បទយកការណ៍៖ ពលរដ្ឋមួយចំនួនធុញទ្រាន់នឹង​​សំឡេង Call Tunes ថាមីក្រូហិរញ្ញវត្ថុមិនមែនជា​រប​ស់​​រដ្ឋ​

បុរសម្នាក់កំពុងនិយាយទូរសព្ទ។

ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានបង្ហាញការធុញនឹង​សំឡេង​រោទ៍​ Call Tunes​ នៅក្នុង​ទូរសព្ទដៃ ដែលថា “មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ”។

សំឡេង​​រោទ៍​ Call Tunes ក្នុង​​ទូរសព្ទដៃនេះ​ ត្រូវបានដាក់ឲ្យប្រើប្រាស់ទៅតាមការបញ្ជារបស់នាយករដ្ឋមន្រ្តី ដោយថាដើម្បីកុំឲ្យពលរដ្ឋយល់ច្រឡំថា ពលរដ្ឋជំពាក់លុយរដ្ឋតទៅទៀត។

លើសពីនេះទៀត​ កាលពីពេលថ្ងៃទី១០ មីនា នេះ និយ័តករទូរគមនាគមន៍កម្ពុជា បានរំឭកក្រុមហ៊ុន​ទូរ​សព្ទ​ទាំងអស់ ត្រូវបង្កើនបច្ចេកទេស កុំឲ្យអតិថជនរប​ស់ខ្លួ​ន អា​​ចលុបចេញបាន នូវ​សារ​ជា​សំឡេង​ក្នុង​ទូរ​សព្ទដៃ ខណៈអតិថិជនមួយចំនួនបានលុបសារនេះដោយខ្លួនឯង និងតេប្រាប់ក្រុមហ៊ុនឲ្យ​បិទចោល ដោយសារតែពួកគេធុញទ្រាន់។

​និស្សិតនៅសាលាឯកជន កញ្ញា ព្រឿង រចនា​ បាន​រៀប​រាប់ប្រាប់អ្នកយកព័ត៌មាន​ថា​ ជារៀង​រាល់​ថ្ងៃ នាងមានការធុញទ្រាន់ នៅពេលទូរសព្ទម្តងៗ ដោយឮសំឡេងថា“មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ។កញ្ញានិយាយថា «ពេលឮដដែលៗធុញ​ហើយ​មាន​អារម្មណ៍ថាដូចរំខាន ដដែលៗនិយាយរហូត ហើយពេលខ្លះមួម៉ៅដែរ ដ៏ពេលដាក់រាល់ថ្ងៃ​ រយៈ​ពេល​មួយឆ្នាំយូរ ហើយធុញទ្រាន់​»។

កញ្ញា រចនា បានបញ្ជាក់ទៀត​ថា ក្រុមហ៊ុន​គួរ​តែ​ដាក់សំឡេង Call Tunes ក្នុង​​ទូរសព្ទដៃ តែរយៈ​ពេល៣ខែបានហើយ ជា​ជាង​ដាក់​​រហូត​​ដល់មួយឆ្នំា​ពេញតាមការចង់របស់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយ​គាត់​យល់​ថា​ បើ​ពល​រដ្ឋបានឮសារនោះតែមួយ​ដង​ ក៏អាច​យល់ពីសារខ្លឹមសារ​នោះផង​ដែរ​។

អាជីវករលក់ដូរម្តុំផ្សារអូឬស្សីអ្នកនាង លាង ហេង​ បានឲ្យដឹងថា នៅ​ពេលគាត់ទាក់ទងទៅម៉ូយឲ្យយកសម្ភារៈលក់ គឺឮតែសំឡេងរំខាន​នេះ​មិន​តិចជាង១០ដងទេក្នុងមួយថ្ងៃ។ ករណីនេះអ្នកនាងថា ជារំលោភសិទ្ធិឯកជន។ អ្នកនាង​និយាយ​ថា «ពេលចឹងដូ​ចគាត់​[ក្រុមហ៊ុន​ទូរសព្ទ] រំ​លោភ​សិទ្ធិយើង ពេល​យើង​អត់ចង់ដាក់​ផង​ ហើយគាត់តម្រូវ​ឲ្យយើងដាក់ទំាងអស់ ប៉ះពាល់អារម្មណ៍​ដូចជា​ រំ​លោភ​សិទ្ធិឯក​ជន​របស់​ខ្លួនយើងផ្ទាល់​»។

អ្នកនាង ហេង​ ថាជំរើសល្អរដ្ឋាភិបាលគួរតែបើកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋមានសិទ្ធិសម្រេចថា ដាក់ឬមិនដាក់​សំឡេង​ Call Tunes ក្នុង​​ទូរសព្ទដៃរបស់ខ្លួនបាន ដោយថាដើម្បីកុំឲ្យពលរដ្ឋ​មួយចំនួន​ធុញ​ទ្រាន់​​នឹង​សំឡេង​Call Tunes នោះ។

ទឹកមុខមុតមំា ឈរក្បែរចិញ្ចើមផ្លូវ លោក ខៀវ សារ៉ាត់​ បាន​​និយាយថា ពេលខ្លះគាត់​ចង់កាច់​ស៊ីម​ទូរសព្ទ​ចោល​ដែរ តែខ្លាចមិនមានអ្វីប្រើ។ លោក​និយាយថា «ធុញ ធុញ ធុញ ដ៏មែនទែន ដ៏ពេលថ្ងៃខ្លះ ខ្ញុំតេទៅក្រុមហ៊ុន​ឲ្យគេបិទចោល ហើយគេក៏ប្រាប់​ឲ្យបិទចោល​ ប៉ុន្តែបិទតែរបស់យើង ប៉ុន្តែយើងតេទៅលេខអ្នកផ្សេងទៀតមិនដឹងថាប្រាប់គេយ៉ាងម៉េច គេនៅតែឮ មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ មួយថ្ងៃៗដូចធុញ ខ្ញុំធុញដូចថាថ្ងៃខ្លះ ខ្ញុំតេទៅក្រុមហ៊ុន​ចង់កាច់ស៊ីមចោល​ ប៉ុន្តែកាច់ទៅមិនដឹងថាអត់អីប្រើ ចេះតែទុកប្រើសិនទៅ»។

តាមអ្នក​យកព័ត៌មានចុះសម្ភាសន៍ប្រជាពលរដ្ឋ​ចំនួន​២០នាក់ ក្នុងនោះមាន១៨នាក់​បានអះអាងប្រហាក់​ប្រហែលគ្នា​ថា​ ពួកគេ​មិនពេញចិត្តនិងសំឡេង​រោទ៍​ Call Tunes ក្នុង​​ទូរសព្ទដៃនោះទេ ដោយ​ពួក​គេស្នើ​ទៅ​រដ្ឋាភិបាលបញ្ជាទៅក្រុមហ៊ុនទូរសព្ទទំាងអស់បិទសំឡេង​រោទ៍​ Call Tunes នោះ។

អង្គុយលើម៉ូតូកងបីរង់ចំាដឹកភ្ញៀវបរទេសម្តុំមាត់ទន្លេ សុខ រតនៈ បាន​និយាយថា ​នៅពេល​ដែល​ភ្ញៀវ​តេហៅ​គាត់​ឲ្យទៅឌុប ឮសូរសំឡេង Call Tunes ​នេះ ក៏មានការ​ងឿងឆ្ងល់​​ដែរ។ ករណីនេះ​លោក​ស្នើ​ទៅ រ​ដ្ឋា​​ភិ​​បាល​​បញ្ជា​ទៅ​​ក្រុម​​ហ៊ុន​ទូរ​សព្ទ​ឈប់​ដាក់​សំឡេង Call Tunes ក្នុងទូរសព្ទដៃទៀត។ លោកស្នើថា «ចិត្តខ្ញុំមិនចង់ឲ្យរំខានទេ ព្រោះយើងមានប្រព័ន្ធផ្សព្វផ្សាយគ្រប់​កន្លែងគេ​ដឹង​អស់​ហើយ​ ចំបាច់​ដាក់​ក្នុង​ប្រព័ន្ធ​ទូរសព្ទ​ធ្វើ​អ្វី​ ហើយ​នៅពេល​ខល​ទៅ​ឮសូរ​សំឡេង​ហ្នឹង​​ដដែល​រាល់​ថ្ងៃ ទទួល​យក​អត់​បាន​»។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា ការដាក់សំឡេង​​(Call Tunes) “មីក្រូហិរ​ញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ“ តាម​ការចង់បានរបស់លោក ហ៊ុន សែន លោកថា ធ្វើឲ្យពលរដ្ឋមួយចំនួនមានការធុញទ្រាន់​ និងរំលោភសិទ្ធិឯកជន​។ លោកបញ្ជាក់ថា មុន​ដាក់​សំឡេង​​​(Call Tunes) ក្រុមហ៊ុន​គួរតែ​សុំ​យោបល់​ពីអ្នកប្រើប្រាស់សេវាទូរសព្ទទំាងនោះជាមុនសិន។

ករណីនេះលោកមេធាវី សំ សុគង់ ពន្យល់តាមនីតិវិធីច្បាប់ថា ករណីអ្នកប្រើ​ប្រាស់​សេវា​របស់​ក្រុមហ៊ុនទូរសព្ទ ហើយត្រូវ​បានម្ចាស់ក្រុមហ៊ុនដាក់សំឡេង (Call Tunes)ក្នុងទូរសព្ទ ដែល​អ្នក​ប្រើ​មិន​ពេញចិត្ត លោកថា ជាការរំ​លោភ​ច្បាប់​។ ករណីនេះលោកថា បើអ្នកប្រើប្រាស់សេវាយល់ថា សំឡេង​នោះ​នាំ​ឲ្យ​រំខាន​និងប៉ះ​ពាល់​អារម្មណ៍ខ្លំាង ពួកគេមាន​សិទ្ធិប្តឹងទៅតុលាការ និងស្ថាប័នពាក់ព័ន្ធ ឲ្យលុប​សំឡេង​(Call Tunes)​នោះ​ចេញបា​ន។

បន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឲ្យក្រុមហ៊ុនទូរសព្ទដាក់​សំឡេង Call Tunes ក្នុងទូរ​សព្ទដៃនិងតាមទូរសទស្សន៍ថា “មីក្រូហិរ​ញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ“ នោះក៏មានប្រតិកម្មជាច្រើនតាមហ្វេសប៊ុ​ក​ ដោយអ្នកខ្លះនិយាយថតជាវីដេអូ ធ្វើត្រាប់​តាម និងប្រើពាក្យបែបឌឺដង និងសើចចំអកទៀតផង។

ខណៈមានការរិះគន់តាមហ្វេសប៊ុកបែបនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចេញមុខ​អះអាងថា លោកនឹងស្នើទៅ​លោក ហ៊ុន សែន អន្តរាគមន៍ទៅក្រុមហ៊ុនទូរសព្ទ និង​ប្រព័ន្ធ​​​ផ្សព្វផ្សាយឲ្យ​កាត់បន្ថយការ​ផ្សាយនៅត្រឹម​​មួយ​សប្ដាហ៍​ម្ដង ឬមួយ​ខែម្ដង​វិញ ដោយថាកុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​ធុញទ្រាន់និងសំឡេងនេះ​។ លោក​មាន​ប្រសាសន៍​​​​ថា «យើង​មិនអាច​រត់តែរឿង​ហ្នឹង[​“មីក្រូហិរ​ញ្ញវត្ថុ​ជារ​បស់​ឯក​ជន មិនមែនជា​របស់​រដ្ឋទេ​”​]តែ​រហូត​មួយ​​​ឆ្នាំ វាទៅជាជ្រិញវិញហើយ ប្រហែលជាខ្ញុំពិគ្រោះ សុំយោបល់​ពី​សម្តេច​នាយករដ្ឋមន្ត្រី ថាយើង​រត់១​​អាទិត្យ​​ចប់ត ឬបន្ទាប់មក​១ខែយើងចេញមួយដងទៅវិញ ជាការល្អ គឺជា​បញ្ហាបច្ចេកទេ​​​»។

ប៉ុន្តែ​នៅថ្ងៃទី១០មីនានេះ និយ័តករទូរគមនាគមន៍កម្ពុជា បែរជា​រំឭកក្រុមហ៊ុន​ទូរ​សព្ទ​ទាំងអស់ ​ត្រូវ​បង្កើនបច្ចេកទេស កុំឲ្យអតិថជនរប​ស់ខ្លួ​ន អា​​ចលុបចេញបាន នូវ​សារ​ជា​សំឡេង​ក្នុង​ទូរ​សព្ទដៃ ដើម្បីឲ្យសម្រេចផែនការ​​របស់ប្រមុខរដ្ឋាភិបាល។

ទោះ​ជាយ៉ាងណា អនុសាសន៍ របស់នាយករដ្ឋមន្ត្រីនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួនរិះគន់ថា មិនបានជួ​យ​ដោះ​​​បន្ទុកដល់ពលរដ្ឋដែលកំពុងជាប់បំណុលនោះទេ។

អ្នកតាមដានខ្លះផ្តល់អនុសាសន៍វិញថា ដើម្បីជួយដោះបន្ទុកពលរដ្ឋដែលកំពុងជាប់បំណុលបាន រដ្ឋា​ភិ​បា​លគួរ​អន្ត​​រាគមន៍ឲ្យគ្រឹះស្ថានឯកជនទាំងនោះ បញ្ចុះការប្រាក់ ឬរដ្ឋាភិបាល លើកលែងពន្ធក្នុ​ង​កម្រិ​ត​​ណា​​​មួ​​​យ​ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងនោះ ទើបអាចជួយពលរដ្ឋដែលកំពុងជាប់បំណុលបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ