បក្សប្រឆាំងផ្ញើសារនយោបាយឆ្ពោះទៅរកការបោះឆ្នោតដោយគ្មានអំពើហិង្សា

បក្សប្រឆាំងបានរំឭកសកម្មជនរបស់ខ្លួនជាថ្មីទៀត ឲ្យត្រៀមខ្លួនឆ្ពោះទៅកាន់កាបោះឆ្នោត ដោយមិន​យ​ក​ខ្មែ​​រ​ណា​ធ្វើជាសត្រូវ ខណៈបក្សកាន់អំណាចព្រមានប្តឹងសារនយោ​បា​យដែលថា «ដូរមេ​ឃុំប​ម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។

នៅពេលថ្មីៗនេះបក្សប្រឆាំងបានប្រកាសថា គោលនយោបាយជាអទិភាពចំនួន៥ចំនុចដែលនឹ​ងត្រូ​វយ​ក​​​ទៅ​ឃោសនារកសំឡេងឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេ​លខាងមុខនេះ រួមទាំង​មាន​ពាក្យ​ថា «ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ»។

ប៉ុ​ន្តែ​​សារនយោបាយនេះ ត្រូវបក្សកាន់អំណាចគំរាមប្តឹង បើមិនកែតម្រូវ ដោយចាត់ទុ​កថាសា​រនយោបា​យរបស់បក្សប្រឆាំងមួយឃ្លានេះ មានចរឹកបែបញុះញង់និងបង្កហេតុ។

ក្នុងពិធីជួបជុំសកម្មជនរបស់ខ្លួននៅស្នាក់ការគណបក្សក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែមីនានេះ ប្រ​ធា​​នគ​ណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា គណបក្សនេះបាន​យល់ច្បាប់ពីភាព​រឹងមាំរបស់​ខ្លួន​និ​ង​​ថា​ក៏បា​នយល់ច្បា​ប់ពីក​លល្បិ​ចរបស់ដៃគូប្រកួតរបស់ខ្លួនដែរ។

លោក កឹម សុខា បន្តថា ជម្រើសទៅកាន់ការបោះឆ្នោតនៃប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ លោ​ក​ថា​គឺការ​បោះ​ឆ្នោត​ឆ្នោ​តមួយត្រូវុមានការប្រ​កួត​ប្រ​ជែ​ងដោយតម្លាភាពនិងមិនយ​កខ្មែរ​ណាធ្វើ​ជា​ស​ត្រូវ​។

លោកថា៖ «ការប្រកួតគ្នាដោយសុចរិតដោយថ្លៃថ្នូរនេះ គឺជាផ្លូវមួយនាំទៅរកស្ថេរភាព សន្តិភាព និង​ការរីកចម្រើនពិតប្រាកដ សុខដុមរមនារវាងខ្មែរនិងខ្មែរទាំងអស់គ្នា។ គ្មានជម្រើសណាដែលល្អ​ជា​ងជ​ម្រើ​សនៃ​ការបោះឆ្នោត​ទេសម្រាប់អ្នកប្រ​ជាធិបតេយ្យ។​ សម្រាប់ខ្មែ​រអ្នកស្ហេ​ហាជាតិ។ ពី​ព្រោះយើងជា​អ្ន​កប្រ​ជាធិ​បតេយ្យ យើងចង់បានការប្រកួតដោយសុច្ចរិតដោយថ្លៃថ្នូរដោយគ្មានហិង្សា ជៀសវាងកា​រធ្វើស​ង្គ្រា​ម ជៀសវាងការបះបោរ ជៀសវាងការធ្វើបក្សដិវត្តន៍។ នេះហើយជាជម្រើសរបស់យើង»។

ជាងនេះទៅទៀត លោក កឹម សុខា ក៏បានសរសេរនៅលើហ្វេសប៊ុករបស់លោកដែរថា ទៅថ្ងៃខា​ងមុខលោ​ក​​ច​ង់ឃើញពលរដ្ឋខ្មែរគ្រប់រូបរស់នៅមានសេចក្ដីសុខក្នុងគ្រួសារខ្មែរតែមួយ។

លោកថា៖ «ការប្រកួតប្រជែងគោលនយោបាយល្អៗ សម្រាប់កសាងអនាគតកាលជាវិជ្ជមាន ប្រសើរជា​ងកា​រគា​ស់​កកាយឈ្លោះគ្នារឿងអតីតកាល»។

ការលើកឡើងរបស់មេដឹកនាំបក្សប្រឆាំងនេះ ហាក់បានឆ្លើយតបទៅនឹង​ការលើកឡើងរបស់លោ​កនា​យ​ករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលតែងថ្លែងនៅវេទិការសាធារណៈថា បើបក្សកាន់អំណាចចាញ់ឆ្នោត អាច​នឹងមា​ន​​សង្គ្រាមកើតឡើង។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានស្វាគម​ន៍ទៅនឹងសារនយោបាយរបស់​មេ​ប​ក្សប្រឆាំង លោក កឹម សុខា។ ប៉ុន្តែលោកថា អ្វីដែលជាដើម​ចមបង្កឲ្យ​មានភាព​មិនទុ​កចិ​ត្តគ្នានិង​បង្ក​ឲ្យមានវិវាទនយោបាយកើតឡើង សម្រាប់ទីលា​នប្រកួត​រកប្រជាប្រិ​យភាព​នោះ លោកថាដោយសា​តែប​​ក្ស​​​ប្រ​ឆាំ​​​​​​ងធ្វើសកម្មភាពផ្ទុយពីការនិយាយ។

លោកថា៖ «គណបក្សប្រជាជនស្វាគមន៍ណាស់ ចង់បានអាហ្នឹងណាស់។ ពីព្រោះគណបក្សប្រជាជនជា​ស្ថាបនិកនៃវប្បធម៌​សន្ទនាដើម្បីស្វែងរកសុខដុមរមនីយកម្មសង្គមរបស់កម្ពុជាទាំងមូល។​ សុ​ខដុមរមនីយ​កម្ម​ហ្នឹង​​​មិនឲ្យខ្មែរណា ទោះបីខ្មែរនៅនិន្នាការន​យោបាយនៅខាងណាក៏ដោយ មិនគិ​តគ្នាជា​គូ​​​សត្រូវទេ។​ ក៏ប៉ុន្តែ​នៅក្នុងប្រទេសដែ​លប្រកាន់លទ្ធិប្រ​ជាធិបតេយ្យសេ​រីពហុ​បក្សប្រកួតប្រ​ជែងគ្នាលើឆា​កន​យោ​​​​បាយ អាហ្នឹងយើ​ងគិតជាគូប្រកួត មិនមែនគិតជាគូសត្រូវទេ។ អានេះហើយជាសំណូមពររបស់គ​ណប​ក្សប្រ​ជា​ជនដែលចង់បានតាំងពីដើមទីម​កបាទ។ ការនិយាយថា​បើ​មិន​​យ​កខ្មែ​រណាធ្វើជាសត្រូវ យើងត្រូវអនុវត្តឲ្យស្របតាមទ្រឹស្តីនិយាយហ្នឹង»។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតរបស់ ERA លោក យង់ គិមអេង លើកឡើងថា ទីលាន​ប្រ​កួត​ឆ្ពោះ​​​ទៅកាន់ការបោះឆ្នោតលោកថា បក្សកាន់អំណាចមានប្រៀបលើសលប់ ទាំងការធ្វើច្បាប់និ​ង​​ប្រើ​​​​​​ប្រា​ស់​វិ​ធានការច្បាប់ លោកថាពិសេសច្បាប់គណបក្សនយោបាយ ដែលគ​ណបក្ស​ប្រជា​ជន​កម្ពុ​ជា​ទើ​បនឹ​ងអ​នុ​ម័តថ្មីៗនេះ។

ប៉ុន្តែ​លោ​ក យង់ គិម អេង អះអាងថា ជាការប្រសើរ បើអ្នកនយោបាយរៀ​បចំខ្លួនទៅកាន់ទីលានប្រកួ​តកា​រ​បោះ​​​ឆ្នោតដោ​យ​​ត​​ម្លាភាពនោះ។

លោកថា៖ «ជាទូទៅសង្គមស៊ីវិល យើងលើកកម្ពស់ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បាទ។ ​ដូច្នេះ​យើ​ងចង់ឃើញការបោះឆ្នោតហ្នឹងមានការប្រកួតប្រជែងដោយយុត្តិធម៌ដោយស្មោះត្រង់ ហើយ​ឈរ​​លើ​​គោលការណ៍ច្បាប់ជាពិសេសឈរលើកគោលការណ៍សកលនៃយុត្តិធម៌ហ្នឹងបាទ»។

ទោះជាការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់នៅតែជាងពីរខែទៀតប៉ុណ្ណោះ ប៉ុន្តែអ្នកនយោ​បាយដែល​មាន​អាសនៈក្នុងសភា មិនទាន់បានប្រកាសជួបគ្នាឡើងវិញ ដើម្បីស្វែងរកការធានា​ដល់ការប្រ​កួតប្រ​ជែង​ដោ​យ​​​ត​ម្លា​​​​​ភាពណាមួយតាមយន្តការប្រជាធិបតេយ្យនៅឡើយទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ