ចលនាមួយ​រៀប​ចំ​ឲ្យ​មាន​ការចូលរួម​​ត្បាញ​ក្រមា​វែង​ជាង​គេ​លើ​ពិភព​លោក

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 3:01 PM | វប្បធម៌ | 0 | 1335 ការ​ត្បាញ​ក្រមាខ្មែរ ​(ហ៊ុន សិរីវឌ្ឍន៍)

ចលនាមួយឈ្មោះ Gogo Cambodia អំពាវនាវឲ្យ​ប្រជាពលរដ្ឋ​​គ្រប់​ស្រទាប់​វណ្ណៈ ចូលរួមត្បាញក្រមាឲ្យបានវែងជាងគេបំផុតនៅលើពិភពលោក ដើម្បីលើក​ស្ទួយ​ការ​ប្រើ​ប្រាស់​ក្រមា ក៏​ដូច​ជា​បង្ហាញ​ពិភព​លោក​ពី​ការឯក​ភាព​គ្នា​នៅ​​កម្ពុជា។

បើ​តាម​គម្រោង​ក្រមាខ្មែរដែល​នឹង​ដាក់​បំបែក​ឯក​ទត្ត​កម្មពិភព​លោកនេះ​មាន​ប្រវែង១គីឡូ​ម៉ែត្រ។ ​​ប្រជា​ជន​អាច​ចូល​រួម​ចាប់ពី​ថ្ងៃ​ទី​១៤​ កុម្ភះនេះបាននៅ​វាល​ព្រះ​មេរុ ដែល​មាន​ទី​តាំង​ជិត​ព្រះ​បរម​រាជ​វាំង។

អ្នក​សម្រប​សម្រួលកម្មវីធី​​ ​កញ្ញា ឆាយ​ ដានី បាន​ឲ្យ​អ្នក​សារព័ត៌មាន​វី​អូ​ឌី​ដឹង​ថា កម្មវិធីនេះ បើកឲ្យមានការចូលរួមពីមហាជនត្បាញ រហូតដល់បានប្រវែង១ពាន់ម៉ែត្រ។ កញ្ញា​ជំរុញ​ឲ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​អស់​ចូល​រួម​ទាំង​អស់​គ្នា​ក្នុង​ការ​ត្បាញ​ក្រមា​នេះ ដោយ​ថាដើម្បី​បង្ហាញ​ពី​អត្ត​សញ្ញា​ណ​ខ្មែរ និងសាមគ្គីភាព​របស់​ប្រជាជន។

កញ្ញា​ថា៖ «ចូល​រួម​ត្បាញ​នូវ​ក្រមា​១ពាន់​ម៉ែត្រ​ហ្នឹង​ទៅ​យើង​នឹង​មាន​កន្លែង​បង្រៀន។ មាន​ន័យថា យើង​ចុះ​ឈ្មោះ​ហើយ​យើង​នឹង​មាន ​Pass Book មួយ​មាន​ន័យ​ថា​យើង​រួច​រាល់​ហើយ​នៅ​កន្លែង​រៀន​ហ្នឹង​។ មាន​ន័យ​ថា​យើង​រៀន​ហើយ​បាន​យើង​មាន​សិទ្ធិ​ទៅ​ត្បាញ​នូវ​ក្រមា១ពាន់​ម៉ែត្រ​ហ្នឹង​បាន។ ហើយ​យើង​អាច​មក​ត្បាញ​រាល់​ថ្ងៃ​ក៏​បាន។ ជា​ចុង​ក្រោយ​ខ្ញុំ​សំណូម​ពរ​ឲ្យមហា​ជន ក៏​ដូច​ជា​​សារធារណជនទាំ​ងអស់គាត់ចូល​រួម​ក្នុង​ការ​ត្បាញ​ក្រមា ទោះ​បី​ជា​មួយ​សសៃ​ពីរ​សសៃ ក៏​ប៉ុន្តែ​យើង​ចូល​រួម​ទាំង​អស់​គ្នា​ដើម្បី​បញ្ជាក់​ថា យើង​សាម​គ្គី​គ្នា​ដើម្បី​ចូល​រួ​ម​ត្បាញ​ក្រមា​១ពាន់​ម៉ែត្រ​ដែល​វែង​ជាង​គេ»។

កំពុង​អង្គុយ​រង់​ចាំ​រៀន​ត្បាញ​ក្រមា ​និស្សិត​សកល​វិទ្យា​ល័យ​មួយ​នៅ​ភ្នំពេញ​កញ្ញា ផាន់ ស្រីភឹម ថា​កញ្ញា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ការ​ចូល​រួម​នេះព្រោះ​អាច​ធ្វើ​ឲ្យ​កញ្ញា​បាន​ដឹង​ពី​ក្រមា និង​ការ​ត្បាញ​។

កញ្ញា​ស្រីភឹម៖ «មាន​អារម្មណ៍​ថា​សប្បាយចិត្ត និង​អរគុណ​ពួកគាត់​ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដែល​ធ្វើ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​ក្រមា និង​ការ​ត្បាញ​ក្រមា»។

ជានិស្សិ​ត​នៃ​សកល​វិទ្យាល័យ​ជា​មួយ​គ្នា​លោក យូ វី​ ថា​លោកចូល​រួម​នេះ​ដោយ​សារ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​សកល​វិទ្យាល័យ​ និង​ចង់​ដឹង​ពី​ការ​ត្បាញ​ក្រមា​ខ្មែរ​នេះ។

លោក​ថា៖ «ចំពោះ​ខ្ញុំ​ៗចង់​ដឹង​ថា​ការត្បាញ​ក្រមា​មួយ​ប្រើ​រយៈពេល​ប៉ុន្មាន? ហើយ​វា​ក៏​ជា​មោទនភាព​មួយ​ដែរ​សម្រាប់​ប្រជា​ជន​កម្ពុជាដែល បាន​បង្កើត​កម្មវិធី​នេះ​មក​ដើម្បី​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចូល​រួមបង្ហាញ​ពិ​ភព​លោក​ឲ្យ​បាន​ដឹង​ថា​ខ្មែរ​គឺអាច​ធ្វើ​បាន»។

ទើប​តែ​បាន​រៀន​ពី​វិធី​ត្បាញ​ក្រមារួច​កញ្ញា ស៊ូ គីណា ដែល​ជាខ្មែរ​ឥស្លាម​ និង​ជា​និស្សិត​សកល​វិទ្យាល័យ​មួយ​ផង​នោះ​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​កញ្ញា​បាន​ប៉ះ​កី​តម្បាញ ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ភ័យ​បន្តិច។ ប៉ុន្តែកញ្ញានៅតែបន្តធ្វើ ដោយសារចង់ចេះ ចង់ដឹង។​

កញ្ញា​ថា៖ «ខាង​នេះ​ខាង​រៀន​ ខាង​នោះ​ខាង​ត្បាញ​យក ពេល​រៀន​ហើយ​កន្លែង​នេះ​ទៅ​ត្បាញ​កន្លែង​នោះ​បន្ត​ទៀតគេ​ឲ្យ​លេខ​បន្ត​ទៀត។ […] អត់​រ៊ួយ​ដៃ​ទេ​! តែ​មុត​ម្ជុលដែល​គេដាក់​នៅ​គៀន»។

ក្នុង​កម្ម​វិធី​នោះអ្នក​ចួលរួម​នឹង​បាន​ឃើញ​ពី​ការ​យក​សរសៃកប្បាស ការ​វិញ​សរសៃ ​ការត្បាញ រួម​ទាំង​បាន​រៀន​ពី​ការ​ត្បាញ​​ផង​ដែរ ក្នុង​នោះក៏​មា​ន​ការ​តាំង​ពិព័ណ៌ក្រមា និង​វត្ថុបុរាណ ម្ហូប​អាហារ រួម​ទាំង​ទស្សនីយភាពសិល្បះ​ផ្សេង​ៗទៀត​​ផង​ដែរ។

កម្ម​វិធី​ត្បាញក្រមា​បំបែក​ឯក​ត្តកម្ម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ចលនា Gogo Cambodia ក្នុង​ការ​លើក​កម្ពស់​មោ​ទនភាព​ជាតិ និង​ការ​ចូល​រួម​សាមគ្គី​នៃ​ប្រជា​ជន​ខ្មែរ។

ក្រមា​ គឺ​ជា​សំពត់​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ប្រើ​ប្រាស់​ជាយូរ​យារ​ណាស់​មកហើយ ដែល​ត្រូវ​បាន​ក្លាយ​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​មួយ​ផង​ដែ។

បើតាមគេ​ហទំព័រ​របស់ Gogo Cambodia ក្រមាត្រូវបានប្រើប្រាស់​ និងមានប្រវត្តិ​យូរលង់​ណាស់​មក​ហើយតាំង  ពី២២០០ឆ្នាំ​មុន​មក​ម្ល៉េះ បើយោងតាមភស្តុតាងនៃប្រវត្តិសាស្ត្រ​អាចសន្និដ្ឋានបានថាក្រមា​ប្រហែល​កើត​ឡើងដំណាល​គ្នានឹងពេល​ដែល​មនុស្ស​រស់នៅលើទីកដីខ្មែរ ចេះត្បាញរវៃព្រោះគេបាន​រកឃើញថាភស្តុតាង​សម្ភារ​តម្បាញ​ដូចជាក្បាលត្រល់ និងខ្នារ​អំបោះ​នៅ ស្ថានីយបុរាណវិទ្យាម្លូព្រៃ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required