វិភាគ៖ តើ​ការ​ហាម​ឃាត់​មិន​ឲ្យ​ចាក់​បញ្ចាំង​វីដេអូ​ឃាតកម្ម​លោក កែម ឡី ឆ្លុះ​បញ្ចាំង​ដូចម្ដេច​អំពី​កម្រិត​សេរីភាព​នៅ​កម្ពុជា?

ក្រុម​យុវជន៤​នាក់ ក្នុង​នោះ​មាន​ទាំង​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញាវន្ត​កម្ពុជា លោក មួង សូនី ផង​ដែរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ខណៈ​ដែល​ពួកគេ​ត្រៀម​រៀបចំ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ ដែល​និយាយ​អំពី​ឃាតកម្ម​លើ​លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ឈ្មោះ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន។

ក្រុម​យុវជន​ទាំង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​បញ្ជូន​ទៅ​សាលា​សង្កាត់​ទួលសង្កែ បើទោះបី​ជា​ពួកគេ​គ្រាន់​តែ​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ដ៏​រស៊ើប​នោះ នៅ​ក្នុង​ការិយាល័យ​សមាគម​ ដែល​ជា​ទីកន្លែង​ឯកជន​របស់​ពួកគេ និង​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​​ក៏​ដោយ។

មួយ​ថ្ងៃ​មុន​នឹង​មាន​ការ​ឃាត់​ខ្លួន​ក្រុម​យុវជន​ទាំង​នោះ អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​ចៅ​សង្កាត់​ទួលសង្កែ លោក សយ កុសល បាន​ចុះ​ទៅ​ប្រាប់​ក្រុម​យុវជន​ទាំង​នោះ ឲ្យ​សុំ​ច្បាប់​អនុញ្ញាត​ជាមុន​សិន មុន​នឹង​ចាក់​បញ្ចាំង​វីដេអូ​ឃាតកម្ម​ដ៏​គួរ​ឲ្យ​សង្ស័យ​នោះ ប៉ុន្តែ ភាគី​ខាង​យុវជន រក្សា​ជំហរ​មិន​ទៅ​សុំ​ច្បាប់​អនុញ្ញាត​នោះ​ឡើយ ដោយ​សម្អាង​ថា ពួកគេ​ចាក់​បញ្ចាំង​នៅ​ក្នុង​ការិយាល័យ​របស់​ពួកគេ ដែល​ប្រៀប​ដូច​ទៅ​នឹង​ផ្ទះ​ឯកជន​ផង​ដែរ។

មិន​មែន​មាន​តែ​ក្រុម​យុវជន​ទេ ដែល​យល់​ថា ពួកគេ​មិន​ចាំ​បាច់​ទៅ​សុំ​ច្បាប់​ពី​អាជ្ញាធរ​នោះ សម្រាប់​ការ​ចាក់​បញ្ចាំង​វីដេអូ​នៅ​ក្នុង​ផ្ទះ​នោះ សូម្បី​តែ​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ លោក អំ សំអាត ក៏​យល់​ផង​ដែរថា មិន​មាន​មាត្រា​ណា​មួយ​នៃ​ច្បាប់​កម្ពុជា បានហាម​ឃាត់​ការ​ចាក់​បញ្ចាំង​វីដេអូ​នៅ​ក្នុង​ផ្ទះ​ឯកជន​​នោះ​ឡើយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ​រូប​នេះ បានលើក​ឡើង​ផង​ដែរ​ថា មិន​មែន​តែ​វីដេអូ​ឃាតកម្ម​លោក កែម ឡី ទេ សូម្បី​តែ​វីដេអូ​និយាយ​អំពី​ឃាតកម្ម​បុគ្គល​ល្បីៗ​របស់​កម្ពុជា​នា​ពេល​មុនៗ បាន​ក្លាយ​ទៅ​ជា​រឿង​រស៊ើប​សម្រាប់​រដ្ឋាភិបាល​រួច​ទៅ​ហើយ។

ទោះជាយ៉ាងណា យុវជន​ទាំង ៤​រូប​នោះ ត្រូវ​បាន​អាជ្ញាធរ​ដោះ​លែង​វិញ ក្រោយ​ពី​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​មួយ​សន្លឹក ដែល​តម្រូវ​ឲ្យសុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​ជាមុន​សិន មុន​នឹង​ចាក់​បញ្ចាំង​វីដេអូ​បែប​នោះ បើទោះបី​ជា​ចាក់​បញ្ចាំង​ក្នុង​ការិយាល័យ​របស់​ពួកគេ​ក៏​ដោយ។

ការ​ឃាត់​ខ្លួន​ក្រុម​យុវជន​ទាំង ៤​រូប​នោះ បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​បន្ថែម​ទៀត​ថា តើ​ករណី​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូចម្ដេច​​ទៀត​អំពី​ការ​រឹត​ត្បិត​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ដែល​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា រង​ការ​រិះគន់​រួច​ជា​ស្រេច​ហើយ​ថា មិន​បាន​ល្អ​ប្រសើរ តែ​កាន់​តែ​អាក្រក់​ជាង​មុន​នោះ។

មន្ត្រី​​ស៊ើប​អង្កេត​ជាន់​ខ្ពស់​​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ស៊ឹង សែនករុណា បានចាត់​ទុក​ថា ករណី​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ទង្វើ​របស់​អាជ្ញាធរ​កម្ពុជា ដែល​បាន​ព្យាយាម​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ។

ដោយ​លើក​ឡើង​ថា សេរីភាព​នៃ​ការ​ជួប​ជុំ​គឺ​ជា​មូលដ្ឋាន​មួយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នោះ សកម្មជន​សិទ្ធិ​មនុស្ស​រូប​នេះ បញ្ជាក់​ថា ករណី​នេះ ក៏​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ផង​ដែរ​ពី​ការ​ធ្លាក់​ចុះ​បន្ថែម​ទៀត​នៃ​សិទ្ធិ​សេរីភាព​នៃ​ការ​ជួប​ជុំ សូម្បីតែ​ការ​ជួប​ជុំ​នោះ ធ្វើ​ឡើង​នៅ​ក្នុង​គេហដ្ឋាន ឬ​ទីស្នាក់ងារ​ឯកជន​ក៏​ដោយ។ មិន​ត្រឹម​តែ​ជា​រូបភាព​នៃ​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​នោះ​ទេ ប៉ុន្តែ លោក ស៊ឹង សែនករុណា លើក​ឡើង​ថា វា​បាន​ជំរុញ​ឲ្យ​មហាជន​រឹត​តែ​មាន​មន្ទិល​សង្ស័យ​បន្ថែម​ទៀត ទៅ​លើ​ឆន្ទៈ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល ក្នុង​ការ​លើក​កម្ពស់សិទ្ធិ​សេរីភាពតាម​បែប​ប្រជាធិបតេយ្យ​ផង​ដែរ។

លោក ស៊ឹង សែនករុណា៖ “សេរីភាព​បញ្ចេញ​មតិ​ វា​ជា​កត្តា​សំខាន់​បំផុត ដែល​អាច​ឆ្លុះ​បញ្ចាំង​ពី​ដំណើរការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អញ្ចឹង​ហើយ យើង​ឃើញ​ថា អំពើ​នៃ​ការ​រារាំង​នេះ គឺ​បង្ហាញ​នូវ​ឥរិយាបថ​របស់​អាជ្ញាធរ​កម្ពុជា រឹត​ត្បិតសេរីភាព​នេះ ហើយ​យើង​ឃើញ​ថា វា​ជា​សញ្ញាណ​មួយ​នៃ​ការ​ចុះ​ក្នុង​ការ​អនុវត្ត​នូវ​ប្រព័ន្ធ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​​​កម្ពុជា”។

លោក​បន្ត​ថា​៖ “ជាពិសេស ក្នុង​ករណី​នេះ វាកាន់​តែ​អាក្រក់​ថែម​ទៀត បង្ហាញ​ថា អ្វីដែល​ពួក​គាត់​ធ្វើ​នោះ មិន​បាន​ធ្វើ​នៅ​ទីសាធារណៈ​ទេ។ គាត់​ធ្វើ​នៅ​កន្លែង​ឯកជន​របស់​គាត់ ហើយ​ជាទីតាំង​មួយ​ដែល​គាត់​អាចអនុវត្ត​នូវ​គម្រោងការ​ងារ​របស់​គាត់ដែល​ធ្វើ​ទៅ​បាន”។

មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​រួម​កាន់​តែ​តូច​នៃ​សេរីភាព​នោះ​ទេ ប៉ុន្តែ អ្នកវិភាគ​នយោបាយ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា បាន​រំលោភ​ទៅ​លើ​ច្បាប់ ព្រម​ទាំង​ឯកជនភាព​របស់​បុគ្គល​ផង​ដែរ ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​នានា។

លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា​៖ “[សេរីភាព]​កាន់​តែ​រួច​តូច​ហើយ ព្រោះ​ថា គ្រាន់​តែ​សិទ្ធិ​ដែល​គេ​ហៅ​ថា​ ឯកជនភាព​នោះ ត្រូវ​បាន​គេ​រំលោភ ដោយសារ​ពិធី​ហ្នឹង គ្រោង​ធ្វើ ជា​ពិធី​ឯកជន នៅ​ក្នុង​លំនៅឋាន​ឯកជន ហើយ​មាន​ច្បាប់​ព្រហ្មទណ្ឌ​យើង ការពារ​ឯកជនភាពនេះ ហើយ​វត្តមាន និង​សកម្មភាព​​ហាម​ឃាត់​​ហ្នឹង គឺ​អត់មាន​មូលដ្ឋាន​ច្បាប់​ទេ គឺ​រំលោភការការពារ​ឯកជន​ភាព”។

ជាជាង​ការ​ហាម​ឃាត់​ការ​ចាក់​បញ្ចាំង​វីដេអូ​នេះ អ្នក​វិភាគ​នយោបាយ​ចាស់​វស្សា​រូប​នេះ បាន​ជំរុញ​ទៅ​សមត្ថកិច្ច​​ព្រម​ទាំង​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ពិចារណា​ទៅ​លើ​ចំណុច​គួរ​ឲ្យ​សង្ស័យ​មួយ​ចំនួន ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​វីដេអូ​នោះ និងមាន​ទំនាក់​ទំនង​ទៅ​នឹង​ឃាតកម្ម​អ្នក​វិភាគ​ល្បី​ឈ្មោះ លោក កែម ឡី។

លោក ឡៅ ម៉ុងហៃ បន្ថែម​ថា៖ “ដូច្នេះ គេ​អាច​​យក​តម្រុយ​​ហ្នឹង​ថែម​ទៀត ជាពិសេស​អ្នក​ស៊ើប​អង្កេត តុលាការ អាច​​កោះហៅ​អ្នក​ដែល​ដឹង​រឿង​ហ្នឹង​យក​មក​សួរ​បញ្ជាក់​ទៀតថា តើ​វា​មាន​ការ​ពាក់​ព័ន្ធ​ឬ​អត់​ទេ។​ ទំនាក់​ទំនង​ទាំង​ប៉ុន្មាន​ហ្នឹង ទាំង​មុន​ក្ដី​ក្រោយ​ក្ដី តើ​អាច​មាន​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​ហ្នឹងឬ​​ទេ”។

ខណៈ​ដែល​ករណី​នេះបាន​ឆ្លុះ​បញ្ចាំង​បន្ថែម​ទៀត​នូវ​ការ​រឹត​ត្បិត​សេរីភាព​​នោះ ស្ថានភាព​សិទ្ធិ​សេរីភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​ចាត់​ថ្នាក់​រួច​ទៅ​ហើយ​ថា ជា​ប្រទេស​មួយ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មិន​មាន​​សេរីភាព។ ចំណាត់​ថា្នក់​នេះ ត្រូវ​បាន​វាយ​តម្លៃ​ដោយ​​អង្គការ Freedom House ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក។ នៅ​ក្នុង​របាយការណ៍​កាល​ពី​ឆ្នាំ​មុន ប្រទេស​កម្ពុជា ទទួល​បា​​ត្រឹម​តែ ៣២​​ពិន្ទុ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​ពិន្ទុ​សរុប ១០០ ដែល​វាយ​តម្លៃ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ