សហជីពចោទថា ក្រុមហ៊ុនកាស៊ីណូ២នៅប៉ោយប៉ែតកំពុងរំលោភច្បាប់ការងារ

(រូបភាពសហជីពនៅប៉ោយប៉ែត)

សហជីពចោទថា ក្រុមហ៊ុនកាស៊ីណូចំនួនពីរនៅក្រុងប៉ោយប៉ែតអនុវត្តលក្ខខណ្ឌការងារផ្ទុយពីច្បាប់ ខណៈ លោក ហ៊ុន សែន​ កំពុងជំរុញទៅភាគីពាក់ព័ន្ធពិនិត្យ និងកែលម្អលក្ខខណ្ឌការងាររបស់កម្មករនយោជិតឲ្យកាន់តែល្អប្រសើរ។

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពី ថ្ងៃទី១២មករាថា ក្រោយកិច្ចប្រជុំជាមួយបុគ្គលិក នៃក្រុមហ៊ុនកាស៊ីណូហ្គ្រែន ដាយអឺម៉ន ស៊ីធី និង DNA Star ក្នុងក្រុងប៉ោយប៉ែតគឺពិនិត្យឃើញថា ក្រុមហ៊ុនទាំងពីរនេះកំពុងអនុវត្តលក្ខខណ្ឌការងារផ្ទុយពីច្បាប់ស្តីពីការងារ ។

លោក ប៉ាវ ស៊ីណា ស្នើទៅមន្ទីរការងារខេត្តបន្ទាយមានជ័យចុះពិនិត្យមើលអំពីស្ថានភាពលក្ខខណ្ឌការងារនៅ ក្រុមហ៊ុនកាស៊ីណូទាំងពីរនោះ និងបណ្តាក្រុមហ៊ុនផ្សេងៗទៀត ដែលកំពុងដំណើរការក្នុងខេត្តនេះ ឲ្យអនុវត្តច្បាប់បានត្រឹមត្រូវ ។

សមាជិកសហជីពចលនាកម្មករកម្ពុជាប្រចាំក្រុមហ៊ុន កាស៊ីណូហ្គ្រែន ដាយអឺម៉ន ស៊ីធី លោក អ៊ុំ ឆាយយ៉ា ប្រាប់វីអូឌីនៅថ្ងៃនេះថា ម្ចាស់ក្រុមហ៊ុន​ទាំងពីរនោះបានអនុវត្តន៍លក្ខខណ្ឌការងារផ្ទុយពីច្បាប់ដូចជា ការលួចម៉ោង ការងារបុគ្គលិក បញ្ឈប់បុគ្គលិកខុសច្បាប់ការងារ ផ្តល់ថ្ងៃឈប់សម្រាកដល់បុគ្គលិកមានចំនួនចំតិច និងកៀបសង្កត់មកលើបុគ្គលិកជាដើម។

លោកបន្ថែមថា «ក្រុមហ៊ុនអនុវត្តការងារច្រើនម៉ោងរហូតដល់១២ម៉ោង ទី២ថ្ងៃឈប់សម្រាក ការឈប់សម្រាក  របស់បុគ្គលិកអត់ធ្វើតាមច្បាប់ទេ១ខែគាត់ឈប់បានតែ២ថ្ងៃទេ ហើយការដាក់ទោសពិន័យបុគ្គលិកហ្នឹងអត់ អនុវត្តតាមច្បាប់ទេ គឺធ្វើតាមតែអំពើចិត្តរបស់ថៅកែដូចថាថៅកែមិនពេញចិត្តរឿងអីមួយចង់ដកចោលដកចោល និងមួយទៀតធ្វើការលួចម៉ោងពេក ដូចថាវាលោតម៉ោងលឿនពេក ធ្វើឲ្យបុគ្គលិកពីបាកធ្វើការងារ»។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីម្ចាស់ក្រុមហ៊ុនទាំងពីរណាម្នាក់បានទេជុំវិញបញ្ហានេះ។

ប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យលោក រស់ សារុំ មានប្រសាសន៍ថា តាមការចុះអធិការកិច្ចរបស់របស់លោកកន្លងមកគឺ មើលឃើញថា ក្រុមហ៊ុនទាំងពីរនោះអនុវត្តច្បាប់ការងារល្អច្រើនជាងអាក្រក់។

លោកបន្តថា ប្រសិនបើមានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនទាំងនេះអនុវត្តន៍លក្ខខណ្ឌការងារមិនល្អលោកនឹងឲ្យ ចុះធ្វើអធិការកិច្ច និងសម្របសម្រួលដោះស្រាយបន្តទៀត។

លោកបន្ថែមថា «ទាក់ទងទៅនឹងការអនុវត្តច្បាប់ស្តីពីការងារ ខ្ញុំគិតថា ក្រុមហ៊ុនទាំងពីរនេះ ដូចជាធ្វើល្អច្រើនជាងអាក្រក់ ព្រោះអីក្រុមហ៊ុនផ្នែកខាងទេសចរណ៍ហ្នឹង គឺផ្តោតទៅលើការលែងល្បែងដែលរដ្ឋាភិបាល អនុញ្ញាត អញ្ចឹងអ្វីដែលគេរកលុយដើម្បីចំណូលក្រុមហ៊ុនរបស់គេ មិនមែនដើម្បីចំណូលទៅលើបុគ្គលកាន់  ជំនាញឡើយ។ បើសិនមានឯកត្តបុគ្គលណាមួយមិនបម្រើឲ្យសំនូមពរនីតិបុគ្គល នៃសហគ្រាស ខ្ញុំគិតថា បុគ្គលនោះគួរតែត្រូវគេដកចេញហើយ»។

សមាជិកសហជីពចលនាកម្មករកម្ពុជាប្រចាំក្រុងប៉ោយប៉ែតឲ្យដឹងថា ក្រុមហ៊ុនកាស៊ីណូហ្គ្រែន ដាយអឺម៉ន ស៊ីធីមានសាខាងមួយទៀត គឺកាស៊ីណូប៉ោយប៉ែត Resort ដែលកម្មករប្រហែល២៦០០នាក់កំពុងបម្រើការ ងារ។ ចំណែកកាស៊ីណូ DNA Star មិនដឹងចំនួនពិតប្រាកដ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពេលចុះជួបជាមួយកម្មករតែងតែក្រើនរំលឹកទៅភាគីពាក់ព័ន្ធឲ្យសហការគ្នា ដោយធ្វើយ៉ាងណាជួយសម្រាបសម្រួលលក្ខខណ្ឌការងាររបស់កម្មករនិយោជិកឲ្យកាន់តែប្រសើរឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ