន ថាការបោះឆ្នោតនឹងដំណើរការទៅតាមច្បាប់របស់កម្ពុជា

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះ​អាង​នៅ​ថ្ងៃ​នេះ​ថា ការបោះ​ឆ្នោតជ្រើស​តាំងតំណា​ងរាស្ត្រ​ឆ្នាំ​២​០១៨​ខាង​មុខ​ នឹងនៅ​តែ​ប្រព្រឹ​ត្តិទៅ​តាម​ការ​​​​​​គ្រោង​ទុក បើទោះ​​បី​​គ្មានការទទួលស្គាល់​ពីតំ​ណា​ងអង្គ​ការស​ហ​​ប្រជា​ជាតិ​ក៏ដោ​យ​។

លោក ហ៊ុន សែន ថ្លែងក្នុងពិធីជួបកម្មករ​នៅរាជធានីភ្នំពេញនាថ្ងៃទី១៣​ខែធ្នូនេះថា ដំណើរការបោះឆ្នោ​តនឹ​ងដំណើរការទៅតាមការគ្រោងទុក តាមឆន្ទៈរបស់ពលរដ្ឋខ្មែរចង់បាន គឺលទ្ធិប្រជាធិបតេយ្យ។

លោកថា៖ «ពេលនេះ គឺជាពេលដែលយើងត្រូវខិតខំក្ដាប់ឱកាសនេះឲ្យបាន ​ដើម្បីបន្តជំហានទៅមុខ ជំហាន​ដែ​​លប្រជាជនយើងត្រូវ​ការ​លទ្ធប្រជាធិបតេយ្យសេរីពហុបក្ស និងមិនក្លា​យទៅជាចំណា​ប់ខ្លាំងរបស់អ្ន​ក​ណាមួយទេ។ គ្មានការចូលរួម​របស់អ្នក ការបោះឆ្នោតក៏នៅតែធ្វើ សុំផ្តាំទៅឲ្យហើយ ហើយក៏ត្រូវ​តែ​យ​ល់​ឲ្យច្បា​ស់ពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលចែងថា សភាមានអាណត្តិ៥ឆ្នាំ។ សភាមិ​នអា​ចរំលា​យ​មុនអាណត្តិបានទេ»។

លោកនាយករដ្ឋមន្ត្រី​បាន​ថ្លែងទៀតថា រដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនតម្រូវឲ្យ​ទៅចុះហ​ត្ថេលេខាពី​ប្រ​ធា​​​នាធិបតិយពីប្រទេសដទៃ ឬពីអគ្គលេខាធិការអង្គការសហប្រជាជាតិ ទើបគេហៅ​ការបោះ​​ឆ្នោតនោះ​ថា ​​​ស្រ​​បច្បាប់នោះដែរ។

លោកថ្លែង​បន្ត​ថា៖ «ប្រជាជនចូលរួមបោះឆ្នោត​ជាការគ្រប់គ្រាន់។ ឥឡូវប្រជាជនបានត្រៀមអស់ហើយ។ សម្រាប់កា​របោះ​ឆ្នោ​ត រា​ជរដ្ឋាភិ​បាលក៏មានទុនគ្រ​ប់គ្រាន់ហើយដែរសម្រាប់កា​របោះឆ្នោត។ កា​រចុះឈ្មោះធ្វើ​​បច្ចុ​ប្ប​ន្នភាពសម្រាប់ធ្វើបញ្ជីបោះឆ្នោតក៏បានធ្វើរួចរាល់ហើយដែរ»។

ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ចំពេលដែលសហគមន៍អន្តរជាតិ មានសហរដ្ឋអាមេរិក និង​សភា​ពអឺរុ​ប កំពុងដាក់សម្ភាធ​ឲ្យដោះលែប្រធាន​គណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងបើក​លទ្ធ​ភាព​ឲ្យ​​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០១៨ ដោយសេរី ត្រឹមត្រូវ និងគ្មាន​ការគាំរាមកំហែងឡើងវិញ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក ​យង់ គិម​អេង លើកឡើងថា កម្ពុជា​ពេ​​​លនេះ និងទៅអនាគត ត្រូវការជំនួយចាំបាច់ ពីប្រទេសលោកសេរី ទើបអាចប្រ​កួតប្រជែង​ផ្នែក​អភិ​​​វឌ្ឍ​​ជា​​មួយប្រទេសជិតខាង និងសមាជិកអាស៊ានបាន។

លោក យង់ គិមអេង និយាយទៀតថា ការព្យាយាមផាត់ ប្រទេសលោកសេរី ឲ្យនៅដាច់ដោយឡែក លោ​​កថា កម្ពុជាអាចនឹងជួបវិបត្តិផ្នែកអភិវឌ្ឍទៅថ្ងៃអនាគតដូចប្រទេសកុម្មុយនីស្តមួយចំនួនទៀត។

លោកថា៖ «ប្រទេសកុម្មុយនីស្តក៏គេអាចបោះឆ្នោតបានដែរមិនអញ្ចឹង។ ប៉ុន្តែរឿង​មួយសំខាន់​ថា តើគេ​ទ​​ទួ​​ល​​​ស្គា​​ល់ឬក៏អត់? រឿងសំខាន់មួយ នៅពេលដែលការបោះឆ្នោត​គេមិនទទួល​ស្គាល់វា​ពិបាកក្នុងការ​អភិវឌ្ឍ​ផ្នែ​​​​​​ក​​សេ​​​​ដ្ឋ​កិច្ចរបស់​កម្ពុជាទៅថ្ងៃក្រោ​យ។ ហើយយើងៗត្រូវការ​សហការណ៍ជាមួយបណ្តាប្រ​ទេសជាច្រើ​ន​លើ​​កពិ​ភពលោក ក្នុងការវិវឌសេដ្ឋកិ​ច្ចរបស់​យើ​ង​ ឲ្យ​រីកចម្រើនទៅមុខដូចគេដូចឯងនោះ»។

បើតាមលោក យង់ គិម អេង រដ្ឋាភិបាលអាចរៀបចំការបោះឆ្នោតមួយតាមតែចិត្តនឹងឃើញ ដោយ​​មិនទ​​ទួ​ល​​យកអានុសាសន៍របស់សហគមន៍អន្តរជាតិនៃប្រទេសលោកសេរីបាន។ ប៉ុន្តែលោកកថា កម្ពុជានឹងខា​តប​​ង់ ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍ បើប្រទេសនេះព្យា​យាមដើរចេ​​ញពី​គន្លងប្រ​ជាធិបតេយ្យកាត់តែឆ្ងាយនោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ