កម្ពុជា៖ អង្គការសហប្រជាជាតិ កុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

ប្រមុខការទូតកម្ពុជាប្រាប់តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​​អង្គការ​សហប្រជាជាតិទទួលបន្ទុកសិទ្ធិ​មនុស្ស​នៅ​កម្ពុជា (OHCHR) ឲ្យចៀសវាងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ នេះបើតាមអ្នកនាំពាក្យក្រសួងដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបពិភាក្សាការងារសំរាប់ឆ្នាំថ្មី រវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងតំណាង OHCHR នៅព្រឹកថ្ងៃទី១៤​ កុម្ភៈ ២១០១៧ នេះ។

អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី ថា៖ «លោករដ្ឋមន្ត្រីបានសំណូមពរឲ្យ OHCHR យកចិត្តទុកដាក់ចំពោះការគោរពឲ្យបានត្រឹមត្រូវ ចំពោះអធិបតេយ្យភាពរបស់កម្ពុជា ហើយ និងចៀវាងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ស្របតាមការកំណត់មាត្រា៧ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាការកំណត់ក្រមប្រតិបត្តិនានាសំរាប់មន្ត្រីរដ្ឋបាលអន្តរជាតិ»។

លោក ជុំ សុន្ទរី បន្តថា លោករដ្ឋមន្ត្រីចង់ឲ្យមានការជួបពិគ្រោះជាទៀងទាត់រយៈពេលបីខែម្តងទៅតាមភាពចាំបាច់។

លោកស្រី វ៉ាន់ហ៊ី លី (Van-Hea Lee) តំណាង OHCHR ប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា ជំនួបពិភាក្សានេះផ្តោតលើការសហប្រតិបត្តិការទៅវិញទៅមក មិនផ្តោតលើបញ្ហាជាក់លាក់អ្វីទេ។

កាល​ពី​ថ្ងៃ​ទី​១៩ ធ្នូ ២០១៦ រដ្ឋាភិបាល​កម្ពុជា និង​ការិយាល័យ​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់ដើម្បីឲ្យអង្គការអន្តរជាតិនេះបន្តការងារ​នៅ​កម្ពុជា សម្រាប់​រយៈពេល ២​ឆ្នាំ​ទៀត។

មុន​នឹង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈ​ជាថ្មីនេះ រដ្ឋមន្រ្តី​ការ​បរទេស​កម្ពុជា លោក ប្រាក់ សុខុន កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៦ បាន​ផ្ញើ​លិខិត​ទៅ​កាន់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ដោយព្រមាន​បញ្ឈប់​កិច្ច​ប្រតិបត្តិការ​របស់​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា ប្រសិន​បើ​មន្ត្រី​នៃ​ការិយាល័យ​នេះ បន្ត​ធ្វើ​សកម្មភាព​របស់​ខ្លួន​ដែល​រដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជានោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ