វិភាគ៖ ទិដ្ឋភាព​នយោបាយ​កម្ពុជា​ក្រោយ​ការ​លា​លែង​ពី​ប្រធាន​បក្ស​ប្រឆាំងរបស់​លោក សម រង្ស៊ី

លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

វា​អាច​ជា​ការ​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ក្រុម​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា បន្ទាប់​ពី​ការ​ប្រកាស​លា​លែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នោះ​ក៏​ព្រោះ​​តែ​គ្មាន​នរណា​នឹក​ស្មាន​ថា មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​សម្រេច​ចិត្ត​បែប​នេះ​នោះ​ឡើយ ដោយសារ​តែ​លោក​បាន​តស៊ូ​ដឹកនាំ​គណបក្ស​ប្រឆាំង​ប្រកួត​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ​អស់​រយៈ​ពេល​មិន​តិច​ជាង ២០​ឆ្នាំ​មក​ហើយ និង​មិន​ដែល​មាន​តម្រុយ​មក​ថា រូប​លោក​នឹង​​លា​លែង​ពី​តំណែង​ ឬ​ចាក​ចេញ​ឲ្យ​ផុត​ពី​នយោបាយ​កម្ពុជា​នោះ​ឡើយ។

បើ​យើង​រំលឹក​ឡើង​វិញ​អំពី​ជីវិត​​​នយោបាយ​របស់​លោក សម រង្ស៊ី នៅ​ក្នុង​រយៈ​ពេល​មិន​តិច​ជាង ២​ទសវត្សរ៍​ចុង​ក្រោយ​មក​​នេះ ការ​លា​លែង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ។ មិន​មែន​ចៃ​ដន្យ នោះ​ក៏​ព្រោះ​តែ​វា​មាន​ពាក់​ព័ន្ធ​នឹង​ដំណើរ​វិវត្តន៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក សម រង្ស៊ី បាន​​ភៀស​ខ្លួន​ជាច្រើន​លើក​ច្រើន​សារ​ទៅ​ក្រៅ​ប្រទេស នៅ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ ក្រឡាប់​ចាក់។ បើ​និយាយ​ពី​បណ្ដឹង​តាម​ផ្លូវ​តុលាការ​វិញ លោក សម រង្ស៊ី បាន​ប្រឈម​មុខ​នឹង​បណ្ដឹង​ច្រើន​លើក​ច្រើន​គ្រា​ពី​សំណាក់​គណបក្ស​កាន់​អំណាច ក្នុង​នោះ​មាន​បណ្ដឹង​ជាច្រើន​ករណី​ធ្វើ​ឡើង​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ផង​ដែរ។

ទោះជាយ៉ាងណា ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី នៅ​តែ​បន្ត​ទៅ​មុខ​ទៀត ក្រោយ​ពី​មាន​ការ​សម្រុះ​សម្រួល​នយោបាយ ឬ​ការ​លើក​លែង​ទោស ទៅ​តាម​ការ​ស្នើ​សុំ​ពី​លោក ហ៊ុន សែន។

ប៉ុន្តែ ស្ថានភាព​នយោបាយ​កម្ពុជា​កាន់​តែ​តាន​តឹង​ឡើង​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ដែល​គេ​មើល​ឃើញ​ថា ​គណបក្ស​កាន់​អំណាច​បាន​បាត់​បង់​អាសនៈ​ដល់​ទៅ ២២​កៅអី​ទៅ​ខាង​គណបក្ស​ប្រឆាំង ដែល​ទទួល​បាន ៥៥​អាសនៈ​នៅ​ក្នុង​សភា។

បើ​ទោះបី​ជា​ទទួល​បាន​ការ​លើក​លែង​ទោស​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៣​រួច​ទៅ​ហើយ ប៉ុន្តែ លោក សម រង្ស៊ី បែរ​ជា​នៅ​បន្ត​ប្រឈម​នឹង​បណ្ដឹង​មួយ​ទៀត​នៅ​ឡើយ ដែល​ប្ដឹង​ដោយ​​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ សាង​ភាព​ល្អូក​ល្អិន​នឹង​គ្នា​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រយៈ​ពេល​មិន​ដល់​មួយ​ឆ្នាំ​ផង។

ក្រៅ​ពី​បណ្ដឹង​មួយ​នេះ លោក សម រង្ស៊ី បាន​ និង​កំពុង​ប្រឈម​មុខ​នឹង​បណ្ដឹង​នានា​ពី​លោក​នាយករដ្ឋ​មន្ត្រី ក្នុង​នោះ​មាន​ទាំង​បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ការ​​ទិញ​ចំនួន Like នៅ​លើ​ហ្វេសប៊ុក បណ្ដឹង​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​អ្នក​វិភាគ លោក កែម ឡី និង​ចុង​ក្រោយ​បំផុត​គឺ​បណ្ដឹង​បរិហា​កេរ្តិ៍ ពាក់​ព័ន្ធ​នឹង​ការ​ថ្លែង​ថា លោក ហ៊ុន សែន សូក​លុយ ១​លាន​ដុល្លារ​ដល់​កញ្ញា ធី សុវណ្ណ​ថា ឲ្យ​បំបែក​បំបាក់​គណបក្ស​សង្គ្រោះ​ជាតិ។

ពាក់​ព័ន្ធ​នឹង​បណ្ដឹង​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន បាន​ព្រមាន​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​លោក សម រង្ស៊ី រួម​ទាំង​ទីស្នាក់ការ​គណបក្ស​ផង​ដែរ ដើម្បី​យក​ទៅ​ទូទាត់​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លារ ខណៈ​ដែល​កញ្ញា ធី សុវណ្ណថា​ ឯណោះ​វិញ ក៏​បង្កើន​ការ​ទាម​ទារ​សំណង​ជំងឺ​ចិត្ត​ពី ២៥​ម៉ឺន​ដុល្លារ ទៅ​ដល់ ៥០​ម៉ឺន​ដុល្លារ។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន ក៏​បាន​ជំរុញ​ទៅ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ដទៃ​ទៀត​របស់​គណបក្ស​កាន់​អំណាច មាន​ទាំង​លោក ហេង សំរិន ផង​ដែរ ឲ្យ​បង្កើន​ការ​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី។

ក្រៅ​ពី​រុំព័ទ្ធ​ទៅ​ដោយ​បណ្ដឹង​ចាក់​ស្រេះ​ហើយ​នោះ គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នេះ កំពុង​ទទួល​រង​សម្ពាធ​នយោបាយ​ផ្សេងៗ​បន្ថែម​ទៀត ពី​ខាង​គណបក្ស​កាន់​អំណាច ដូច​ជា​ការ​ទម្លាយ​ខ្សែ​អាត់​សំឡេង​សន្ទនា​​ស្នេហា​​របស់​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ក្រុម​តំណាង​រាស្ត្រ។ ហើយ​សម្ពាធ​ថ្មី​បំផុត​នោះគឺ​ការ​ប្រឈម​មុខ​នឹង​ការ​រំលាយ​បក្ស បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ជំរុញ​ទៅ​សភា​របស់​បក្ស​លោក ឲ្យ​​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ ដែល​គេ​គ្រោង​ហាម​ឃាត់​ប្រធាន ឬ​អនុ​ប្រធាន​បក្ស មិន​ឲ្យ​ដឹកនាំ​បក្ស​នយោបាយ​នោះ​ឡើយ បន្ទាប់​ពី​តុលាការ​កាត់​ទោស។ សម្ពាធ​នយោបាយ​ថ្មី​បំផុត​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ុន​ប៉ង​ដើម្បី​បិទ​ផ្លូវ​នយោបាយ​របស់​លោក សម រង្ស៊ី។ ក្រោយ​ពី​លោក ហ៊ុន សែន ថ្លែង​គំរាម​បែប​នេះ​បាន​តែ​ជាង ១០​ថ្ងៃ​ប៉ុណ្ណោះ លោក សម រង្ស៊ី បាន​ប្រកាស​ដាក់​ពាក្យ​លា​លែង​តែ​ម្ដង។

ការ​ប្រកាស​លា​លែង​ពី​តំណែង​របស់​លោក សម រង្ស៊ី នេះ ជំរុញ​ឲ្យ​មាន​ចោទ​សួរ​ថា តើ​ទិដ្ឋភាព​នយោបាយ​កម្ពុជា​នឹង​វវត្តន៍​ទៅ​ជា​យ៉ាងណា?

ជុំ​វិញ​ដំណើរ​វិវឌ្ឍន៍​នៃ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ថ្មីៗ​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា បាន​ផ្ដល់​ជា​ទស្សន​វិភាគ​របស់​លោក​ថា ស្ថានការណ៍​ថ្មីៗ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ដំណើរ​ការ​ធាក់​ថយ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​លើក​ឡើង​ដូច្នេះ ដោយសារ​លោក​មើល​ឃើញ​ថា សេរីភាព​នយោបាយ​សម្រាប់​គណបក្ស​ប្រឆាំង ត្រូវ​បាន​រឹត​ត្បិត​កាន់​តែ​ខ្លាំង ហើយ​គណបក្ស​នេះ​កំពុង​ប្រឈម​នឹង​សម្ពាធ​នយោបាយ​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៧​នេះ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។

លោក សូ ចន្ថា៖ “ស្ថានការណ៍​វិវត្តន៍​នៃ​នយោបាយ​កម្ពុជា យើង​ឃើញ​ថា វា​ហាក់​ជា​ដូចជា​វិវត្ត​ថយ​ក្រោយ​ទៅ​វិញ ក្នុង​ដំណើរការ​នៃ​ប្រជាធិបតេយ្យ ដោយសារ​តែ​មក​ដល់​ពេល​នេះ យើង​ឃើញ​មាន​ការ​រឹត​ត្បិត​​សេរីភាព​អ្នក​នយោបាយ​កាន់​តែ​ខ្លាំង​ជាង​មុន រហូត​ដល់​មាន​ការ​កែប្រែ ឬ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដែល​រឹត​ត្បិតសេរីភាព​របស់​អ្នក​នយោបាយមួយ​ចំនួន​ដែល​អាច​នឹង​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេងៗ នៅ​ក្នុង​ដំណាក់​កាល​ថ្មី​នេះ”។

អ្នក​វិភាគ​រូប​នេះ​ព្រមាន​ថា ស្ថានការណ៍​បែប​នេះ បង្ហាញឲ្យ​ឃើញ​ថា ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្ថិត​នៅ​លើ​ផ្លូវ​គ្រោះ​ថ្នាក់ បន្ទាប់ពី​​គណបក្ស​កាន់​អំណាច​បាន​ព្យាយាម​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ និង​កែ​ប្រែ​ច្បាប់​មួយ​ចំនួន ដើម្បី​ផាត់​គូ​ប្រជែង​ដ៏​ធំ​របស់​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ប្រជែង។

ជុំ​វិញ​ការ​សម្រេច​ចិត្ត​របស់​លោក សម រង្ស៊ី ថ្មីៗ​នេះ លោក សូ ចន្ថា មើល​ឃើញ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ អាច​ដើរ​តាម​​ផ្លូវ​របស់​អ្នក​ស្រី អ៊ុងសាន ស៊ូជី មេដឹកនាំ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​ភូមា។ ជ័យលាភី​ពាន​រង្វាន់​ណូបែល អ្នកស្រី ស៊ូជី ត្រូវ​បាន​ច្បាប់​មួយ​ហាម​ឃាត់​មិន​ឲ្យ​ឡើង​ជា​ប្រធានាធិបតី​របស់​ប្រទេស​ភូមា ដោយសារ​តែ​ពួក​យោធា​បាន​ចែង​ច្បាប់​ថា អ្នក​នយោបាយ​ដែល​រៀបការ​ជាមួយ​ជន​បរទេស មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​កាន់​តំណែង​មួយ​នេះ​នោះ​ទេ។

បើ​ទោះបី​លោក សម រង្ស៊ី បាន​ប្រកាស​លា​លែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ ប៉ុន្តែ ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ មើល​ឃើញ​ថា គណបក្ស​ប្រឆាំង​នៅ​តែ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​​មេដឹកនាំ​ទាំង​ពីរ​គឺ​ លោក សម រង្ស៊ី និង​លោក កឹម សុខា ដដែល។

សម្រាប់​លោក អ៊ូ វីរៈ លោក​យល់​ថា គណបក្ស​ប្រឆាំង​បាន​រៀបចំ​វិធី​ថ្មី​មួយ​ទៀត ដើម្បី​បញ្ចៀស​កុំ​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​គេ​រំលាយ​ចោល ដូច​ទៅ​តាម​ការ​ប៉ុន​ប៉ង​កែប្រែ​ច្បាប់​គណបក្ស​នយោបាយ ដែល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​កាល​ពី​ចុង​ខែ​មករា​កន្លង​មក។

ប៉ុន្តែ អ្នក​វិភាគ​រូប​នេះ បាន​ព្រមាន​ថា ស្ថានការណ៍​នយោបាយ​កម្ពុជា នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​ទំនុក​ចិត្ត​របស់​វិនិយោគិន​បរទេស ដែល​មាន​បំណង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​លោក​បាន​លើក​ឡើង​ពី​ការ​ធ្លាក់​ចុះ​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ថៃ អំឡុង​ពេល​ដែល​ប្រទេស​នេះ ជួប​ប្រទះ​នឹង​វិបត្តិ​នយោបាយ​រវាង​ក្រុម​អាវ​ក្រហម និង​ក្រុម​អាវ​លឿង កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

លោក អ៊ូ វីរៈ៖ “អស្ថេរភាព​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អចលន​ទ្រព្យ​មុន​គេ បន្ទាប់​មក​អាច​ប៉ះ​ពាល់​ការ​រក​ស៊ី​មួយ​ចំនួន​ផ្សេង​ទៀត។ បើ​យើង​មើល​ស្រុក​ថៃ នៅ​ពេល​មាន​អស្ថេរភាព បាតុកម្ម និង​មាន​អាវ​លឿង​ម្ដង អាវ​ក្រហម​ម្ដង ហើយ​មាន​រដ្ឋ​ប្រហារ​អីចេះ​រដ្ឋ​ប្រហារ​ឡើង សេដ្ឋកិច្ច​ប្រទេស​ថៃ​ធ្លាក់​ចុះ ធ្លាក់​ចុះ​រហូត ដល់​ពេល​ឡើង​វិញ ក៏​មិន​ឡើង​លើស ១ ឬ​ ២​ភាគរយ​ដែរ។ អីចឹង យើង​ឃើញ​ជា​ទូទៅ ឲ្យ​តែ​មាន​បញ្ហា​អីចឹង ធ្វើ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច”។

សម្រាប់​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល វិញ លោក​បាន​ប្រៀប​ធៀប​ការ​ប្រកួត​ប្រជែងនយោបាយ​កម្ពុជា​ ទៅ​នឹង​ការ​ប្រកួត​កីឡា​លើ​សង្វៀន​ដូច្នេះ​ដែរ ខណៈ​ដែល​មាន​ទស្សនិកជន​ទាំង​ជាតិ និង​អន្តរជាតិ កំពុង​តាម​ដាន​។ លោក​យល់​ថា សង្វៀន​ប្រជាធិបតេយ្យ​កម្ពុជា នឹង​មិន​ល្អ​មើល​នោះ​ឡើយ ប្រសិន​បើ​គូ​ប្រជែង​ម្ខាង បាន​ប្រើ​ប្រាស់​វិធី​នានា​ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​គូ​ប្រកួត​ម្ខាង​ទៀត ឲ្យ​បោះ​បង់​ចោល​ការ​ប្រកួត​នោះ។

ការ​ប្រើ​ប្រាស់​វិធី​នានា ដើម្បី​ដាក់​សម្ពាធ​នៅ​លើ​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន លោក ព្រាប កុល បញ្ជាក់​ថា នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរីភាព​ខាង​ផ្នែក​នយោបាយ ហើយ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​សន្ទស្សន៍​ខាង​សេរីភាព​កាន់​តែ​មិន​អាក្រក់​ថែម​ទៀត សម្រាប់​ឆ្នាំ​២០១៧​នេះ។

លោក ព្រាប កុល៖ “ខ្ញុំ​ថា អាច​នឹង​ធ្វើ​ឲ្យ​ពិន្ទុនៅ​កម្ពុជា​​ក្នុង​ជ្រុង​នៃ​សិទ្ធិ​នយោបាយ ឬ​ក៏​ទីលានប្រកួត​ប្រជែង​នយោបាយ​ហ្នឹង កាន់​តែ​យ៉ាប់​ទៅ សេរីភាព​ក្នុង​ការ​សម្ដែង​មតិ លំហរ​ក្នុង​ការ​ធ្វើកិច្ចការងារ​ក្នុង​សង្គម​ស៊ីវិល ឬ​ក៏​ក្នុង​ចំណោម​អ្នក​វិភាគ​ឯករាជ្យ​ហ្នឹង កាន់​តែ​មាន​ភាព​ចង្អៀត​ទៅ។ អីចឹង​ទាំង​អស់​ហ្នឹង តិច​ឬ​ច្រើន វាអាច​នឹង​មាន​ផល​ប៉ះ​ពាល់នៅ​ក្នុង​ការ​ដាក់​ពិន្ទុ ឬ​ការ​វាយ​តម្លៃទៅ​លើ​សន្ទស្សន៍​អន្តរជាតិ​ណា​មួយ។ ប្រសិន​បើ​យើងមិន​មាន​ការ​កែ​ប្រែឲ្យ​វា​ទៅ​រក​ភាព​វិជ្ជមាន​វិញ​ទេ គឺ​វា​នឹង​បន្ត​ ឬ​ក៏​អាច​ថា កាន់​តែ​យ៉ាប់​យឺន​បន្ថែម​ទៀត ក៏​ថា​បាន”។

ក្រៅ​ពី​នេះ លោក ព្រាប កុល រំពឹង​ថា ចង់​មិន​ចង់ សហគមន៍​អន្តរជាតិ​នឹង​រក​វិធី​ផ្សេងៗ មិន​ថា​ការ​ថ្លែង​រិះគន់​ដើម្បី​ស្ថាបនា ឬ​ក៏​វិធីសាស្ត្រ​កាទូត​នោះ​ឡើយ ដើម្បី​ជួយ​ឲ្យ​កម្ពុជា​វិល​ទៅ​រក​ដំណើរការ​ប្រជាធិបតេយ្យ​ត្រឹម​ត្រូវ​ឡើង​វិញ។

លោក ព្រាប កុល យល់​ថា គណបក្ស​កាន់​អំណាច ឬ​រដ្ឋាភិបាល គួរ​តែ​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និងការ​កែទម្រង់​សំដៅ​ទៅ​រក​ប្រជា​ពលរដ្ឋ ជា​ជាងប្រើ​ប្រាស់​វិធី​មិន​ល្អ​នានា ដើម្បី​បំបាក់​គូ​ប្រជែង​នយោបាយ​របស់​ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ