នាយករដ្ឋមន្រ្តី​បញ្ជា​កុំឲ្យ​សមត្ថកិច្ច​សហការជាមួយ​ស្ថាប័នហិរញ្ញវត្ថុទៅរឹបអូសផ្ទះសម្បែងដី​ប្រជា​ពលរដ្ឋ​

ធនាគារជាតិកម្ពុជា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​ចន្ទនេះ បានបញ្ជា​ឲ្យ​សមត្ថកិច្ច​ទាំងអស់​កុំសហ​ការ​ជាមួយ​ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួន​ដែល​លោកថា​មានចេតនាមិនល្អ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅខ្ចីប្រាក់​ហើយ​ទៅរឹបអូសផ្ទះ​សម្បែងដីធ្លី​របស់​ប្រជា​ពលរដ្ឋ។​

ក្នុងសន្និសីទជាតិ​ស្តីពីការ​អភិវឌ្ឍ​វិស័យ​មីក្រូហិរញ្ញវត្ថុនៅកម្ពុជា លោក ហ៊ុន សែន មានប្រសាសន៍ថា​ស្ថាប័នអង្គការ​សមាគមមិនមែនរដ្ឋាភិបាលមួយចំនួន​បានដើរតួនាទីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យ​ប្រជា​ពលរដ្ឋ​សងប្រាក់កម្ចីមានលក្ខណៈកេងបន្លំ កេងប្រវ័ញ្ច មាននីតិវិធីនៃការខ្ចីប្រាក់មានភាពធូររលុងនិងឆាប់រហ័ស។ លោក​បន្ត​ថា​អង្គការ​​ទាំង​នោះ​មានចេតនា​ចង់​រឹបអូសទ្រាំសម្បត្តិបញ្ចាំរបស់​ប្រជា​ពលរដ្ឋ។ លោកមានប្រសាសន៍ថា៖ “កន្លងទៅនេះ ការធ្វើសកម្មភាព​ឯក​ឯង​របស់អង្គការមួយចំនួន ដែលមុននេះគឺ​ជា​អង្គការក្រៅ​រដ្ឋាភិបាល ប៉ុន្តែ​ប្រែក្លាយខ្លួនទៅជាមីក្រូហិរញ្ញវត្ថុ។ ហើយអ្នកទាំងនោះ កន្លែងខ្លះ ហាក់ដូចជាមានចេតនាតែម្តង​។ ឧទាហរណ៍ធម្មតា​ គោល​ការណ៍​សម្រាប់ការ​ឲ្យ​ខ្ចី យើងតែងតែដឹង​ថា​តើ​គេមានសមត្ថភាពសងឬ​អត់។ នេះ​ជាបញ្ហាសំខាន់។ ហើយ​យក​ទៅហ្នឹង ទៅបម្រើ​គោលដៅនៃ​ការ​ផលិតឬ​យ៉ាងណា?.. ប៉ុន្តែនេះ​អត់ទេ ហាក់ដូចជា​មានចេតនាដើម្បីរឹបអូសយកផ្ទះសម្បែងនិងដីធ្លីតែម្តង តាមរយៈភាពធូររលុងក្នុងការឲ្យខ្ចី។ ជួនកាលខ្ចី យកទៅទិញម៉ូតូជិះលេង។ ដល់ជិះលេងទៅ វាមានលទ្ធភាពសងមកពីកាល។​ ដល់ពេលកំណត់ គឺចាប់ផ្តើម​រឹប​អូសយកផ្ទះ សម្បែង​ដីធ្លីតែម្តង”។​

​លោក​ ហ៊ុន សែន បន្ត​ថា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុមួយចំនួន​ ដែល​លោកថា​ឲ្យ​ប្រជា​ពលរដ្ឋ​យក​លុយ​មក​ដាក់​ឲ្យ​មា​ន​​អត្រាការប្រាក់ក្នុងមួយខែ​ទៅដល់​១២​ភាគរយ។ លោក​ចាត់ទុកថានេះ​ជា”​វិធី​បោកមួយ”ដោយ​លោកអំពាវនាវ​​ឲ្យ​​ប្រជា​ពលរដ្ឋ​ត្រូវប្រុងប្រយ័ត្ន។ លោកនាយករដ្ឋមន្រ្តីបញ្ជា​កុំ​ឲ្យ​សមត្ថកិច្ច​សហការជាមួយស្ថាប័ន​មីក្រូហិរញ្ញ​​វត្ថុ​ដែល​លោក​ថា​មានបំណង​រឹបអូសដីធ្លីរបស់​ប្រជា​ពលរដ្ឋ។ លោក​បញ្ជា​ឲ្យ​ត្រួតពិនិត្យលើ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំង​​នេះ។​

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ “ឥឡូវប៉ូលិសមកច្រើនណាស់ កុំ​ពូកែរឿងទៅគាំទ្ររឹបអូសផ្ទះ ដី។ករណីតុលាការរឿងមួយ តែករណីគ្រាន់តែពួកម្ចាស់​ហិរញ្ញវត្ថុ ស្នើ​ឲ្យ​ទៅជួយ កុំ។ កុំរពិសដៃពេក លោកប៉ូលិស។ ប៉ុ​ន្តែមករពិសខាងអាចេះវិញ បងប្អូនអើយ ពេលណាខ្ញុំឈ្នះ មិន​បាច់សងប្រាក់ទេ។ ចាប់ភ្លាមហ្មង។ អាហ្នឹង វាលេងខូចម្ល៉េះ ខូចអញ្ចឹងរន្ទះបាញ់អ្ហេ”

​កាលពី​ថ្ងៃ​ទី​៩​ ខែកុម្ភៈ ​ឆ្នាំ​២០១៥​ ក្រសួងមហាផ្ទៃ​បាន​បង្ហាញ​របាយការណ៍មួយ​ថា​​ ប្រជា​ពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​ខ្ចីប្រាក់​ពី​មីក្រូហិរញ្ញវត្ថុ​ប្រហែល​៣៥០០​លាន​ដុល្លារ​អាមេរិក​ ។ របាយការណ៍​បញ្ជាក់​ទៀត​ថាមាន​ស្ថាប័ន​មិន​ស្របច្បាប់​មួយចំនួនយកការប្រាក់​ខ្ពស់​ពេក​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ក្រីក្រខ្ចី​ប្រាក់​ហើយ​គ្មានប្រាក់​សង​ត្រូវ​រឹបអូស​ផ្ទះ​​សម្បែង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ