ឯក​អគ្គ​រាជទូតខ្មែរ​នៅកូរ៉េខាងត្បូងទទូច​នាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌​សម្រាប់រូបលោក​

ឯក​អគ្គ​រាជទូត​ប្រចាំប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា(រូបថតពីហ្វេសប៊ុករបស់លោក)

ឯក​អគ្គ​រាជទូត​ប្រចាំប្រទេស​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា បាន​ទទូច​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ជួយ​រក​​យុត្តិធម៌សម្រាប់​រូបលោក ដោយ​លោកថា​លោក​កំពុង​ត្រូវបាន​គេ​មូលបង្កាច់​និង​មានចេតនា​ទម្លាក់លោក​ចេញពីតំណែង​។​

លោក ស៊ុត ឌីណា បាន​សរសេរបែបនេះនៅក្នុងComment(មតិយោបល់)​លើសារមួយ​ដែល​​​លោក​ ហ៊ុន សែន បាន​បង្ហោះ​នៅលើហ្វេសប៊ុកនៅយប់ថ្ងៃចន្ទនេះ អំពីការអន្តរាគមន៍​ឲ្យ​ដោះលែង​ពលរដ្ឋពីរនាក់នៅខេត្ត​កំពង់ស្ពឺ​។

លោក ស៊ុត ឌីណា​ បានស្នើ​សូមឲ្យ​នាយករដ្ឋមន្រ្តី​មេត្តា​ពិនិត្យនិងផ្តល់យុត្តិធម៌ដល់រូបលោក​។ លោកមានប្រសាសន៍ថា៖ “ហេតុអី រយៈពេលពីរឆ្នាំដែលខ្ញុំបាទបំពេញមុខងារជាឯកអគ្គរាជទូត នៅសាធារណរដ្ឋកូរ៉េ ដែលខ្ញុំបាទបានលះបង់គ្រប់យ៉ាង ដើម្បីរាជរដ្ឋាភិបាល ដើម្បីគណបក្សប្រជាជនកម្ពុជា បែរជាត្រូវទទួលរងនូវការរៀបចំសេណារីយ៉ូមូលបង្កាច់ បង្ខូចនិងមានការចាត់បញ្ជូនក្រុមមនុស្សមកធ្វើសវនកម្មពីរបីដង។ ថ្ងៃនេះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ មកមួយក្រុមទៀត(មកពីអង្គភាពពិសេស )”

សារដែលោក ស៊ុត ឌីណា សុំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយ​រក​យុត្តិធម៌
សារដែលោក ស៊ុត ឌីណា សុំ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយ​រក​យុត្តិធម៌

លោក ស៊ុត ឌីណា បានបញ្ជាក់ថា៖ “បើខ្ញុំបាទមិនមានជំហររឹងមាំទេ គឺមិនអាចយកឈ្នះលើសមរភូមិការងាររដ្ឋបាល ការទូត និង នយោបាយដ៏ក្តៅនេះបានឡើយ។ មន្រ្តីដែលបញ្ជូនមកក្រោយៗនេះ គឺគ្មានមនសិការការងារ គ្មានភាពលះបង់ឬស្អាតស្អំ ក្នុងឋានៈជាមន្រ្តីបម្រើ​ពលករ និងពលរដ្ឋខ្មែរទេ គេគិតតែប្រមូលផ្តុំក្បាលគ្នារកគ្រប់ឧបាយកលប្តឹង មូលបង្កាច់និងបង្ខូចកេរ្ត៍ឈ្មោះខ្ញុំបាទ ដើម្បីកំចាត់ខ្ញុំបាទចេញពីតួនាទីដែលបម្រើរាស្រ្តនិងបាំងផលប្រយោជន៍ពួកគេនិងពួកនៅពីក្រោយខ្នង”

លោក ស៊ុត ឌីណា ​មិន​បានបញ្ជាក់ឲ្យចំពី​បញ្ហាអ្វីដែលលោកកំពុងជួបប្រទះនោះទេ។​ វីអូឌីមិនទាន់អាចទាក់ទង​លោក ស៊ុត ឌីណា ដើម្បី​សុំការ​បញ្ជាក់បន្ថែមបាននៅឡើយទេ។​

លោក ស៊ុត ឌីណា ក៏​បាន​សុំទោស​នាយករដ្ឋមន្រ្តី ដែល​លោក​បាន​ស្នើសុំ​នៅ​​លើ​ហ្វេសប៊ុកបែបនេះ​។

អ្នកលេង​ហ្វេសប៊ុកម្នាក់បាន​Commentទៅលើសាររបស់លោក ស៊ុត ឌីណាថា៖ “បើមាសសុទ្ធកុំខ្លាចភ្លើង”។ លោកបាន​តបវិញថា៖ “ខ្ញុំមិនដែលខ្លាចសោះ តែវារំខានការងារសម្រាប់ជាតិនិងប្រជាជន ដូចជាថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៦នេះ ពលករ និស្សិត និងពលរដ្ឋទូទៅមកចាំឲ្យ​ត្រៀប ចាំទទួលការដោះស្រាយ អ្នកខ្លះដាច់បាយ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ