នាង​អ៊ីត ​​​ ប្ដី​សុំលែងនិង​​​​​​កំណត់​យក​ទ្រព្យ​​​​​​​​​​​អស់​ពី​ខ្លួន

នាង​ សេន ចន្តា ​ហៅ​​​អ៊ីត

ជា​មួយ​កា​រ​សារ​ភាព​ថាពិត​ជា​​បាន​លែង​ប្ដីដូច​ព័ត៌មាន​ល្ហិច​ល្ហៀង​ ​តារា​កំប្លែង​នាង​អ៊ីត​ក៏​បាន​​​​រំឭក​ឡើង​វិញពី​​​​​ដើម​ចម​ពិត​ប្រាកដ​​​​​និង​​​​​​​​​​​​​​លើកឡើង​ពី​ការ​សុំ​លែងរបស់​ស្វាមី​​​ដោយ​លែង​លាក់​​បាំង​ផងដែរ។ អ្វី​ដែល​​នាង​ហួស​ចិត្ត​​បំផុតគឺ​​​ក្រៅ​ពី​ប្ដី​​សុំ​លែង​ហើយ ថែម​ទាំង​​​​​កំណត់​​ឲ្យ​នាង​​​​​ប្រគល់​សឹង​អស់​ពី​ខ្លួន ជា​ថ្នូរ​នឹង​​​​​​​​កា​រ​បាន​កូន​​​យក​​មក​ចិញ្ចឹម​​​​ផ្ដាច់មុខ​​​។

​បើ​ទោះ​ជា​ដំណឹង​លែង​លះ​​​ប្ដី​របស់​តារា​ស្រី​រូប​នេះ ​ត្រូវ​គេ​ដឹង​​​ឮខ្ទរ​ខ្ទារច្បាស់​ការ​យូរ​​​​ក្រែលមក​ហើយ ​​​ក៏​ដើម​ចម​​នៃកា​របែក​​បាក់​​នៅ​តែមាន​​​ព័ត៌មាន​​ដោយ​ឡែក​ពី​គ្នា។ ក្នុង​ពេល​​​​​​​​​​បែក​បាក់​​ភ្លាម​​ៗ​មនុស្ស​ជា​ច្រើន​បាន​ទម្លាយ​ថា ​​​​​អ្នក​​ទាំង​ពីរ​ផ្ទុះ​រឿង​​ប្រច័ណ្ឌ​គ្នា​​និង​​​​​​​ខ្លះ​ថា​​បណ្ដាល​មក​ពី​​​ស្វាមីរបស់​នាងដែល​ត្រូវ​គេ​ដឹង​ថា​ជា​គ្រូ​បង្រៀន​​​​ថ្នាក់​ខ្ពស់​​​នោះ ខ្មាស​​គេនៅពេល​គេ​ចំអន់​ថា​​​​​នាង​ជា​តារា​ដែល​​​​​មិន​​ដឹង​ថា​នៅ​ពេល​បាត់​មុខ​ពីផ្ទះ​ទៅ​មិន​ដឹង​ថា​​ធ្វើ​​​​​​អ្វី​កំបាំង​ភ្នែក​ប្ដី​ខ្លះ​។ ប្រភព​ខ្លះ​បាន​​​​​​​​​លើក​ឡើង​ថា​​​​​​​​​ក្រុម​គ្រួសារ​​ខាង​ប្ដីជា​អ្នកបញ្ចេះ​​ឲ្យ​​ស្វាមី​នាងទារ​លែង​លះ ​​​​​​​​ទើប​នាំ​​ឲ្យ​​​អ្នកទាំង​ពីរ​​​​ចេះ​តែកើត​រឿង​​​​​ក្នុង​ផ្ទះ ហើយ​ឈាន​ដល់​​ដាច់ដោច​គ្នាកាល​ពី​ដើម​ឆ្នាំ​​២០១៦​នេះ​​។

ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ ​នាង​ សេន ចន្តា ​ហៅ​​​អ៊ីត ​​​បាន​​​ទទួលស្គាល់​ថា​រវាង​​នាងនិង​ស្វាមី គឺ​​​ពិ​តជា​ស្វាមី​​ជា​អ្នកសុំលែង​មែន ប៉ុន្តែ​ដើម​ចម​នៃចំណោទ​​បញ្ហា​​មិន​មែន​ដោយសារ​​ការ​បញ្ចេះ​របស់​ចាស់ទុំ ឬ​ដោយ​សារ​​ស្វាមី​​​ ឬ​នាងមាន​​​​​អ្នក​​​​ទី​៣​នោះ​ទេ។ ​នាង​និយាយ​ថា​​៖ “​​ប្ដី​ប្រពន្ធ​តារា​ភាគ​ច្រើន​គេ​​​​លែង​គ្នា​ដោយ​សារ​​​​​​​​​​​​​​​អ្នក​នេះ​មាន​ស្រី​អ្នក​នោះ​មាន​ប្រុស ​ ពួក​ខ្ញុំ​គឺ​​រឿងហ្នឹង​​អត់​មាន​ទេ ប៉ុន្តែ​​​​​បើ​តាម​ខ្ញុំ​មើល​​​​ ប្ដី​ខ្ញុំ​តាំង​ពី​​​​​មាន​បាន​មក​ថា​​​បែក​ធ្វេងខុស​ពី​មុន​ម្មង ​បើ​និយាយ​ពី​​​ដើរ​ផឹកគឺ​លែង​ស្គាល់​ផ្ទះ ហើយ​​តាំង​ពី​បាន​​មុខ​របរ​វង់​ភ្លេង​មួយ​ហ្នឹង ​​កុំ​ថា​​​​​​​​ប្រពន្ធ​យ៉ាង​ម៉េច កូន​យ៉ាង​ម៉េច​គាត់​អត់​ខ្វល់ ចង់​​​ប្រពន្ធ​​កូន​ធ្វើអី​ធ្វើ​ទៅ ​ទៅ​ណា​ទៅ​ណា​​​ ​​​​​​​ថា​​​​​លើស​ពី​អ្នក​ដទៃ​ទៀត​​​ ​​ថា​ខ្ញុំ​ក៏​អត់​យល់​ពី​គាត់ដែរ​!”

នាង​ថាស្វាមី​របស់​ខ្លួនក្រោយ​ពី​​​បាន​គ្រប់​គ្រង​វង់តន្ត្រីគឺ​ទស្សនៈនិងពាក្យ​សម្ដី​មិន​ដូច​មុន​ទាំង​ស្រុង ដោយ​​​​​ឲ្យ​តែ​​​​នាង​​​និយាយ​អី​តិច​តួច គឺ​ដឹងតែក្ដៅ​​ក្រហាយ​​និយាយ​​​មិន​ត្រូវ​គ្នា ហើយ​​សុំ​លែង​​ដដែល​ជា​ដដែល​។

​​​​នាង​អ៊ីតបង្ហើប​ប្រាប់​ថា​​​តូច​ចិត្ត​ខ្លាំង​ណាស់​ដែល​ក្នុង​ពេល​ក្រ​​​​​តស៊ូ​​​ត្រដាប​ត្រដួស​ទាំងប្ដី​ទាំងប្រពន្ធ ​​​​​​​ឌុប​គ្នា​ទៅ​ច្រៀង​ការ​​​​​​ទាំង​​លំបាក​ ប៉ុន្តែ​ដល់​ពេលមាន​បាន ​ក៏​ស្រាប់​តែ​ថ្ងៃ​ណា​ក៏​ប្ដឹង​ទារ​លែង ហើយ​​​​​​​​​​​​​​ជជែក​លើក​ណា​ក៏​​​បំបាក់​ទឹក​ចិត្ត​របស់​នាង  ធ្វើ​​ឲ្យ​នាង​ទៅ​ដល់​ផ្ទះ​ក៏​​​​ចង់​​​ដួលសន្លប់​រាល់​លើក​​​ព្រោះ​តែ​​​​​​​​​ហត់​នឿយ​កាយ​នឹង​​​​ដើរ​កំប្លែង​ជា​មួយ​នាយ​ក្រូច​ជា​បង​ប្រុស​ហើយ ក៏​ត្រូវ​ហត់​ចិត្ត​ព្រោះ​ស្វាមី​​​​​​​​​​​​​​​​​​​​​ទៀត។ នាង​និយាយ​ថា​៖ “​រឿង​​ស្រី​ខ្ញុំ​ដឹង​ថា​គាត់អត់​មាន​ទេ ​ខ្ញុំក៏​អត់​យល់​ដែរ ព្រោះ​តាំង​ពី​មាន​បាន​មកគឺ​ថ្ងៃ​ណា​ក៏គាត់​ដើរ​​​បាត់​ៗ​ដែរ ​​​​​ទោះ​​​មាន​អាហ្វែ​វង់​ភ្លេងក៏​​បាត់​​អត់​ក៏​បាត់ ​ហើយ​ថា​និយាយ​​​​ចុះ​បើ​បាន គឺ​​​​​​​​ហ៊ាន​តែ​និយាយ​គឺ​​​​​​​ទារ​តែ​លែង​​​​ ​​​​​ខ្ញុំ​មិនលាក់​ទេ​ពួក​ខ្ញុំ​​សម្រេច​ចិត្ត​លែង​គ្នា គឺ​ដោយ​សារ​តែគាត់​​​​ទារ​ខ្ញុំ​លែងដដែល​ៗអញ្ចឹង ទើប​​​​ចាស់ទុំ​​គាត់សម្រុះ​សម្រួល​លែង​កើត ក៏​​​ឈប់​គិត​រឿង​ខ្មាស់​គេ ហើយ​​លែង​​​​​​តែម្ដង​ទៅ!”

នាង​ សេន ចន្តា ​ហៅ​​​អ៊ីត(ខាងស្តាំ) និងក្រុមការងារ
នាង​ សេន ចន្តា ​ហៅ​​​អ៊ីត(ខាងស្តាំ) និងក្រុមការងារ

នាង​ថា​​ក្នុង​ពេល​លែង​លះ​​ស្វាមី​​​​កំណត់​​​​​ទារ​យក​មុខ​របរ​​​​​​វង់​ភ្លេង​ និងទ្រព្យ​របស់ស្ទើរ​ទាំង​អស់ ដែលជា​​ញើស​​ឈាម​​ប្រឹង​រក​ភាគ​ច្រើន​របស់​នាង​​​​​​ ជា​ថ្នូរ​នឹង​​​ការ​ប្រគល់​កូន​​ស្រី​​​ឲ្យ​នាង​​​​​​គ្រប់​គ្រង​។ នាងនិយាយ​ថា​៖ “​​​​​ប្ដី​ខ្ញុំ​ចម្លែក​ម្មង គឺ​គាត់ទារ​ខ្ញុំ​លែង​ហើយ ​​​​ថែមទាំង​​​​ទារ​យក​មុខរបរ​វង់​ភ្លេង(មួយ​វង់) រថយន្ត​ហា​យ​លែ​ន​ឌ័​រមួយ​គ្រឿង​ រថយន្ត​ពីរ​តោន​កន្លះ​សម្រាប់​ដឹក​ភ្លេង​មួយ​គ្រឿង​ ​ម៉ូតូមួយ​គ្រឿង​ ខ្សែ​.​ក​មាស​១​តម្លឹង ខ្សែដៃ ចិញ្ចៀន​ទៅ​ទាំង​អស់ ​ដោយ​គាត់​និយាយ​ថា ខ្ញុំនិង​កូន​ខ្ញុំ​មាន​លទ្ធភាព​ជាង​គាត់​ អ៊ីចឹងគាត់​សុំ​យក​ទាំ​ងអស់​(ទ្រព្យ) ​​​​​បើ​ខ្ញុំ​យ​ក​កូន​!”។ នាង​សារភាព​ថា​នៅ​សល់តែសំបក​ខ្លួន​ប៉ុណ្ណោះ ដោយ​សារផ្ទះ​ជួល​គេ ហើយ​បើ​​ផ្ទះ​នៅ​ស្រុក​គឺ​ជា​របស់​ឪពុក​ម្ដាយ។  ​

គួរបញ្ជាក់​ផងដែរ​ថា​ស្វាមី​របស់​​​នាង​អ៊ីត គឺជា​គ្រូ​បង្រៀន​​នៅ​វិទ្យាល័យ​ខេត្ត​កំពង់ស្ពឺ ​​​​ដោយ​អ្នកទំាង​ពី​​​រ​រៀប​ការ​​​​​ជាមួយ​គ្នាកាល​ពី​ឆ្នាំ​​២០០៣និង​បាន​លែង​គ្នា​​កាល​ពី​ថ្ងៃ​ទី​​១ ខែ​មករា ក្នុង​ឆ្នាំ​​​​២០១៦។ អ្នក​ទាំង​ពីរ​បន្សល់​ទុក​កូន​ស្រី​ម្នាក់​វ័យ​​១៣​ឆ្នាំ ដែល​ក្នុង​ពេល​បច្ចុប្បន្ន​ក៏​ជា​​​តារា​កំប្លែង​ក្នុង​វង់​​កំប្លែងលោក​តា​របស់​​ទូរទស្សន៍​CTNផងដែរ។ ​​​នាង​អ៊ីត បញ្ជាក់​ថាឲ្យ​តែ​នឹក​​ដល់រឿង​ប្ដី​​ទារ​លែង ហើយ​​​បាន​​​​​​​​​​​​​​​ប្រកាស​យក​ទ្រព្យ​ទៅ​ទាំង​អស់ បាន​ធ្វើ​ឲ្យ​នាង​តូច​ចិត្ត​យ៉ាង​ខ្លាំង។ ​នាងបញ្ជាក់​ជា​ចុង​ក្រោយថាមកទល់ពេល​នេះ​​អតីតស្វាមី​របស់​​នាង​​​​​​មិន​បានជាប់​ពាក់​ព័ន្ធ​នឹង​​​នារី​ណា​ម្នាក់​នោះ​ទេ ​តែ​​ក្រោយ​​​​​មក​ទៀត​អាច​នឹង​មាន​​​ភរិយា​ថ្មីគឺ​​នាង​មិន​ដឹង​នោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ