លិខិតមិត្តអ្នកអាន៖ របៀប​ដែល​គណបក្ស​ប្រជាជន​នៅ​តែ​បន្ត​កាន់​អំណាច​​ (ភាគ១)

គណបក្ស​ប្រជាជន​ពឹង​ផ្អែក​លើ​សសរ​ស្តម្ភប្រាំ​​​ដើម្បី​ទ្រ​របប​ដឹកនាំ​របស់​ខ្លួន​៖ . យោធា​, ​កង​សន្តិសុខ (ប្រជា​ការពារ​) កង​អង្គរក្ស​ និងនគរបាល​​ ដែល​យើង​សូម​ហៅ​សរុប​អង្គភាព​ទាំង​បី​នេះ​ថា​ ភ្នាក់​ងារ​បង្ក្រាប និងដោយ​សារមជ្ឈដ្ឋាន​ទូទៅ​ទំនង​ជា​យល់​ថា​ ​ពួក​គេ​ច្រើន​ត្រូវ​បាន​យក​ធ្វើ​ជា​ឧបករណ៍បង្ក្រាប​បាតុកម្មរបស់​ប្រជាពលរដ្ឋ​សាមញ្ញ​ សង្គម​ស៊ីវិល​ សហជីព​ និង​បក្ស​ប្រឆាំង ជា​ជាង​រក្សា​សន្តិសុខ​សណ្តាប់​​និង​ការ​ពារ​ជាតិ​​​​, ២. មន្ត្រីរាជការ ឬ​រដ្ឋបាល​ស៊ីវិល ដែល​បង្កើត​បាន​ប្រព័ន្ធ​ការិយាធិបតេយ្យ​ធ្វើ​ឱ្យ​រដ្ឋ​ដំណើរ​ការ​​​, ៣. ពួក​ឥស្សរជន​សេដ្ឋកិច្ច​ ភាសា​សាមញ្ញ​ហៅ​ថា​ មហាសេដ្ឋី​ ឬ​ ខ្មែរ​ស្គាល់​ថា​ជា​​​ ពួក​ឧកញ៉ា​ បង្កើត​បាន​ជា​ទំនាក់​ទំនង​រវាង​ចៅ​ហ្វាយ​នាយ​ និង​អ្នក​ពឹង​ពាក់​ (Patron-client relationship) ពោល​គឺ​ បណ្តាញ​បក្ស​ពួក​និយម​រវាង​អ្នក​នយោបាយ​ និង​អ្នក​រក​ស៊ី​ធំដុំ​​​, ឧ. អ្នក​មាន​ចូល​មូលនិធិ​បក្ស​ រួច​បក្ស​ប្រើ​ធន​ធាន​នោះ​ទៅ​ទាក់​ទាញ​សន្លឹក​ឆ្នោត​ ក្រោយ​បាន​សន្លឹក​ឆ្នោត​ហើយ​ បក្ស​អាច​ប្រើ​ប្រាស់​អំណាច​រដ្ឋ​ទៅ​បម្រើ​ប្រយោជន៍​ឯកជន​ឬ​បក្ស​ពួក​ ដូច​ជា​ ផ្តល់​អាជ្ញាប័ណ្ណ​ឬ​សិទ្ធិ​ផ្តាច់​មុខ​។ ៤. សភា​៖ បង្កើត​និង​អនុម័ត​ច្បាប់​ ព្រម​ទាំង​វិសោធនកម្ម​ច្បាប់ ​រួម​មាន​​រដ្ឋធម្មនុញ្ញ​ បង្កើត​មូលដ្ឋានច្បាប់ ​​ឱ្យ​ការ​អនុវត្ត​ច្បាប់​របស់​​​រដ្ឋាភិបាល​ស្រប​ច្បាប់​ ចុច​យក​មាត្រា​ដែល​ត្រូវ​គោលបំណង​នយោបាយ​របស់​បក្ស​ រួច​បំភ្លេចមាត្រា​ដែល​ខ្លឹម​សារ​ផ្ទុយ​ពី​អ្វី​ខ្លួន​ចង់​បាន​ ​ឬ​ទាត់​ចោល​ការ​បក​ប្រែច្បាប់​​ផ្សេង​ពី​ខ្លួន, ឧ. វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​​​​ឱ្យ​ផ្តល់​អំណាច​ឱ្យ​ក្រសួង​មហាផ្ទៃ​ដែល​ជា​ស្ថាប័ន​រដ្ឋាភិបាល​ ​និង​តុលាការដែល​ត្រូវ​បាន​ចោទ​ថា រង​ឥទ្ធិពលបក្ស​កាន់​អំណាច​​​​ ​មាន​អំណាច​រំលាយ​គណបក្ស​ណា​មួយ សំអាង​ហេតុ​ផល​​មាន​ប្រធាន​ ឬ ​អនុប្រធាន​ជាប់​ទោស។ ៥. ប្រព័ន្ធច្បាប់ ​ឬ​​តុលាការ​៖ ចៅ​ក្រុម ​ឬ ព្រះ​រាជអាជ្ញា​ ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ដាក់​សម្ពាធ​លើ​អ្នក​ប្រឆាំង​​ អនុវត្តច្បាប់​ដោយ​​​ស្តង់​ដារ​​ពីរ​និងបំបិទ​សំឡេង​ប្រឆាំង​ផង ដាក់​ទណ្ឌកម្ម​ក្រុមប្រឆាំង​​​តាម​​ផ្លូវ​ច្បាប់ ដើម្បី​បង្ហាញ​ថា​ កម្ពុជា​ជា​ប្រទេស​មាន​នីតិរដ្ឋ​ផង, អ្នក​មាន​អំណាច​ ឬអាជ្ញាធរមា​ន​ឥទ្ធិពល​ខ្លាំង​​ទៅ​លើ​​ច្បាប់​ ​អាចបក​ប្រែ​ច្បាប់​តាម​គោល​បំណង​នយោបាយ​ ដែល​លោក​ គឹម​ សុខ​ ហៅ​ថា​ នីតិ​មាត់ (សម្តី​អាជ្ញាធរ​ ឬ​អ្នក​មាន​អំណាច​ជា​ច្បាប់​)​។​​​

Cambodia Daily បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​បក​ស្រាយ​គំនិត​អ្នក​សិក្សា​អំពី​ការ​បោះ​ឆ្នោត​ និង​ប្រជាធិបតេយ្យ​នៅ​អាស៊ីអាគ្នេយ៍ លោក​ Lee Morgenbesser និង ​Thomas Pepinsky មាន​ចំណង​ជើង​ថា​ «Patronage Still Protects CPP, Scholars Say» បាន​សរសេរ​​ថា​ «ប្រទេសកម្ពុជា នឹងមិនមានការផ្លាស់ប្តូរបែបប្រជាធិបតេយ្យនោះ​ទេ ដរាប​ណា​បណ្តាញបក្ខពួក​និយម​របស់គណបក្សប្រជាជន យក​ការ​ចំណាយនៅតាមភូមិ​ក្រីក្រនៅ​​ជន​បទ​ទៅភ្ជាប់​នឹងការបោះឆ្នោតគាំទ្រ​ឲ្យគណបក្សកាន់អំណាច។ […] ការរារាំងបណ្តាញបក្ខពួកនិយមនេះ ​មិនទំនងជាទៅ​រួច​ទេ​…ដរាប​ណា​ប្រទេសចិន​បន្តបញ្ចូលប្រាក់​ទៅក្នុងហិបលុយ​របស់​គណបក្សប្រជាជនកម្ពុជា។ […] “ចំណងឥទ្ធិពលនៃភក្តីភាពផ្ទាល់​ខ្លួនមិនត្រឹម​តែ​បន្ទាប​ការចំណាយ…លើការប្រកួតប្រជែងក្នុងការបោះឆ្នោត​ពហុបក្សប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឲ្យប្រជាពលរដ្ឋ ឧកញ៉ា មន្ត្រី​យោធា​និងឥស្សរជននយោបាយនូវចំណែកមួយក្នុងការរក្សាការដឹក​នាំ​បែបផ្តាច់ការ។” […] ភាពចាំបាច់ដែល​អ្នក​ភូមិ​​បោះឆ្នោតឲ្យគណបក្សប្រជាជន គឺ​ដើម្បីទទួលបានសេវាកម្ម​មូលដ្ឋាន ដែល​បំបិទ​ជម្រើសរបស់​ពួក​គេ​ [មិន​ឱ្យ​បោះ​ឱ្យ​បក្ស​ផ្សេង​]​។ “ការបែង​ចាយ [សេវាកម្ម​រដ្ឋ​]​ ទៅ​តាម​បណ្តាញ​បក្ខពួកនិយមជា​​គ្រឿង​បំបាក់​ទឹកចិត្តដ៏មានឥទ្ធិពលចំពោះ​ប្រជាជន​សាមញ្ញ​​​ មិន​ឱ្យ​​​ប្រើការបោះឆ្នោតជាខ្សែ​វៀន​ ដើម្បីធ្វើឱ្យ​​លទ្ធិប្រជាធិបតេយ្យដើរ​ទៅ​មុខ​។” …ពលរដ្ឋក្រីក្រជា​ច្រើន​ខ្លាចត្រូវ​គេកាត់ផ្តាច់ចេញពីសេវាកម្ម​រដ្ឋ។ […] បើ​គ្មានបណ្តាញបក្ខពួកនិយមនេះ​ក្នុងអំឡុងពេលបោះឆ្នោត​ឆ្នាំ២០១៣ ទេដែល​ជា​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ទំនាស់​គណបក្សសង្គ្រោះជាតិអះ​អាង​​ថា មានភាពមិន​ប្រក្រតីគណបក្ស​​ប្រជាជន​របស់ លោក ហ៊ុន សែន មិន​ទំនងជាអាចកាន់អំណាចតទៅទៀតបានទេ។»

ការ​យក​បណ្តាញ​ទំនាក់​ទំនង​រវាង​ចៅ​ហ្វាយ​នាយ ​និងអ្នកពឹង​ពាក់​ ឬ​បក្ស​ពួក​និយម​មកពន្យល់​​ពី​អប្រសិទ្ធភាព​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ការ​ជំរុញ​​ដំណើរ​ការ​ប្រជាធិបតេយ្យនីយកម្ម​នៃ​របប​ផ្តាច់​ការដែល​មាន​ការ​បោះ​ឆ្នោត​​របស់​លោក Lee Morgenbesser និង​ Thomas Pepinsky មាន​លក្ខណៈ​សម​ហេតុផល​​ តែ​ទោះ​យ៉ាង​ណា​ វា​​​មិន​អាច​ពន្យល់​គ្រប់​ជ្រុង​ជ្រោយឡើយ​ហើយហាក់​ដូច​ជា​​ឱ្យ​តម្លៃ​ខ្លាំង​លើ​កត្តា​សេដ្ឋកិច្ច​ខាង​ក្នុង​ខ្លាំង​ពេក​​ ដូច​ជា​ការ​គាំទ្រ​របស់​​ពួកឥស្សរជន​សេដ្ឋកិច្ច​មក​លើ​គណបក្ស​នយោបាយ​ និង​កត្តា​សេដ្ឋកិច្ច​ខាង​ក្រៅ​ដូច​ជា​ជំនួយ​បរទេសឬ​វិបត្តិសេដ្ឋកិច្ច​តំបន់​​ និង​មើល​រំលង​កត្តាអំណាច​ប្រជាជន​​ខាង​ក្នុង​ស្រុក​​។

ដោយ​សំអាង​ថា​ គណបក្ស​ប្រជាជន​នៅ​តែ​កាន់​អំណាច​ ដរាបណា​ពួក​​អ្នក​មាន​ឬ​បក្ស​ពួក​ឧកញ៉ា​ ឬ​ជំនួយ​ចិន (កត្តា​សេដ្ឋកិច្ច​ក្នុង​ក្រៅ​)​ នៅ​តែ​ជួយផ្តល់​ធន​ធាន​ដល់​​គណបក្សកាន់​អំណាច​​ក្នុង​ការចាយ​ចែក​សេវាកម្ម​រដ្ឋ​ឬ​គម្រោង​អភិវឌ្ឃន៍​ពី​បរទេស ​ឬពី​​អ្នក​មាន​ ទៅ​កាន់​តែ​ក្រុមឬ​តំបន់​​ណា​ដែល​បោះ​ឆ្នោត​ឱ្យ​ខ្លួន​ និង​មិន​ផ្តល់​ជូន​ក្រុម​ដែល​បោះ​ឆ្នោត​ឱ្យ​បក្ស​ផ្សេង​ ហើយ​ពិសេស​គឺ​ការ​ប្រើ​ធន​ធានរដ្ឋ​ឬ​ជំនួយ​ពី​ពួក​ឧកញ៉ា​ ឬ​ប្រទេស​ចិន​​នេះ ​ទៅទិញ​ទឹក​ចិត្ត​ប្រជាជន​ឬ​មនុស្សពី​គណបក្ស​ផ្សេង​ ​បង្កើត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោតនោះ​ គឺ​មើល​រំលងពី​ព្រឹត្តិការណ៍បាតុកម្ម​ប្រឆាំង​​លទ្ធផល​ឆ្នោត​ឆ្នាំ​២០១៣ និង​៩៨ ដែល​ប្រជាពលរដ្ឋ​មិន​ខ្លាច​ការ​ព្រមាន​កាត់​ផ្តាច់​សេវាកម្ម​រដ្ឋ​ ចុះ​តវ៉ា​​​តាម​ផ្លូវ​ថ្នល់​ ធ្វើ​ដំណើរ​ពី​ខេត្ត​ចូល​ក្រុង​ ពោល​គឺ គណបក្ស​ប្រជាជនបើ​​​មើល​ពី​មួយ​ជ្រុង​ឃើញ​ថា​ កាន់​អំណាច​បាន​ដោយ​សារ ​មាន​ធន​ធាន​ពី​បក្ស​ពួក​និយម​ដើម្បីបង្វិល​លទ្ធផល​​​ឆ្នោត​ តែ​មួយ​ជ្រុង​ធំ​គឺ​ដោយ​សារ​បក្ស​នេះ​អាច​យក​ឈ្នះ​​ចលនា​ប្រឆាំង​របស់​ប្រជាជន​បាន​ប៉ុណ្ណោះ​​, បើពុំ​នោះ​ទេ​ ក្នុង​ករណី​ដែល​​ចលនា​ប្រឆាំង​ទទួលបាន​​ជោគ​ជ័យផ្លាស់​ប្តូរ​​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ដែល​ពោរ​ពេញ​ដោយ​ភាព​មិន​ប្រក្រតីនោះ​​​ ទោះ​ពួក​បក្ស​និយមនិង​អ្នក​មាន​លុយ​​ឬ​ជំនួយ​ចិន​នៅ​តែ​ផ្តល់​ឱ្យ​បក្ស​កាន់​អំណាចក៏​ដោយ​​ ក៏​អាច​ត្រឹម​ទប់​ទល់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ ក្នុង​រយៈ​ពេល​វែង​ រដ្ឋាភិបាល​ត្រូវ​ការ​ភាព​ស្រប​ច្បាប់​ ត្រូវ​ការ​ប្រភព​​អំណាច ​ឬ​ចំណូល​ពី​ក្នុង​ស្រុក​ដូច​ជា​ កម្លាំង​ពលកម្ម​ពី​​ប្រជាជ​ន​ដែល​មាន​ជំនាញ​​ចូល​បម្រើ​ស្ថាប័ន​រដ្ឋ​និង​សារពើ​ពន្ធ ប្រមូល​បាន​ពី​ប្រជាជន​ជា​ដើម​​​ ដែល​ប្រភព​អំណាច​នេះ​ អាច​ត្រូវ​បាន​កាត់​បន្ថយ​តាម​រយៈ​តាក់​ទិច​​នា​នា​អនុវត្ត​នៅ​ក្នុង​ចលនា​ប្រជាជន ដូច​ជា​ កូដកម្ម​​​​​ពី​ប្រជាជន​និង​មន្ត្រី​ដែល​ធ្វើការបម្រើ​​​​ប្រព័ន្ធ​សេដ្ឋកិច្ច​និង​នយោបាយ​​។

ដោយ​មើល​រំលង​ឥទ្ធិពល​ចលនា​ប្រជាជនក្នុង​ការ​ជំរុញ​ចលនា​ប្រជាធិបតេយ្យ​​ អ្នក​និពន្ធ​ខាង​លើ​លើក​ភស្តុតាង​មក​បក​ស្រាយ​ថា​ «នៅ​ប្រទេសឥណ្ឌូណេស៊ីនាទសវត្សរ៍​ឆ្នាំ១៩៩០…ការផ្លាស់ប្តូរភក្តីភាព​របស់មន្ត្រីយោធា​និងមន្ត្រីរដ្ឋាភិបាល​សំខាន់​ៗ​ ដែលស្មោះ​នឹងលោក​ ស៊ូហាតូ បានកើតឡើងនៅ​ក្រោយពីវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ១៩៩៧ ប៉ុណ្ណោះ​ ដែល ​[វិបត្តិ​នេះ​] បាន​បំផ្លាញ​សមត្ថភាពរបស់ប្រធានាធិបតីរូប​នេះ​ក្នុងការផ្តល់ហិរញ្ញវត្ថុ​ដល់បណ្តាញបក្ខពួក​និយម ដែលលោកបានពឹង​ផ្អែកលើ។…អំណាចបានរបូតចេញពីប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស នៅហ្វីលីពីននាទសវត្សរ៍ឆ្នាំ១៩៨០ ដោយសារតែការធ្លាក់ចុះចំណូលបរទេសពីជំនួញ និងសម្ពាធសហរដ្ឋ​អាមេរិក ដែលធ្វើឲ្យ​របបនេះមិនអាច​​រក្សាបាននូវលំហូរមូលនិធិសម្រាប់ទ្រទ្រង់​​បណ្តាញ​បក្ខពួកនិយម។» ពិត​មែន​តែការ​លើក​យក​​ភស្តុតាងនេះ ​​ត្រឹម​ត្រូវ​តែការ​​បក​ស្រាយ​ភស្តុតាងនេះ​ពុំ​បាន​ត្រឹម​ត្រូវ​ឡើយ​​​ ពី​ព្រោះ​ប្រធានាធិបតី​ផ្តាច់​ការ​ទាំង​ពីរ​ ពោល​គឺលោក​​ ស៊ូហារតូ​ និង ​ម៉ារកូស​ ត្រូវ​បាន​ផ្តួល​រំលំ​ដោយ​ចលនា​ប្រជាជន​អហិង្សា​នៅ​ប្រទេសរបស់​ពួក​គេ​, វិបត្តិ​សេដ្ឋកិច្ច ដូច​ជា​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ ​គ្រាន់​តែ​ជា​គ្រឿង​ជំរុញមួយក្នុង​ចំណោម​កត្តា​ជា​ច្រើន (អំពើ​ពុក​រលួយ​, រំលោភ​អំណាច​, ខ្វះ​សេរីភាព​។ល។) ​ដែល​​​បង្ក​ឱ្យ​ចលនា​ផ្ទុះ​ឡើង​ប៉ុណ្ណោះ​។ ចលនាអំណាច​ប្រជាជននៅ​ហ្វ៊ីលីពីន​នៅ​ឆ្នាំ​១៩៨៣-៨៦ ផ្តួល​រំលំ​របប​ផ្តាច់​ការ​របស់​លោក​ ម៉ាកូល​ មិន​មែន​ដោយ​សារមាន​​សម្ពាធពី​អាមេរិក​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ ​ចលនា​នេះនោះ​ទេ​ដែល​​​ជា​គ្រឿង​ជំរុញ​ឱ្យ​អាមេរិក​ផ្តាច់​ជំនួយ​ពី​ហ្វ៊ីលីពីន​​បូក​រួម​ពី​សម្ពាធ​ខ្លាំង​ពីតាក់ទិច​​ចលនា​ប្រជាជនដែល​ដក​ហូត​ប្រភព​អំណាច​រដ្ឋ​​ ធ្វើ​ឱ្យ​របប​របស់​ម៉ារកូស​ដួល​រលំ​តែ​ម្តង​។ ដូច​គ្នាដែរ​​ របប​ផ្តាច់​ការ​របស់​លោក​ ស៊ូហារតូ​ នៅ​ឆ្នាំ​១៩៩៧-៩៨ ដួល​ដោយសារ​​ប្រសិទ្ធភាព​នៃ​តាក់​ទិច​អហិង្សា​អនុវត្ត​ដោយ​ចលនា​ប្រជាជន​ឥណ្ឌូនេស៊ី​ មិន​មែនដោយ​​សារ​​វិបត្តិសេដ្ឋកិច្ចនោះ​ទេ​។​ ទាញ​ចេញ​ពី​ភស្តុតាង​នេះ ​គណបក្ស​ប្រជាជន​នៅ​តែ​កាន់​អំណាច​បាន​ មិន​មែន​មក​ពី​អ្នក​មាន​ឬ​ពួក​ឧកញ៉ា​នៅ​តែ​គាំទ្រ​គណបក្ស​នេះ ឬមក​ពី​​ភាព​រឹង​មាំ​នៃ​បណ្តាញ​បក្ស​ពួក​និយម​ ​ឬ​ក៏​មក​ពី​ជំនួយ​ចិន​នោះ​ទេ​, គឺ​មក​ពី​ចលនា​ប្រឆាំង​​​របស់​បក្ស​សង្គ្រោះ​ជាតិ​មិន​មាន​យុទ្ធសាស្ត្រ​ និង​តាក់​ទិច​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ដាក់​សម្ពាធ​ដក​ហូត​ប្រភព​អំណាច​របស់​របបរបស់​​លោក​ ហ៊ុន សែន ​​និងមិនអាច​​ធ្វើ​ឱ្យ​​​ពួក​បក្សដែល​ធ្លាប់​តែ​គាំទ្រ​គណបក្ស​កាន់​អំណាច​​ ​​ឱ្យ​ឃ្លាត​ឆ្ងាយលែង​គោរព​តាម​បញ្ជា​​​លោក​នាយករដ្ឋមន្ត្រី​​។

លោក​នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​ព្រមាន​ទៅ​កាន់​មនុស្ស​ក្រោម​បង្គាប់​របស់​ខ្លួន​ថា​ បើ​បក្ស​ប្រឆាំង​ឡើង​កាន់​អំណាច​ មិន​​គោរព​សន្យា​ដែល​​ថា ​មិន​​ដក​មេ​បញ្ជាការយោធា​​​និង​មន្រ្តីរាជការ​ចេញ​ពី​តំណែងនោះ​ទេ​​ លោក​អំពាវ​នាវ​ឱ្យ​ពួក​គេ​ក្រោក​ឈរ​ប្រើ​កម្លាំង​ប្រឆាំង​ភ្លាម​ ហើយ​លោក​ក៏​ធ្លាប់​បាន​គំរាម​​ថា ​នឹងមាន​​សង្គ្រាម​ស៊ីវិល​នៅ​មុន​បោះ​ឆ្នោត​ឆ្នាំ​២០១៣ដែរ​ ដែល​បក្ស​នេះ​យក​ធ្វើ​ជា​ពាក្យ​ឃោសនា​ថា​ មិន​គួរ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែទី​បំផុត​ ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​តែ​មិន​ចាញ់​​ច្រាប​នឹង​ការ​គំរាម​នេះ​រួច​បោះ​ឆ្នោត​ឱ្យ​បក្ស​ប្រឆាំង​ដដែល​​។ តាម​ពិត​ទៅ​ ទោះ​បី​សម្តេច​​មិន​បាន​ឱ្យ​និយម​ន័យ​ក៏​ដោយ​ ក៏​លោក​ចង់​មាន​ន័យ​ថា​ជា​សង្គ្រាម​នយោបាយ​ដែល​​មនុស្ស​របស់​គណបក្ស​ប្រជាជន​ នឹង​ប្រតិកម្ម​ពេញ​ទំហឹង ដោយ​ការ​ប្រកាស​សង្គ្រាម​​នឹង​គណបក្ស​​កាន់​អំណាច​ថ្មីឬ​ឈ្នះ​ឆ្នោត​ (ឈ្នះ​ឆ្នោត​មិន​ប្រាកដចូល​​កាន់​អំណាច​បាន​)​ អាច​ចេញជា​​សកម្ម​ភាពធ្វើ​​រដ្ឋប្រហារ​ជា​ដើម ដូច​ធ្លាប់​ធ្វើ​ដាក់​គណបក្ស​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​៩៣​ ហ្វ៊ុនស៊ិនប៉ិច។​​ គួរ​បញ្ជាក់​បន្តិច​ដែរ​ ហៅ​ សង្គ្រាម​ស៊ីវិល​ បាន​លុះ​ត្រាជា​​ជម្លោះ​ប្រដាប់​អាវុធ​រវាងរដ្ឋ ​ឬ​​ក្រុមម្ខាង​ទៀត​នៅ​ក្រៅ​រដ្ឋ​ ឯ​រដ្ឋប្រហារ​គឺ​ក្រុម​នៅ​ក្នុង​រដ្ឋ​ដណ្តើម​អំណាច​គ្នា​ដោយ​កម្លាំង​ ដូច​ជា ពួក​យោធា​ ឬ​​បក្ស​មិន​ឈ្នះ​ឆ្នោត​ ឬ​មិន​កាន់​អំណាច​ ដែល​មាន​អំណាច​យោធា​ វាយ​ដណ្តើមអំណាច​ពី​ក្រុម​ដែល​កាន់​អំណាច, ហើយ​វា​ក៏អាច​​កើត​ឡើង​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​ដែរ​ ពោល​គឺ​ប្រើ​កម្លាំងគ្រាន់​តែ​គំរាម ​​បង្ខំ​ឱ្យ​ផ្ទេរ​អំណាច ដែល​គេ​ហៅ​ថា​ រដ្ឋ​ប្រហារ​ដែល​គ្មាន​ការ​បង្ហូរ​ឈាម​ (Bloodless Coup)។ អ្នក​វិភាគ​ខ្លះ​បាន​ជំទាស់​ថា​ កម្ពុជាមិន​អាច​កើត​​សង្គ្រាមស៊ីវិល​ឡើង​វិញទេ​​​ ដោយ​ពួក​គេ​យល់ថា​ ​សង្គ្រាម​ជា​ជម្លោះ​ប្រដាប់​អាវុធទ្រង់​ទ្រាយ​ធំ​​ ដូច្នេះ​មិន​អាច​កើត​ឡើង​ទេ​ ព្រោះ​មាន​តែ​គណបក្ស​ប្រជាជន​តែ​ម្ខាង​ប៉ុណ្ណោះមានកង​​កម្លាំង​​។ នេះ​ជា​ការ​យល់​និង​បក​ប្រែ​ច្រលំ​នូវពាក្យ​​សង្គ្រាម​ស៊ីវិល​របស់​សម្តេច​ ព្រោះ​លោក​គិតពី​​​​សង្គ្រាម​ស៊ីវិល​ក្នុង​ន័យ​ផ្សេង​ពី​និយម​ន័យខាង​លើ​​ ពោល​គឺ លោក​ចង់​បង្កប់​ន័យ​ថា​​ លោក​និងមនុស្ស​របស់​គណបក្ស​លោក​នឹង​បង្ក​បញ្ហា​ដល់​បក្ស​ប្រឆាំងដោយ​បង្កជា​​សង្គ្រាម​ស៊ីវិល​​ នៅ​ក្នុងករណី​ដែល​មិនអាច​​បង្វិល​លទ្ធផល​ឆ្នោត​ដូច​ឆ្នាំ​២០១៣​​ ហើយបើ​​ចាញ់​ឆ្នោត​ អាច​នឹង​មិន​ទទួល​យក​លទ្ធផល​ មិន​ព្រម​ផ្ទេរ​អំណាច​ បង្ក្រាប​​ការ​តវ៉ា​…ពោល​គឺ​ជា​សង្គ្រាម​​ប្រឆាំង​នឹង​អ្នក​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ផ្សេងនោះ​ឯង​ មិន​មែន​សង្គ្រាម​ស៊ីវិល​រវាង​រដ្ឋ​និង​ក្រុម​ឧទ្ទាម​ទេ​។ យ៉ាង​ណា​មិញ​ អ្នក​វិភាគ​បាន​បដិសេធ​នឹង​​​ការ​លើក​ឡើង​​នេះ​ថា ការ​បោះ​ឆ្នោត​ផ្លាស់ប្តូរ​​គណបក្សកាន់​អំណាច មិន​មែន​ផ្លាស់​ប្តូរ​របប​ឬ​បុគ្គលិក​ស្ថាប័ន​រដ្ឋ​នោះ​ទេ​ ពោល​គឺ​ កម្ពុជា​នៅ​តែ​ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពុហបក្សដដែល​ ទោះ​បក្ស​ណា​ឈ្នះ​ឆ្នោតក៏​ដោយ​។​​​ ទោះ​បី​យ៉ាង​ណា​ មាន​ភាព​ប្រលាំ​ប្រកូវ​រវាង​គណបក្ស​ឈ្នះ​ឆ្នោត​និង​រចនាសម្ពន្ធ​ស្ថាប័ន​រដ្ឋ​ ដែល​បក្ស​កាន់​អំណាចដាក់​សម្ពាធ​ផ្លូវ​​ចិត្តនិង​សេដ្ឋកិច្ច​ ​តម្រូវ​ឱ្យ​មន្ត្រី​រាជ​ការ​ ​​ត្រូវ​តែ​ចូល​ជា​សមាជិក​បក្ស​ បើ​ចង់​នៅ​ធ្វើ​ការបាន​សុខ​​និង​ទទួល​បាន​អត្ថប្រយោជន៍​ការ​ងារ​ជា​ដើម​, បើ​ត្រូវ​គេ​ដឹង​ថា​ជា​សមាជិក​បក្ស​ប្រឆាំង​ ប្រាកដ​ជា​រង​ការ​រើស​អើង​នយោបាយ ដូច្នេះ​ចង់​មិន​ចង់​ មន្ត្រី​រាជការ​ទាំង​នោះខ្លះ​​មាន​អារម្មណ៍​ថា​រង​ការ​ប៉ះ​ពាល់ អាច​​ចាញ់​បោក​ពាក្យ​ឃោសនា​ដែលថា​ ​បក្ស​កាន់​អំណាច​ថ្មី​អាច​ដក​មុខ​តំណែង​ខ្លួន​។ ផ្លាស់​ប្តូរ​គណបក្ស​កាន់​អំណាច​ សម្រាប់​មន្ត្រី​​មួយចំនួន​ ហាក់​ដូច​ជា​ ​ផ្លាស់ប្តូរ​​សមាជិកភាព​បក្ស​ដូច្នោះ​ដែរ​​ ហើយ​ជា​ទូទៅ​ពួក​គេ​មិន​ទំនង​ជា​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​ឬជំហរ​​នយោបាយឱ្យ​ថ្នាក់​លើ​បាន​ដឹង​ឡើយ​សេរី​ភាព​គាំទ្រ​គណបក្ស​នយោបាយ​មាន​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ប៉ុណ្ណោះ​គាំទ្រ​គណបក្ស​ប្រឆាំង​ជា​ចំហ​គឺ​ដាក់​ខ្លួន​ឯង​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ នៅ​ពេល​ដែល​ថ្នាក់​លើ​របស់​ខ្លួន​គឺ​ជា​សមាជិក​គណបក្ស​ប្រជាជន​។ ​​​ចំណែក​ឯ​ពេលបោះ​ឆ្នោត​ ហេតុ​តែ​ពួក​គេ​ហ៊ាន​បោះ​ឆ្នោត​ឱ្យ​បក្ស​ផ្សេង​ ព្រោះ​បោះ​ដោយ​សម្ងាត់​​ ទន្ទឹម​នឹង​ការ​បោះឆ្នោត ​​ពួក​គេ​ខ្លះ​ធ្វើ​យុទ្ធនាការ​ឃោសនាឱ្យ​បក្ស​កាន់​អំណាច​ យក​រូបភាព​ធ្វើ​ជា​គាំទ្រ​បក្ស​ ជា​លទ្ធផល​ ពួក​គេ​មិន​បង្ក​ទំនាស់​នឹង​ថ្នាក់​លើ​របស់​ខ្លួន​ដែល​គាំទ្រ​បក្ស​កាន់​អំណាច​ផង​ ហើយ​​​ទទួលបាន​​ថវិកា​បន្តិច​បន្តួចផង​ ពិសេស​​អាច​​បោះ​ឆ្នោត​ឱ្យ​បក្ស​ផ្សេង​ទៅ​វិញ​​។ គណបក្ស​កាន់​អំណាច​មិន​ល្ងង់​ទេ​ ក្រោយ​បាត់​បង់​អាសនៈចំនួន​២២​កៅ​អី​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥​ បាន​ដឹង​ថា​ ប្រជាពលរដ្ឋ​ជា​ច្រើនបោក​ខ្លួន​ យក​សំណូក​ហើយ​ បោះ​ឆ្នោត​ឱ្យ​បក្ស​ផ្សេង​ ទោះ​ក្នុង​ករណី​សំណូក​នោះ​បាន​មក​ធនធាន​រដ្ឋ​ឬ​ចេញ​ពី​ពន្ធ​ប្រជាជន​ខ្លួន​ឯង​ក៏​ដោយ​។​

ក្នុង​របប​ប្រជាធិបតេយ្យ​ គេ​ផ្លាស់ប្តូរ​តែ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋ​ប៉ុណ្ណោះ ពោល​គឺ​សមាស​ភាព​ក្នុង​សភា​និង​រដ្ឋាភិបាល​​ មិន​ផ្លាស់​ប្តូរ​សមាស​ភាព​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​និង​យោធា​ទេ​ គឺ​ថា​ពួក​គេ​នៅ​តែ​នៅ​កាន់​តំណែង​ មាន​មុខ​ងារ​ដដែល​ ទោះ​គណបក្ស​ណា​ឈ្នះ​ឆ្នោត​ ​ចូល​កាន់អំណាច​ក៏​ដោយ។ ពិត​ណាស់​ របប​ប្រជាធិបតេយ្យ​គឺ​ជា​របប​កាន់​អំណាច​ដោយ​អ្នក​នយោបាយ​ ដែលប្រជាជន​កាន់​អំណាចថ្នាក់​ជាតិ​ ​ដោយ​ប្រយោល​ប៉ុណ្ណោះ​ តាម​រយៈ​​ការ​ជ្រើស​តាំងអ្នក​នយោបាយ​ជាតំណាង​​​​របស់​ខ្លួន​ដោយ​បោះ​ឆ្នោត​ តាម​ប្រព័ន្ធ​ផ្សេង​ៗ​ សមាមាត្រ​ (បោះ​រើស​គណបក្ស​), ​ឯកត្តនាម (បោះ​រើសបុគ្គល​​តំណាង​​ផ្ទាល់​) ឬ​ចម្រុះ​ទាំង​ពីរ​ប្រព័ន្ធ​នេះ​​, ពួក​គេមាន​សិទ្ធិ​​បញ្ជា​លើ​ស្ថាប័ន​យោធា​​​ និង​មាន​សិទ្ធិ​ដក​ដាក់​មេ​បញ្ជាការ​យោធា​ ប៉ុន្តែ​ពុំ​មាន​សិទ្ធិ​យក​កង​កម្លាំង​ជា​កម្មសិទ្ធិ​បុគ្គល​ឬ​បក្សនោះ​​ទេ។​ ដែល​ហៅ​ថា​ ស្ថាប័ន​យោធា​ឯករាជ្យ​ គឺ​ពួក​គេ​ស្ថិ​ត​ក្រោម​បញ្ជា​រដ្ឋាភិបាល តែមិន​មែន​​អាច​ចូល​ជា​សមាជិក​​បក្ស​ណា​មួយ​​ទេ​ ព្រោះ​ពួក​គេ​ជា​កម្មសិទ្ធិ​រដ្ឋ​មិន​មែន​បក្ស​ ហេតុ​ដែល​ពួក​គេ​មិន​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ត្រូវ​ឱ្យ​អ្នក​នយោបាយ​បញ្ជា​ ព្រោះ​ពួក​គេ​មិន​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ប្រជាជន​ដូច​​អ្នក​នយោបាយ​ ហើយក៏​គួរ​បញ្ជាក់​ដែរ​ថា​ ​​​​បញ្ជា​ក៏​ត្រូវ​មាន​​មូលដ្ឋាន​ច្បាប់​គ្រប់​គ្រាន់ដែរ​បើ​ពុំ​នោះ​ទេ នឹង​ក្លាយ​ជា​បញ្ជា ​ឬ​​​សកម្មភាព​ល្មើស​ច្បាប់​​ ដែលតម្រូវ​មាន​ការ​ចោទ​សួរ​ពី​រដ្ឋ​សភា​ រហូត​ដល់​បោះ​ឆ្នោត​ដក​​សេចក្តី​ទុក​ចិត្ត​ពី​​រដ្ឋាភិបាល​ ក្នុង​ករណី​សភា​ឯករាជ្យ​ពី​រដ្ឋាភិបាល​ ឧ. ការ​​ប្រើ​កង​កម្លាំង​រដ្ឋទៅបង្ក្រាប​​គណបក្ស​ដទៃ ឬ​បាតុកម្ម​ដោយ​សន្តិវិធី​ដែល​ធានា​ដោយ​ច្បាប់ គឺ​ជា​បញ្ជា​ល្មើស​ច្បាប់​​​។​ ​ជា​ការ​ពិត​​ ដូចការ​អះ​អាង​របស់​​លោក​ អ៊ូ​ វីរៈ​ នៅ​ក្នុង​កម្មវិធី​តុមូល​វីអូឌី​ ប្រធាន​បទ​ ‘ការផ្លាស់ប្តូរក្រោយឆ្នាំ២០១៨’ ថ្ងៃ​ទី២៦ខែកញ្ញា២០១៥, ថា​ បើ​យោធា​​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង មិន​ស្ថិត​ក្រោម​បញ្ជារដ្ឋាភិបាល​ ដែល​កើត​ចេញ​ពី​ក្រុម​​អ្នក​នយោបាយ​ ឬ​បក្ស​ឈ្នះ​ឆ្នោត (អាច​បក្ស​មួយ​ឈ្នះ ​ឬ​បក្ស​ច្រើន​ចូល​គ្នា​ជា​រដ្ឋាភិបាល​ចម្រុះ​)​​ មាន​អំណាច​នយោបាយ​ នាំ​ឱ្យ​ក្លាយ​ជា​របប​សឹក​, បើ​ស្ថិត​នៅ​ក្នុង​ក្រោម​បញ្ជាព្រះ​​មហាក្សត្រ​ ស្តេច​មាន​អំណាច​នយោបាយ​ នាំ​ឱ្យ​ក្លាយ​ជា​របប​រាជាធិបតេយ្យ​ ​ដូច្នេះ​មាន​តែ​ក្រោម​បញ្ជា​អ្នក​នយោបាយ​មាន​ការ​រើស​តាំង​ពី​ពលរដ្ឋ​តែ​ប៉ុណ្ណោះ ដែលជា​របៀប​បែប​បទ​នៃ​ប្រទេស​ប្រជាធិបតេយ្យ​​​​។ ទោះ​បី​យ៉ាង​ណា​ យើង​មិនបាន​​លើក​អំណះ​អំណាង​នេះ​ ដើម្បី​បញ្ជាក់​ថា​ ប្រជាធិបតេយ្យ​ត្រូវ​តែ​ត្រូវ​ការ​កម្លាំង​យោធា​ទេ​ ព្រោះ​ច្រើន​ករណី​ណាស់​ដែល​យោធា​ត្រូវ​បាន​ប្រើដើម្បី​​បំផ្លាញ​ប្រជាធិបតេយ្យ​ តាម​រយៈ​រដ្ឋ​ប្រហារ​, កម្ទេច​ប្រព័ន្ធ​ពហុបក្ស​​, និង​ ធ្វើចលនា​ផ្តួល​រំលំ​រដ្ឋាភិបាល​ដោយ​ហិង្សា​ប្រដាប់​អាវុធ​ និង​រំលោភ​សិទ្ធិ​ប្រជាជន​ជា​ជាង​ការ​ពារ​ ហើយ​ក៏​មិន​ទាន់​មាន​ភស្តុតាងបដិសេធ​​ថា​ ​ប្រជាជន​មិន​អាច​ការ​ពារ​ប្រទេស​ខ្លួន​ ដោយ​មិន​ចាំ​បាច់​ប្រើ​កម្លាំង​យោធា​នោះ​ដែរ​។

ទស្សនៈ​របស់​អ្នក​វិភាគ​ដែល​ថា​ ការ​បោះ​ឆ្នោត​ផ្លាស់​ប្តូរ​តែ​គណបក្ស​​កាន់​អំណាច​ពី​អាណត្តិ​មុន​ ​មិន​ប្តូរ​របប​ប្រជាធិបតេយ្យ​​ផ្អែក​លើ​សម្មតិកម្ម​​មួយ​ដែល​ថា​ កម្ពុជា​​ប្រកាន់​របប​ប្រជាធិបតេយ្យ​ ប៉ុន្តែតាម​ពិត​ទៅ​ ​វា​មាន​តែ​​​ក្នុង​គោលការណ៍​តែ​ប៉ុណ្ណោះ​ ចំណែក​ឯ​ការ​អនុវត្ត​ជាក់​ស្តែង​ ប្រព័ន្ធ​នយោបាយ​កម្ពុជា ​ក្តោប​ក្តាប់​ស្ទើរ​ទាំង​ស្រុង​ដោយ​គណបក្ស​នយោបាយ​តែ​មួយ ដែល​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ ហៅ​ថា​ របប​ផ្តាច់​ការ​ឯកបក្ស​ ឬ​របប​អាជ្ញាធរ​និយម​ដែល​មាន​ការ​បោះ​ឆ្នោត​ (Electoral Authoritarianism or Single Party System)។ មូល​ហេតុដែល​​ប្រើ​ពាក្យ​ ‘អាជ្ញាធរនិយម’​​ ដែលបង្កប់​ពាក្យ​ ‘​អាជ្ញាធរ’​​ មាន​ន័យជា​ទូទៅ​​ថាជា​​ អ្នក​កាន់​អំណាច​ មិន​មែន​ត្រឹមតែ​ ​សម្មត្ថកិច្ច​នោះ​ ព្រោះ​ក្នុង​របប​អាជ្ញាធរនិយម​ អាជ្ញាធរ​មិន​ត្រូវ​​បាន​កម្រិតដោយ​ច្បាប់​​ ឬ​បាន​កម្រិត​ដោយ​ច្បាប់​ តែ​មិន​គោរព​តាម​ ពោល​គឺ​បញ្ជា​របស់​អាជ្ញាធរ​គឺជា​ច្បាប់​តែ​ម្តង។ ក្នុង​របប​នេះ​ ទោះ​បី​មាន​បក្ស​ច្រើន​ប្រកួត​ប្រជែង​នយោបាយតាម​រយៈ​ការ​បោះ​ឆ្នោត​​ក៏​ដោយ​ ក៏​គ្មាន​ឡើយ​ការ​បែង​ចែក​អំណាច​រវាង​ស្ថាប័ន​កំពូល​ទាំង​បី​ រដ្ឋាភិបាល​ សភា​ និង​តុលាការ​គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​បក្ស​កាន់​អំណាចទាំង​អស់​​ ស្រប​ពេល​ដែល​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ បក្ស​ឈ្នះ​ឆ្នោត​កាន់​កាប់​តែ​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ​ គ្មាន​អំណាច​លើ​តុលាការ​និង​អង្គសភា​ទាំង​មូល​ឡើយ​​។ ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ពិភាក្សា​អំពី៖ «ខួប​ទី​២៣ នៃ​ការ​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ» នៅ​យប់​ថ្ងៃទី២៣កញ្ញា ២០១៦ នាយកប្រតិបត្តិ​អង្គការ​ខុម​ហ្វ្រែល លោក​ គល់​ បញ្ញា​ បាន​អះ​អាង​ថា​ «រវាង​នីតិ​ប្រតិបត្តិ​ នីតិ​បញ្ញត្តិ​ និង​តុលាការ​ យើង​ស្ថិតនៅ​​ក្នុង​ប្រព័ន្ធ​គណបក្ស​នយោបាយ​តែ​មួយ។​ គណបក្ស​ណា ​ដែល​ជាប់​ឆ្នោត ​គឺ​មាន​លទ្ធភាព​ត្រួត​ត្រា​ស្ថាប័ន​ទាំង​បី អ៊ីចឹង​ស្ថាប័ន​ទាំង​បីនៅ​​ស្ថិត​នៅ​ក្រោម​​គណបក្សមួយ​​ ដែល[ជា​]គណបក្ស​​ឈ្នះ​ឆ្នោត​ អ៊ីចឹង​ដល់​ពេល​ហ្នឹង​ វា​មាន​ឥទ្ធិពលធ្វើ​ឱ្យ​មិន​មាន​ឯករាជ្យ​ដាច់​គ្នានៃ​​​​​ស្ថាប័ន​ទាំង​បី​ ពី​ព្រោះ​ប្រព័ន្ធ​បោះ​ឆ្នោត​យើង​ គេ​ហៅ​​ ប្រព័ន្ធ​សមាមាត្រ​ អ៊ីចឹង​អំណាច​របស់​គណបក្ស​ហ្នឹង​មានឥទ្ធិពល​គ្រប​ដណ្តប់​ច្រើន​ណាស់​​។» ទស្សនៈ​​នេះ​ ទោះលោក​ គល់​ បញ្ញា​ និយាយ​ជា​ទូទៅ​ក៏​ដោយ​ ក៏​សំដៅ​ចម្បង​លើ​គណបក្ស​ឈ្នះ​ឆ្នោត​ជា​ជាង​ជាប់​ឆ្នោត​ ហើយសង្កត់​ធ្ងន់​​ទៅ​លើ​​គណបក្សប្រជាជន​ជា​ពិសេសជាជាង​គណបក្ស​ផ្សេង​​ ក៏​​អំណះ​អំណាង​នេះ ​មិន​ត្រឹម​ត្រូវ​គ្រប់​គ្រាន់​ជា​ទូទៅ​ឡើយ​។​ ឧ. ​គណបក្ស​ប្រជាជន​ជាប់​ឆ្នោត​ តែ​ចាញ់​​នៅអាណត្តិ​ទី​មួយ​ តែ​នៅតែ​​មាន​អំណាចលើ​ស្ថាប័ន​ទាំង​បី​ មាន​អំណាច​នយោបាយ​ជាង​គណបក្ស​ឈ្នះ​ឆ្នោត​ហ្វ៊ុនស៊ិនប៉ិច​ទៅ​ទៀត ពិត​មែន​តែ​គណបក្ស​នេះ​បន្ត​ឈ្នះ​ឆ្នោតឡើង​កាន់​កាប់​រដ្ឋាភិបាល​​នៅ​អាណត្តិ​ក្រោយ​មក​ ហើយ​មាន​ឥទ្ធិពល​លើ​សភា​និង​តុលាការ ដូច​ការ​អះ​អាង​របស់​លោក​ក៏​ដោយ​ ក៏​ពុំ​មែនមាន​​ន័យ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ករណី​ដែល​ពួក​គេ​ឈ្នះ​ឆ្នោត នឹង​មាន​អំណាច​លើស​លុប​លើ​សភា​និង​តុលាការដូច​គណបក្ស​ប្រជាជន​ឡើយ​មិន​ប្រាកដ​ទាំង​អាច​ចូល​កាន់​កាប់​រដ្ឋាភិបាលបាន​​ផង​​ ត្បិត​បទ​ពិសោធ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឈ្នះ​ឆ្នោត​ គ្មាន​អំណាច​ ត្រូវគណ​បក្ស​ប្រជាជន​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ​១៩៩៧ មុន​ការ​បោះ​ឆ្នោតអាណត្តិ​ទី​ពីរ​​ បានផ្តល់​​មេ​រៀន​​រួច​ហើយ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា​ កត្តា​ផ្សេង​​ទៀតដែល​គណបក្ស​ឈ្នះ​ឆ្នោត​មាន​អំណាច​ខ្លាំង​ពេក​ ក៏​ដោយសារ​​កម្ពុជា​ប្រកាន់​របប​សភា​និយម​ ពោល​គឺ​រដ្ឋ​សភា​និង​រដ្ឋាភិបាល​មិន​ដាច់ស្រលះ​​ពី​គ្នា​ សមាជិក​រដ្ឋាភិបាល​ក៏​ជា​សមាជិក​សភា​ ហើយ​សភា​បង្កើត​រដ្ឋាភិបាល។​​ បន្ថែម​ពី​លើ​នេះ​ វិសោធកម្មមាត្រានៃ​​រដ្ឋធម្មនុញ្ញនៅ​ឆ្នាំ​២០០៦​ ត្រង់​ចំណុច​​គណបក្ស​ឈ្នះ​ឆ្នោត​អាច​បង្កើត​រដ្ឋាភិបាលនិងសភា​អនុម័ត​ច្បាប់​នា​នា​​សម្រេច​ចិត្ត​​ដោយ​សំឡេង​​២ភាគ​៣ មក​៥០បូក១​ ធ្វើ​ឱ្យ​គណបក្ស​ឈ្នះឆ្នោត​លែង​ត្រូវ​ការ​សំឡេងបង្គ្រប់​​ពី​បក្ស​ជាប់​ឆ្នោត​ផ្សេង​ទៀត សភាដែល​កើត​ចេញ​ពី​គណបក្ស​ចម្រុះ ​​ក៏ត្រូវ​បាន​​ត្រួត​ត្រា​ដោយ​បក្ស​ឈ្នះ​ឆ្នោត​ អាចអនុម័ត​ច្បាប់​តែ​ម្នាក់ឯង​​ សភា​ក្លាយ​ទៅ​ជា​ស្ថាប័ន​​អនុម័ត​ច្បាប់​ឱ្យ​រដ្ឋាភិបាលឱ្យ​តែ​បាន​ គ្មាន​ការ​ដេញ​ដោល​ លែង​​​មាន​ឥទ្ធិពល​តាម​ដានសកម្ម​ភាពអនុវត្ត​ច្បាប់​​​​របស់​រដ្ឋាភិបាលតែ​ម្តង​។​​ ពោល​ដោយ​ខ្លី​ បើ​យើង​ខ្ចី​សម្តី​អ្នក​ច្បាប់​មក​​ថា​ គឺ​ប្រទេស​ប្រជាធិបតេយ្យ​គេ​ រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​សភា​ ឯប្រជាធិបតេយ្យ​​កម្ពុជា​វិញ សភា​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រដ្ឋាភិបាល​ទៅ​វិញ​។ ​​ជា​លទ្ធផល​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ សភា​ឯក​បក្ស​បាន​អនុម័ត​យ៉ាង​លឿន​ តាម​រដ្ឋាភិបាល​ចង់​បាន​ គឺ​ច្បាប់អំពី​​ការ​រៀប​ចំ​និង​​ការ​ប្រព្រឹត្ត​ទៅរបស់​ក្រុម​ប្រឹក្សា​​នៃ​អង្គ​ចៅ​ក្រុម,​ ច្បាប់​លក្ខន្តិក​ចៅ​ក្រម​និង​ព្រះ​រាជអាជ្ញា,​ និង​ច្បាប់​រៀប​ចំ​អង្គ​តុលាការ​ដែល​ធ្វើ​ឱ្យ​តុលាការ​បាត់​បង់​ឯករាជ្យ​ភាព​ពី​សភា​និង​រដ្ឋាភិបាល​ ជាលទ្ធផល​​រួម​​ ស្ថាប័នកំពូល​​ទាំង​បី​ក្លាយ​ជា​ស្ថាប័ន​របស់​បក្ស​ឈ្នះ​ឆ្នោត​តែ​ម្តង នេះ​នៅ​មិន​រាប់​ការ​បង្កើត​មាត្រា​ច្បាប់​បោះ​ឆ្នោត​ អនុវត្ត​ឱ្យ​យោធាចូល​ជា​សមាជិក​គណបក្ស​និង​ចូល​រួម​ឃោសនា​បោះ​ឆ្នោត​ផង​។​​ ដទៃ​ទៀត ​គឺ​រចនាសម្ពន្ធ​ក្នុង​គណបក្ស​នយោបាយ​ដែល​គ្មាន​យន្តការ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស​ ដែលមិន​​អនុញ្ញាត​ឱ្យ​មាន​ការ​បោះ​ឆ្នោត​សម្រេច​ចិត្ត​ជា​ក្រុម​ សម្រេច​ចិត្ត​រើស​​​បេក្ខជន​ច្រើន​​ប្រកបដោយ​ការ​​ប្រកួត​ប្រជែង​​ដេញ​ដោលគោល​នយោបាយ​នា​នា​របស់​បក្ស​​​ រើស​និង​ដក​ប្រធាន​បក្ស, អនុប្រធាន​, អគ្គលេខាធិការ​, សមាជិក​​គណកម្មការកណ្តាល​ឬ​អចិន្តៃ្រយ៍​បក្ស​ ពី​សមាជិក\សកម្ម​​ជន​បក្ស​ផ្ទាល់​។ ឧ. ស្ថាបនិក​គណបក្ស​ក្លាយ​ជា​ប្រធាន​គណបក្ស​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​មិន​ចាំ​បាច់​ឆ្លង​កាត់​ការ​បោះ​ឆ្នោតឬ​បោះ​បង្គ្រប់​កិច្ច ​​​ហើយ​ជាប់​ជា​តំណែង​ប្រធានបក្ស​​នេះ​ជា​រៀង​ដរាប​ ត្បិតគ្មាន​​​ការ​ប្រកួត​ប្រជែង​បេក្ខភាព​ប្រធាន​បក្ស​ថ្មី អនុវត្ត​ប្រព័ន្ធ​ចាត់​តាំង​បែប​កុម្មុយនិស្ត​ ដោយ​មេ​បក្ស​ចង់​ដក​ដាក់​នរណា​ស្រេច​ចិត្ត​ មិន​ចាំ​បាច់​មាន​ការ​បោះ​ឆ្នោត​យល់​ស្រប​ពី​សមាជិក​ឬ​ពិភាក្សា​អ្វី​ឡើយ​​។ ទាំង​អស់​នេះ ​ជា​កត្តា​សំខាន់​ធ្វើ​ឱ្យ​អំណាច​គណបក្ស​និង​ប្រធាន​បក្ស​មាន​លើស​លុប​ ទោះ​បី​មាន​ការ​បោះ​ឆ្នោត​ជាតិប៉ុណ្ណា​ដង​​ក៏​ដោយ​ ក៏​ពុំ​អាច​បំបែក​អំណាច​ប្រមូល​ផ្តុំ​នេះ​បាន​ដែរ រហូតដល់​យើង​​អាច​និយាយ​បាន​ថា ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​និងជាតិ​​កន្លង​មក​ជួយ​បំពេញអំណាច​ប្រមូល​ផ្តុំ​ទៅ​ទៀត​ ព្រោះ​ប្រជាពលរដ្ឋ​​ពុំ​​បាន​ធ្វើ​ពហិការការ​បោះ​ឆ្នោត​ទាំង​ពីរ​លើក​​ ដើម្បី​ដាក់​សម្ពាធឱ្យ​គណបក្ស​ជាប់​ជា​តំណាងរាស្ត្រ​ក្នុង​​សភា​ ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ឱ្យ​ផ្តល់​សិទ្ធិ​អំណាច​សម្រេច​ដល់​ថ្នាក់​ក្រោម​ឱ្យបាន​​ច្រើន​។​​​​​ លុះ​ត្រាតែ​មាន​​កំណែ​ទម្រង់​ទ្រង់​ទ្រាយ​ធំ​លើ​ប្រព័ន្ធ​រៀប​ចំ​តាក់​តែង​រចនាសម្ពន្ធ​នយោបាយ​នេះ​ឡើង​វិញ​ (ដែល​មិន​ទំនង​ជា​ធ្វើ​ឡើង​ដោយ​អ្នក​កាន់​អំណាចទេ​​ តែ​ត្រូវ​បាន​ដាក់​សម្ពាធ​ដោយ​អ្នក​ក្រោម​អំណាច​) ទើប​អាច​បំបែក​អំណាច​ប្រមូល​ផ្តុំ​នេះ​បន្តិច​ម្តងៗ​ ហើយ​វា ​ពិបាករំពឹង​ថា​ ​​អ្នក​នយោបាយ​ឬ​បក្សនយោបាយ​ធ្វើ​ណាស់​ ព្រោះ​គ្មាន​នរណា​ទៅ​ធ្វើ​កំណែ​ទម្រង់​នយោបាយ​ដែល​បំបែក​អំណាច​នយោបាយ​របស់​ខ្លួន​នោះ​ទេ, បក្សកំពុង​​កាន់​អំណាច​​នឹងព្យាយាម​​រក្សា​រចនាសម្ពន្ធ​នេះ​ ឯ​បក្ស​ឡើង​មក​ថ្មី​ ទំនង​ជា​អាច​ឆ្លៀត​ពេល​រចនាសម្ពន្ធអំណាច​​ប្រមូល​ផ្តុំមិន​ត្រូវ​បាន​កែ​ប្រែ​ ​បន្ត​របៀប​ចាស់​ រួច​ធ្វើ​កំណែ​ទម្រង់​បន្តិច​បន្តួច​ឱ្យ​ឃើញ​ថា​បាន​ធ្វើ​ ដើម្បី​ពង្រឹង​អំណាច​ដូច​គណបក្ស​កាន់​អំណាច​មុន​ដែរ​។ ជា​មេ​រៀន​ដដែល​ មាន​បទពិសោធ​ច្រើន​រួច​ហើយ អំពី​ការ​ដួល​រលំ​នៃ​របប​ផ្តាច់​ការ​មួយ​ទទួល​បាន​របប​ផ្តាច់​ការ​មួយ​ទៀត​​។ ឧ. បក្ស​កាន់​អំណាច​និង​បក្សប្រឆាំង​មាន​ទំនោរ​រក​ប្រព័ន្ធ​សមាមាត្រ​ដូច​គ្នា​ និង​មិន​ចង់​ដំឡើង​រចនាសម្ពន្ធប្រជាធិបតេយ្យ​ក្នុងបក្ស​ដូច​គ្នា​​ ព្រោះ​វា​បម្រើ​ប្រយោជន៍​ប្រធាន​បក្ស​ដែល​ជា​អ្នក​សម្រេច​ចិត្ត​ មិនចង់​​សម្រេច​ចិត្តតាម​យន្ត​ការ​ប្រជាធិបតេយ្យ​​បំបែក​អំណាច​ខ្លួន​ឯង​ទេ​ លុះ​ត្រា​មាន​សម្ពាធ​ខ្លាំង​ពី​សមាជិក​។

(សូមបន្តអានភាគ២)

ដោយ​ ទេព​ រ៉ានិត​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ