ប្រេសិត​អាមេរិក​ព្រមាន​ពី​ហានិភ័យ​​បើ​អាមេរិក​កាត់​ជំនួយ​ទៅ​អង្គការ​សហ​ប្រជាជាតិ

អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នក​ស្រី Samantha Power (រូបភាព​ពី​ទីភ្នាក់​ងារ​AFP)

អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ អ្នក​ស្រី Samantha Power បាន​ព្រមាន​នៅ​ថ្ងៃ​នេះ​ថា ការ​កាត់​បន្ថយ​ជំនួយ​របស់​អាមេរិក ទៅ​អង្គការ​សហ​ប្រជាជាតិ នឹង​ក្លាយ​ទៅ​ជា​រឿង​ដ៏​គ្រោះ​ថ្នាក់​ដល់​ផល​ប្រយោជន៍​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន AFP ដែល​បានផ្សាយ​​ថា ប្រេសិត​អាមេរិក​រូប​នេះ បាន​ថ្លែង​ដូច្នេះ មួយ​សប្ដាហ៍​មុន​នឹង​លោក ដូណាល់ ត្រាំ ឡើង​កាន់​តំណែង​ជា​ផ្លូវការ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ចុង​ក្រោយ​របស់​ខ្លួន អ្នកស្រី Power បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប្រទេស​នានា ដូចជា រុស្ស៊ី និង​ចិន នឹង​ទទួល​បាន​ប្រយោជន៍​ពី​ជំហរ​ធាក់​ថយ​របស់​ក្រុង​វ៉ាស៊ីងតោន នៅ​ឯ​អង្គការ​សហ​ប្រជាជាតិ ប្រសិន​បើ​មូលនិធិ​ត្រូវ​បាន​គេ​ដក​ថយ​នោះ។

អ្នកស្រី Power ថ្លែង​ដូច្នេះ បន្ទាប់​ពី​ច្បាប់​មួយ​ត្រូវ​បាន​គេ​ស្នើ​ទៅ​ព្រឹទ្ធ​សភា​ថា នឹង​កាត់​បន្ថយ​មូលនិធិ​អាមេរិក​ផ្ដល់​ទៅ​​អង្គការ​សហ​ប្រជាជាតិ រហូត​ទាល់​តែ​មាន​ការ​លុប​ចោល​សេចក្ដី​សម្រេច​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដែល​ទាម​ទារ​ឲ្យ​បញ្ចប់​ការ​តាំង​ទី​របស់​ប្រទេស​អ៊ីស្រាអែល។

អាមេរិក​មិន​ប្រើ​ប្រាស់​សិទ្ធិ​វេតូ​របស់​ខ្លួន ដើម្បី​រារាំង​សេចក្ដី​សម្រេច​នេះ​នោះ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​បាន​ដក​ខ្លួន​ថយ ដោយ​ទុក​ឲ្យ​សេចក្ដី​សម្រេច​នេះ ត្រូវ​បាន​អនុម័ត​ដោយ​សំឡេង ១៤​ទល់​នឹង​សូន្យ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ ដែល​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​ដោយ​កំហឹង​ពី​ប្រទេស​អ៊ីស្រាអែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ