សមាជិកសភា១២៣រូបអនុម័តសេចក្តីព្រាងច្បាប់ចំនួន​៤ដោយគ្មានសំឡេងជំទាស់

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 5:15 PM | នយោបាយ | 0 | 10051 សមាជិកសភាចំនួន​១២៣សម្រេច​ជា​រួម​អនុម័តទៅលើ​សេចក្តី​ព្រាង​ច្បាប់​ចំនួន​៤​ (FB: National Assembly Of Cambodia)

សមាជិកសភាចំនួន​១២៣រូបនៅថ្ងៃនេះ បានអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ក្នុងនោះរួមទាំងសេចក្តីព្រាងច្បាប់​ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌទាំងស្រុង ដោយមិនមានសំឡេងជំទាស់ទេ។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានរបស់រដ្ឋសភាឲ្យដឹងថា  នៅព្រឹក​នេះ​សភាបានពិភាក្សានិងអនុម័តទៅ​លើ​ច្បាប់​ចំនួន​៤​រួមមាន សេចក្តី​ព្រាង​ច្បាប់ធ្វើវិសោ​ធនកម្ម​រដ្ឋធម្មនុញ្ញ ច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ និង​សេចក្តី​ព្រាងច្បាប់​ស្តីពីការ​អនុម័ត​យល់​ព្រម​លើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល​ពាណិជ្ជកម្ម​តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។

រដ្ឋ​សភាក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សមាជិក​សភា​ទាំង​១២៣​នាក់​ បាន​សម្រេច​ជា​រួម​អនុម័តទាំង​ស្រុងទៅលើ​សេចក្តី​ព្រាង​ច្បាប់ទាំងនេះ ដោយមិនមានការជំទាស់ទេ។​

សេចក្តីព្រាង​ច្បាប់ស្តីពីការធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​ បាន​សរសេរ​បន្ថែម​នូវ​សិទ្ធិ​ និង​ករណី​កិច្ច​របស់​ពល​រដ្ឋ​ និង​សិទ្ធ​នយោបាយ ដោយ​បាន​ផ្តោត​លើ​ការរក្សា​ប្រយោជន៍​ជាតិ​ជា​ធំ មិន​ត្រូវ​ធ្វើ​ការ​ងារ​បម្រើ​ប្រយោជន៍​របស់​បរទេស​ទោះ​បីជា​ដោយ​ផ្ទាល់​ឬ​ប្រយោល​ក៏​ដោយ​​។ ខណៈច្បាប់​ស្តីពី​វិសោធនកម្ម​ព្រហ្មទណ្ឌ​បានចែងពីទោសទណ្ឌ​ ដាក់ព​ន្ធនា​គា​រ ពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ ច​ន្លោះ​ពី ២​លា​ន ដល់៥០លា​នរៀល ដល់​អ្នក​ដែល​បាន​ប្រមាថ​ព្រះ​មហា​ក្សត្រ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required