រកឃើញជ័យលាភីផ្លូវការ​​នៅប៉ុស្ដិ៍លេខ​៥

រូបពីលោក សុខ ឆាយ

ទីបំផុត​​កីឡាករ សៅ វាសនា បានក្លាយជាម្ចាស់ពានជើងឯកនៅប៉ុស្ដិ៍លេខ៥ ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម កាលពីថ្ងៃសៅរ៍ទី១៣ មករា ឆ្នាំ​២០១៧ នៅ​​ប៉ុស្ដិ៍លេខ​​៥​​ព្រែកកំពិស​។ នេះជាការប្រកួតចាញ់ធ្លាក់ៗ ដែលមានកីឡាកររហូតដល់៣២រូបចូលប្រកួត ដោយកីឡាករម្ចាស់ពាន ត្រូវបានកំណត់ថាមិនដែលចាញ់ទាល់តែសោះ សម្រាប់ព្រឹត្តិការណ៍មួយនេះតាំងពី​ដើមរហូត​ដល់បញ្ចប់​​តែម្ដង។

លោក សេង កដិកា អ្នករៀបចំការប្រកួតប្រចាំប៉ុស្ដិ៍លេខ៥ បានអះអាងថា នេះជាការប្រកួតដណ្ដើមជើងឯកវ័យក្មេងដែលស្ថាប័នរបស់លោកបានរៀបចំឡើងច្រើនខែមកហើយ ដោយមានកីឡាករមកពីគ្រប់បណ្ដាក្លឹបនៅទូទាំងប្រទេសរហូតដល់៣២រូបប៉ះគ្នាលើរេញ។ រូបមន្តក្នុងការប្រកួតលោកថាគឺនៅតែរក្សា​ដដែល​​ៗដូចគ្នានឹង​ការប្រកួត​​ជើងឯករបស់ប៉ុស្ដិ៍លេខ​​​៥​​​មុនដែរ ដោយ​​តម្រូវអោយកីឡាករក្នុងប្រភេទទម្ងន់​​​​ដូចគ្នា​​មកពី​​គ្រប់ក្លិបទូទាំងប្រទេសទាំង៣២រូប ចាប់គូប្រកួតគ្នា ហើយ​​​​ប្រកួតជម្រុះ​​​​​​​​​​​​​​​​​ចាញ់ធ្លាក់ៗ ដោយ​​​​ការប្រកួតជម្រុះដំបូង គឺ​​ជម្រុះពី​​៣២នាក់​យក១៦នាក់នៅវគ្គទី១ ជម្រុះយកតែ៨នាក់នៅវគ្គទី២ និងជម្រុះយក៤នាក់ចុងក្រោយដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ១ដល់លេខ៤។

កីឡាករដែលបានឈានឡើងសម្រាប់ព្រឹត្តិការណ៍នេះ លោកថាត្រូវតែឈ្នះជាប់រហូត ដោយផ្អែកតាមរូបមន្តអ្នកធ្លាក់ហាលអាវ និងគ្មានការប្រកួតសន្សំពិន្ទុ ឬប្រកួតត្រលប់ចុះត្រលប់ឡើងៗ។ អ៊ីចឹងហើយ​ទើបអ្នក​ឈ្នះពានសម្រាប់ព្រឹត្តិការណ៍មួយនេះ គឺមិនថា​អ្នកណាឬអ្នកណានោះទេ គឺដាច់ខាតត្រូវតែ​ឈ្នះ​​​​​​រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ​លោកនិយាយថា នេះជាការប្រកួតចាញ់ធ្លាក់ៗ ដែល​អ្នកកាន់ពាន​អត់​​ស្គាល់ពាក្យថាចាញ់ ​​ហើយ​​​​​​​​គឺមានតែអ្នកចាញ់​​​​ក្នុងវគ្គ​​​ជម្រើស​​​៤នាក់ហើយប៉ុណ្ណោះ ដែល​មិនតម្រូវអោយធ្លាក់ហាលអាវ។

នេះជាព្រឹត្តិការណ៍ជើងឯកដែលមានតែប៉ុស្ដិ៍លេខ៥មួយ​គត់​ កម្រត់យក​រូបមន្តនេះ ហើយ​ក៏​មិនមែនជារឿងងាយស្រួលនោះដែរ ​ដែលអាច​ប្រមូលបាន​កីឡាករ​​​ក្នុងប្រភេទទម្ងន់ដូចគ្នា​ដល់ទៅ​​៣២រូប ដែលមាន​​សមត្ថភាព និងបទពិសោធន៍ប្រហែល​គ្នា អោយឡើងរេ​ញជាមួយគ្នាបាន​។ លោកថា​​ការ​​រៀបចំ​នេះ បើ​ហ៊ានតែ​​ចាប់ដាក់ៗ​ដោយមិនមើល​​ពី​ប្រវត្តិប្រកួត គឺមិនខុសពីឡើង​​​អោយពួកគេ​​​សន្លប់​ម្ខាងៗហើយមិនល្អ​មើលនោះទេ ​​ប្រសិនបើកីឡាករដែលត្រូវប្រកួតនោះ​ មិនមានសមត្ថភាព​ប្រហែល​គ្នា។

ផ្អែកតាមរូបមន្តលោកថាអ្នកជាប់ម្ចាស់ពានជើងឯក គឺជាកីឡាករតែម្នាក់គត់ ដែល​ឈ្នះនៅ​គ្រប់កាលៈទេសៈ ​​​​​ដោយជ័យជម្នះរបស់អ្នកឈ្នះក៏អស្ចារ្យណាស់ដែរ ​​​​​​​​​ដែលអាច​​​​​​ឆ្លង​ផុតតាំងពី​​៣២នាក់ មកកាន់ពាន​​ចុងក្រោយបាន​។ ប៉ុន្តែ​​សម្រាប់​ការប្រកួតនេះ ប៉ុស្ដិ៍លេខ៥កំណត់អោយវាយគ្នាតែ៣ទឹកប៉ុណ្ណោះ ដើម្បីកុំអោយកីឡាករដែលឈ្នះទ្រមខ្លួនខ្លាំងពេល ​នៅពេលដែល​ពួកគេត្រូវ​បន្តទៅកាន់​​វគ្គបន្ទាប់ ដែលត្រូវ​​​​​​ឡើងរេញជាប់រហូត។ លោកនិយាយថា«ប៉ុស្ដិ៍លេខ៥ នឹងនៅតែធ្វើ​​​រូបមន្តហ្នឹង ដើម្បីអោយខុសប្លែកពីប៉ុស្ដិ៍ផ្សេង និង​ដើម្បី​​ស្វែងរក​អោយបាននូវ​ជើងខ្លាំងពិត​ប្រាកដអោយធ្វើជាអ្នកកាន់ពាន កុំអោយ​ខ្វល់ពីរឿងកីឡាករ​ណាមួយ​​​​លក់​​​​​​លទ្ធផល»។

លោកថា​ការប្រកួតដែល​​លោកធ្លាប់​​ធ្វើ​រូបមន្ត​​​វិលជុំ បានធ្វើអោយលោកឈឺក្បាល​យ៉ាង​ខ្លាំង ដោយសារតែក្នុង​ពេលប្រកួតសន្សំពិន្ទុ គឺ​​​​ជៀសមិន​ផុតពីរឿង​កីឡាករ​នេះ​​​បន្ធូរដៃអោយអ្នកនោះ នឹងរឿងកីឡាករដែលដឹងថាខ្លួនមិន​បានឡើង​​​ខំប្រឹងធ្វើចាញ់ដើម្បី​អោយ​​លក់​លទ្ធផលអោយ​ភាគីម្ខាងទៀត​​បានឈ្នះជាដើម​។ លោកថា​​ប៉ុស្ដិ៍លេខ​​​៥បានធ្វើ​​ព្រឹត្តិការណ៍នេះ​យ៉ាង​ជោគជ័យ ​៤៥ដងមកហើយ ហើយជាលទ្ធផល គឺលោក​​ឃើញថា​កីឡាករដែលមានឈ្មោះប្រកួត​​​​​​​ប្រឹង​អស់​​ស្ទើរស្លាប់ស្ទើររស់ ​​​ទម្រាំតែបាន​ឡើងទៅ​កាន់វគ្គបន្ត ដោយសារតែពួកគេមិនចង់ហាលអាវ​។ 

លោកថាអ្នកជាប់ចំណាត់ថ្នាក់៤រូបចុងក្រោយ សុទ្ធតែជាកីឡាករវ័យក្មេង ទើបលោករំពឹងថា ពួកគេនឹងក្លាយជាធនធានកាន់តែប្រសើរសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលកកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នោះ​ផង​។

លោកមានគម្រោងរំលេចស្នាដៃរបស់ម្ចាស់ពាននិងអ្នកជាប់ជ័យលាភីដែលទើបប្រកាសឡើង នៅលើសង្វៀនអោយបានច្រើន ដោយនឹងតម្រូវអោយពួកគេប្រកួតជាលក្ខណៈអន្តរជាតិនិងដណ្ដើមពានជាដើមក្នុងពេលខាងមុខ ដើម្បីអោយពួកគេល្បីឈ្មោះដូចអ្នកមុនៗ។

លោក សេង កដិកា បញ្ជាក់ថា ចំណាត់ថ្នាក់ជើងឯកលេខ១បានទៅលើកីឡាករ សៅ វណ្ណា ​មកពីយុវវាល​ស្បូវ​ខណ្ឌច្បារអំពៅ បន្ទាប់ពីគេវាយឈ្នះកីឡាករ អ៊ុំ វណ្ណេត មកពីក្លឹបមរតកយុទ្ធគុនខ្មែរនៅវគ្គ​ផ្ដាច់ព្រ័ត្រ។ ការប្រកួតគូនេះ លោកថាមាន​ភាពស្វិតស្វាញ ដោយសារតែភាគីទាំងពីរសុទ្ធតែមិនធ្លាប់ចាញ់ដូចគ្នានៅក្នុងព្រឹត្តិការណ៍នេះ​​​​មុន​​ពេលប៉ះគ្នា​ដូចគ្នា ​​​​​​ហើយម្យ៉ាងមកពីម្នាក់​ៗសុទ្ធតែចង់ឈ្នះផង ទើប​ល្អមើល​​​​ពេញរយៈពេល​​៣ទឹក។

កីឡាករ​​សៅ វណ្ណា ដែល​ទទួលបានចំណាត់ថ្នាក់លេខ១ទទួលបាន​ទឹកប្រាក់​​​៤ពាន់​ដុល្លារ ​និងពាន​មួយ​ កីឡាករ អ៊ុំ វណ្ណេត ដែល​ទទួលបានចំណាត់ថ្នាក់លេខ​​២​ទទួលបានពានកិត្តិយស​មួយ និងទឹកប្រាក់​​​២០០០​ដុល្លារ​។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍ក៏​​​​​មានការប្រកួត​រវាងកីឡាករ​២រូប​ដើម្បីយកចំណាត់ថ្នាក់លេខ​​៣​ផងដែរ ដោយកីឡាករ គឹម វាសនា មកពីក្លិប​​​​​​​​​កងទ័ព​ឆ័ត្រ​​យោង​​៩១១ បានចំណាត់ថ្នាក់លេខ​​​៣ ទទួលបានពានកិត្តិយសមួយ ទឹកប្រាក់​​​​​៧៥០ដុល្លារ និង​​កីឡាករ​ង៉ែត្រ រដ្ឋា មកពីក្លិប តាព្រហ្មមានជ័យ ទទួលបានចំណាត់ថ្នាក់លេខ​​​៤ ​​ទទួលបានទឹកប្រាក់​​៥០០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ