លោក ម៉ម ប៊ុនហេង អំពាវនាវឲ្យយុវជនស្ម័គ្រចិត្តផ្តល់ឈាម​ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 11:47 AM | សុខភាព | 0 | 870 រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង (ណាត សុភាព)

រដ្ឋ​មន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង អំពាវនាវឲ្យយុវជនស្ម័គ្រចិត្តផ្តល់ឈាម​ដល់មន្ទីរពេទ្យ​​រដ្ឋ ដោយថាដើម្បីជួយសង្គ្រោះអ្នកជំងឺខ្វះឈាម និងបង្កើតវប្ប​ធម៌​ល្អសម្រាប់សង្គម រួមទាំង​ក្តីស្រលាញ់របស់ប្រជាជនគ្រប់រូប។

លោក ម៉ម ប៊ុនហេង បានថ្លែងបែបនេះនៅចំពោះមុខ​យុវជន និងយុវតីរាប់រយនាក់ ក្នុង​យុទ្ធនាការបរិច្ចាគឈាម នាថ្ងៃទី១៤កុម្ភៈនេះ ដែលជា​ថ្ងៃ ទិវានៃក្តីស្រលាញ់ នៅ​មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃ​មន្ទីរ​ពេទ្យ​រុស្សី​ រាជធានីភ្នំពេញ​។​

លោកថ្លែងដូចនេះថា «ការផ្តល់ឈាម គឺជាការធ្វើអំពើល្អ និងជាការចែករំលែកនូវ​សេចក្តីស្រលាញ់ សេចក្តី​​អាណិតអាសូរដល់ជនរងគ្រោះទាំងអស់​ដែលត្រូវ​ការឈាម​  ​ ក្នុ​ង​ការ​ព្យាបាល និងជួយសង្គ្រោះជីវិត​ចលនានៃការចូលរួមរបស់យុវជនយើងក្នុងការបរិច្ចាគឈាមអាចបង្កើតវប្បធម៌ដ៏ល្អមួយសម្រាប់សង្គមរបស់យើង​ មានន័យថា ឈាមបានផ្សារភ្ជាប់ជិវិត និងសេចក្តីស្រលាញ់របស់ប្រជាជនគ្រប់រូប​»។

យុវតី កញ្ញា យ៉ាល់ សោភា​ បាន​ប្រាប់អ្នកសារព័ត៌មាននៅកន្លែងផ្តល់ឈាមថា ដើមចម​ដែលនំាឲ្យគាត់​សម្រេច​មក​ផ្តល់​ឈាមនេះ ដោយថា​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ជំងឺដែលត្រូវ​ការ​ឈាម​ និងដើម្បីចែករំលែកនូវក្តីស្រលាញ់ ក្នុងទិវានៃក្តីស្រលាញ់ ១៤កុម្ភៈនេះផង​ដែរ។

កញ្ញាឲ្យដឹងថា «ថ្ងៃហ្នឹង ថ្ងៃ១៤កុម្ភៈ ថ្ងៃបុណ្យនៃក្តីស្រលាញ់ ខ្ញុំចង់បរិច្ចាគឈាម ទាន់មានឱកាស និងជាថ្ងៃពិសេសទៀត ដើម្បីជួយដល់អ្នកជំងឺដែលគាត់ខ្វះឈាម​»។

យុវជន អូន វណ្ណៈ ដែលផ្តល់ឈាមជូន​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់ឈាមដែរនោះ បានស្នើ​ទៅគ្រូពេទ្យយកឈាមពួកគេទៅជួយសង្គ្រោះជីវិតអ្នកជំងឺ ដោយថាកុំឲ្យយក​ទៅ​លក់​ ឬធ្វើអាជីវកម្ម​ នៅពេល​ដែល​អ្នកជំងឺត្រូវ​ការឈាមសង្គ្រោះបន្ទាន់​។

យុវជនរូបនោះអំពាវនាវថា «យើងបរិច្ចាគដោយស្មោះត្រង់ ដោយគ្មានការ​យកលុយ ឬក៏អ្វីផ្សេង​ ឈាមដែលយើងផ្តល់​…ខ្ញុំចង់ជូនទៅដល់​អ្នកដែលខ្វះឈាម​ កុំឲ្យ​គ្រូពេទ្យ​គាត់យក ប្រើប្រាស់​ក្នុងការ យកឈាម​របស់យើងយកទៅលក់​»។

យុវជននិងយុវតីទាំងនោះ ក៏បានអំពាវនាវទៅយុវជនទាំងអស់ដែលមានសុខភាពល្អ ចូលរួមបរិច្ចាគឈាមនៅមន្ទីរពេទ្យរដ្ឋ ដោយថា ដើម្បីជួយសង្គ្រោះអ្នកជំងឺ ដែលខ្វះឈាម និងផ្សារភ្ជាប់ក្តីស្រលាញ់ទៅកាន់ប្រជាជនខ្មែរ និងជាគំរូល្អសម្រាប់សង្គមជាតិ។

ប្រធានសមាគមបណ្តាញយុវជន​កម្ពុជា​ ហៅកាត់ថា (CYN) លោក ទឹម ម៉ាឡៃ សង្កេតឃើញថា ឈាម​ដែល​ទទួល​បានពីអ្នកបរិច្ចាគនោះ ពេលខ្លះ​មិនបានចែករំលែក​ទៅដល់អ្នកជំងឺដោយ​មិនគិតលុយនោះទេ ដោយ​លោកថា ធ្លាប់​ឮ​ពីអ្នកក្រីក្រ និងបងប្អូនលោកផ្ទាល់ថា នៅពេលទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ ត្រូវ​ទិញ​ឈាមផងដែរ​។ ករណីនេះ លោកថា រដ្ឋាភិបាលត្រូវ​ធ្វើកំណែទម្រង់​វិស័យ​សុខាភិបាល​ឲ្យបានល្អ ដើម្បីទទួលបានការគាំទ្រពី​ពលរដ្ឋ និង​អន្តរជាតិ។

លោក​ថា «ប្រសិនជាមន្ទីរពេទ្យយើងក្លាយជាមន្ទីរពេទ្យ​ ឬក៏សេវាសាធារណៈយើងក្លាយទៅជាសេវា​សាធារណៈ​ល្អ​មានការសរសើរក្រៅពីពលរដ្ឋខ្លួន គឺពីប្រទេសជិតខាង​ពីប្រទេសលើពិភពលោក គេអាចឈានដល់ការមក​ប្រើសេវាយើងថែមទៀត ទម្រង់នេះ យើងឃើញថា វាអាចបន្តទៅមុខ ប្រសិនបើមានការ​កំណែទម្រង់ពិតប្រាកដ​​»។

របាយការណ៍របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឲ្យដឹងថា ចាប់តាំងពីឆ្នាំ​២០​១៣ ដល់ឆ្នាំ២០១៧ មាន​ប្រជាជន និងយុវជន ចំនួន​៧៤១​នាក់​ បានបរិច្ចាគឈាមជូនស្ថាប័នរដ្ឋ ដោយ​ចំ​នួននេះ មានការកើនឡើងប្រមាណ២០ភាគរយជារៀង​រាល់ឆ្នាំ៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required