លោក ​គឹម​ សុខ ថា​រង​ការ​​គំរាម​កំហែង​ជា​បន្ត​បន្ទាប់ ក្រោយ​ពីរង​បណ្តឹងរបស់​លោក ហ៊ុន សែន

អ្នក​វិភាគ​បញ្ហា​សង្គមលោក គឹម សុខ ដែល​ត្រូវបាន​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្តឹងនិង​ឲ្យ​សមត្ថកិច្ច​តាម​ដាន​នោះ​បាន​ ស្នើ​រ​ដល់​រដ្ឋាភិបាល កុំ​ដាក់​កម្លាំងច្រើន​ពេក​ក្នុង​ការ​តាម​ដានសកម្មភាពរបស់​លោក រួម​ទាំង​បង​ប្អូននិង​មិត្ត​ភ័ក្រ​របស់​លោក​ផង​ដែរ។

លោក គឹម សុខ បាន​សរសេរនៅ​លើ​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ថា លោក​និង​គ្រួសារ​ រង​នូវ​ការ​តាម​រំខាន​ពី​សមត្ថកិច្ចជាច្រើន បន្ទាប់​ពី​លោក ​ហ៊ុន សែន បញ្ជាដល់​អាជ្ញាធរ​របស់​ខ្លួន​ឲ្យតាមមើល​ពី​សកម្មភាពលោកកុំ​ឲ្យ​លោក​ចេញ​ក្រៅប្រទេស​។ លោក​សរសេរ​បន្ថែម​ថា សមត្ថកិច្ច​តាម​​ដាន​លោកតែ​ពី​រ​នាក់​ គឺ​វា​គ្រប់​គ្រាន់​ហើយ​ ហើយ​មិន​គួរ​ប្រើ​កម្លាំង​ទៅ​ធ្វើសកម្មភាព​ដល់​ស្រុក​កំណើត​របស់​លោកទៀត​ទេ។

លោក គឹម សុខ បានឲ្យដឹងថា ​កាលពី​យប់​មិញ មិត្ត​ភ័ក្រ​របស់​លោកម្នាក់និងអ្នក​ជិត​ស្និទ្ធ​របស់​មិត្ត​ខ្លួនម្នាក់ ​ក៏ត្រូវ​បានគេ​ឃាត់​ខ្លួនបញ្ជូនទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ដូន​​ពេញ ដោយគ្រាន់​តែ​ពួកគាត់​បាន​ខ្ចី​ឡាន​គេ​ទៅ​​​ដឹក​លោក​ចេញពីការិយាល័យ​ VOA មក​ផ្ទះ​វិញ។

លោក​ថា៖ «គណបក្សប្រជាជនកម្ពុជាបានប្តឹងខ្ញុំរួចហើយ ហើយខ្ញុំបានបញ្ជាក់ជំហរច្បាស់ថា នៅ​តតាំង​​ក្នុងរឿងក្តីនេះ គឺមិនគេចខ្លួនដាច់ខាត ហេតុអ្វីបែរ​ជាប្រើវិធីបំពាន​សង្កត់​អ្នកដទៃ​ទៀតដែល​គ្រាន់​តែ​ស្គាល់រាប់អានខ្ញុំ?»។

វី​អូ​ឌី​​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​លោក ខៀវ សុភ័គ និង​អ្នក​នាំពាក្យ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​ លោក គៀត ច័ន្ទថា​រិទ្ធិ បាន​នៅ​ឡើយ​ទេ​ ដោយ​ទូរសព្ទ​លោកទាំង​ពីរ​​ចុច​ចូល​តែ​គ្មាន​អ្នក​ទទួល។

អ្នក​វិភាគ​ឯក​រាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា​សកម្មភាព​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​ទៅ​លើ​លោក គឹម សុខ នេះ​ជាសកម្មភាព​មួយ​ដែល​ជា​ចេតនា​ក្នុង​ការ​គំរាមនិង​បង្ក្រា​ប​ទៅ​លើ​អ្នក​ដែល​ប្រឆាំង​នឹង​ខ្លួន ក្នុង​គោល​បំណង​ពង្រឹង​អំណាច​ ដែល​ធ្វើ​ឲ្យ​លោក​យល់​ថាកម្ពុជា​សព្វថ្ងៃ​នេះកំពុង​ដើរ​ទៅ​ក្នុង​របប​ផ្តាច់ការ។

លោក​ថា៖ «នេះ​បើ​តាម​គំរូ​ដែល​មាន​ស្រាប់​មាន​មុន​ៗ នៅ​ប្រទេស​គេ​ឯង​ហ្នឹង​ ហ្នឹង​គេ​ទៅ​តាម​មួយ​ជួរ​ហ្នឹង ដែល​ភាសាអង់​គ្លេស​គេ​ហៅ​ថា​…គឺ​បំភិត​បំភ័យ​ប្រជា​ពល​រដ្ឋ​ទាំងអស់​នោះ​ណា​ឲ្យ​ខ្លបខ្លាច។ ដើម្បី​ថែ​រក្សា​អំណាច​ពង្រឹង​អំណាច​របស់​ខ្លួន»។

នៅថ្ងៃ​នេះដែរ ​សមត្ថកិច្ច​បាន​យក​ដី​កា​កោះហៅ​ឲ្យ​ចូល​ខ្លួន​របស់​តុលាការ​រាជធានីទៅ​បិទ​ដល់​មុខ​ផ្ទះ​របស់​ គឹម សុខ នៅ​ស្រុក​កំណើតនៅ​សង្កាត់​រការ​ក្នុង​ ក្រុង​ដូន​កែវ ខេត្ត​តាកែវផង​ដែរ ហើយ​លើស​ពី​នេះ​ទៀតក៏​មាន​ដី​កា​មួយ​ទៀតបង្គាប់​ឲ្យ​អាជ្ញា​ធរ​ពិនិត្យ​តាម​ច្រក​ព្រំ​ដែន​ទាំង​អស់​ ឃាត់​មិន​ឲ្យ​លោក គឹម សុខ ចេញទៅ​ក្រៅ​ប្រទេស​នោះទេ។

គួររំលឹកផ​ងដែរ​ថា​កាលពី​ថ្ងៃ​១៣ កុម្ភៈ ម្សិល​មិញលោក​ ហ៊ុន សែន បាន​ប្រតិកម្ម​ធ្ងន់​ៗ​ទៅ​លើ​អ្នក​វិភាគបញ្ហា​សង្គម​​លោក​ គឹម សុខ ដែល​លោក ​ហ៊ុន សែន ថា​លោក​ គឹម សុខ បានចោទ​ទៅ​លើ​គណបក្ស​របស់​លោក​ថា​ជាអ្នក​សម្លាប់​លោក​បណ្ឌិត ​កែម ឡី ក៏​ប៉ុន្តែ​លោក​ គឹម សុខ បាន​បក​ស្រាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយនានា​​ថា​លោក​មិន​បាន​ចោទ​គណបក្ស​ប្រជា​ជនដូច​ដែល​អ្វី​ដែល​លោក​ ហ៊ុន សែន បាន​លើក​ឡើង​នោះ​ទេ ហើយលោក​ក៏បានបញ្ជាក់ជំហរដែរ​ថា នឹង​​នៅតតាំង​រឿងក្តី​នេះតាម​ច្បាប់​ជា​​មួយ​​បក្ស​ប្រជា​ជន គឺមិនរត់ទៅក្រៅប្រទេសនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ