​សង្គម​ស៊ីវិល​ថា​ហិង្សា​លើ​ស្ត្រី និង​កុមារ​បន្ត​កើនឡើង​​

​នៅ​ថ្ងៃ​អាទិត្យ​នេះសង្គម​ស៊ីវិល ធ្វើការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី បាន​បង្ហោះ​ប៉ោងៗ និង​ប្រគំ​តន្ត្រី​សម័យនៅ​រាជធានី​ភ្នំពេញ ដែល​ពួកគេ​ហៅថា ជា​យុទ្ធនាការមួយរយ​កោដិ​សំឡេង ប្រឆាំង​នឹង​ការប្រើ​អំពើហិង្សា​គ្រប់​រូបភាព​លើ​ស្ត្រី និង​កុមារ។​

​នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​លោកស្រី រស់ សុភាព មានប្រសាសន៍ប្រាប់​វីអូឌី(VOD)​នៅ​ថ្ងៃ​ទី​១៤​ខែ​កុម្ភៈ​នេះ​ថា យុទ្ធនាការ​នោះ​ធ្វើឡើង​ពេល​មួយ​ថ្ងៃ​គឺ​នៅ​ពេល​ព្រឹក​ធ្វើ​នៅ​សកល​វិទ្យាល័យ​ភូមិ​ភ្នំពេញ និង​ពេល​រសៀល​ធ្វើ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​

​មន្ត្រី​សង្គម​ស៊ីវិល​រូប​នោះ​ឲ្យដឹង​ទៀត​ថា យុទ្ធនាការ​នោះ​ហៅថា មួយរយ​កោដិ​សំឡេង ក្រោម​ប្រធានបទ “​ចូលរួមក្រោមប្រធានបទ​!​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ គឺជា​ការ​ឲ្យ​តម្លៃលើ​ខ្លួនឯង​”​។

​លោកស្រី រស់ សុភាព ឲ្យដឹងទៀតថា យុទ្ធនាការ​នៅ​ថ្ងៃទី​១៤ ​ខែ​កុម្ភៈ​នេះ បាន​ទាក់ទាញ​អារម្មណ​យុវជន​ច្រើ​នឲ្យចូលរួម​កម្មវិធី​នេះ ដែល​លោកស្រី​ថា ដើម្បី​បញ្ចៀស​យុវជន​មួយចំនួនកុំឲ្យ​យក​ថ្ងៃ១៤ កុម្ភៈដែលត្រូវនិងថ្ងៃបុណ្យ​នៃ​ក្តីស្រឡាញ់​នោះ ដើ​រខុស​គន្លង​ប្រពៃណី​ខ្មែរ​។​

​សេចក្តីប្រកាស​ព័ត៌មានរបស់​អ្នក​ធ្វើ​យុទ្ធនាការឲ្យដឹងថា ករណី​រំលោភ​សេពសន្ថវៈ និង​ប្រើ​ហិង្សា​លើ​ស្ត្រី​និង​កុមារនៅតែ​បន្ត​កើនឡើងគួ​ឲ្យ​ព្រួយបារម្ភ​។​

​សេចក្តីប្រកាស​នោះ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៣ តាមរយៈ​នៃ​ការ​សម្ពាសន៍​បុរស និង​ស្រី​ចំនួន​ជាង​១​ពាន់​នាក់​(១៨៣១)​អង្គការ​នោះ​ថា បាន​រកឃើញបុរស​ដែល​ប្រើ​ហិង្សា​និង​រំលោភ​ផ្លូវភេទ ទៅលើ​ដៃគូ​មាន​៣៥​ភាគរយ​។​​ ចំនួន​នេះ​សង្គម​ស៊ីវិល​ថា ជា​ចំនួន​កើនឡើង​។​

​ដោយឡែក របាយការណ៍របស់​សមាគម​អាដហុក​ឲ្យដឹងថា ករណី​ហិង្សា​និង​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​និង​កុមារ ចំពោះ​ករណី​ធ្ងន់ធ្ងរនៅ​ឆ្នាំ​២០១៥ មាន​១៥០​ករណី​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ