សាច់​ញាតិ​ថា តុលាការ​មិន​ដោះ​លែង​ឪពុក​ក្មេក​ខ្លួន​ដោយសារ​ជា​មន្ត្រី​បក្ស​ប្រឆាំង

សាច់​ញាតិ​អតីត​ចៅ​សង្កាត់​រង​​នៅក្រុង​ប៉ោយប៉ែត​ បាន​អះអាងថា តុលាការមិនដោះលែងឪពុក​ខ្លួន ឲ្យ​នៅក្រៅឃុំ​នោះ​ឡើយ ដោយ​ថា ឪពុករបស់លោកជាអតីតចៅសង្កាត់គណបក្សសង្គ្រោះជាតិ។

ការអះអាងនេះ ធ្វើឡើងបន្ទាប់តុលាការខេត្តបន្ទាយមានជ័យ បានសម្រេចបដិសេធលើបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឲ្យអតីតចៅសង្កាត់​រង​គណបក្សសង្គ្រោះជាតិ លោក ចៅ វាសនា កាលពីថ្ងៃ​ម្សិលមិញ ដោយតុលាការសំអាងថា ដើម្បីរក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធីច្បាប់។

លោក យឿន សុភឿន កូនប្រសារ​លោក ចៅ វាសនា ប្រាប់វីអូឌីនៅថ្ងៃនេះថា ឪពុកក្មេក​របស់លោក បានអះអាងប្រាប់ទៅចៅក្រមថា លោកមិនរត់គេចខ្លួន ហើយក៏មិនបង្កផលលំបាកដល់ដំណើរការនីតិវិធីរបស់តុលាការនោះទេ ប៉ុន្តែលោក​ថា តុលាការបដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​ដដែល។

លោក​ សុភឿន អះ​អាង​ថា តុលាការ​សម្រេច​បែបនេះ ដោយសារ​តែ​ឪពុក​ក្មេក​របស់​លោក​ជា​ចៅ​សង្កាត់​ដ៏​មាន​ប្រជាប្រិយភាព​មកពី​បក្ស​ប្រឆាំង ហើយ​លោកចាត់ទុកការសម្រេចរបស់តុលាការ​ថា ជារឿងអយុត្តិធម៌សម្រាប់ក្រុមគ្រួសារលោក ដោយថា​ ឪពុកលោកមិនបានប្រព្រឹត្តបទល្មើសដូចតុលាការចោទប្រកាន់នោះទេ។

លោកថា៖«អយុត្តិធម៌សម្រាប់ក្រុមគ្រួសារខ្ញុំ ហើយនឹងឪពុកខ្ញុំ ពីព្រោះអ្នកផ្សេង គេជំនុំជម្រះ គេមិនសូវចោទប្រកាន់ដាក់បន្ទុកខ្លាំងដូចជារូបគាត់អញ្ចឹងទេ។ ដោយសារ​គាត់ជាសមាជិកអ្នកនយោបាយ​ អញ្ចឹងគេដាក់បន្ទុកទៅលើគាត់ខ្លាំង ចេះតែមានហេតុផលអញ្ចេះ ហេតុផលអញ្ចុះ​ចង់ឲ្យគាត់ជាប់ឃុំ​»។

លោកបន្តថា ក្រុមគ្រួសារនឹងប្ដឹងទៅសាលាឧទ្ធរណ៍បន្តទៀត ដើម្បីឲ្យពិនិត្យមើលចំពោះការសេចក្ដីសម្រេចរបស់តុលាការខេត្តបន្ទាយមានជ័យ។

វីអូឌីមិនអាចសុំការអត្ថាធិប្បាយពីមេធាវីការពារក្ដីឲ្យលោក ចៅ វាសនា គឺលោក ជូង ជូងី បានទេ ដោយទូរសព្ទចូលគ្មានអ្នក ទទួល។

មន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ​ លោក ស៊ុំ ចាន់គា ចាត់ទុកការសេចក្ដីសម្រេចរបស់តុលាការថា ជារឿងអយុត្តិធម៌ ដោយសារ នៅក្នុងការហេតុការណ៍នោះ លោក ចៅ វាសនា គ្រាន់តែទៅឃ្លាំមើលនិងជួយសម្រួលដើម្បីអាជ្ញាធរដោះស្រាយបញ្ហាឲ្យកម្មករតែប៉ុណ្ណោះ។

លោកថា៖ «លោកចៅហ្វាយក្រុងទៅមើលទៅជួយសម្រុះសម្រួលបញ្ចប់បញ្ហាដែរ ប៉ុន្តែ ចេញមកវិញគាត់ប្ដឹងលោក ចៅ វាសនា ដែលជាដៃគូរទៅជាមួយគាត់។ នេះជារឿងចម្លែកមួយ។ តុលាការលោកបានកាត់ក្ដី បានពិនិត្យវិនិច្ឆ័យទៅលើ ដោយសារ តែមានលោកចៅហ្វាយក្រុងហ្នឹងប្ដឹងដែលមានលោកជាជំនួយការអីហ្នឹង ចេះតែនាំគ្នាលើកឡើងដើម្បីបង្គ្រប់​ ប៉ុន្តែ អ្វីដែលយើងមើលឃើញ ជារឿងមួយអយុត្តិធម៌»។

លោក ចៅ វាសនា ដែលជាចៅសង្កាត់​រង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកពីគណបក្សសម រង្ស៊ី ត្រូវ​បាន​តុលាការសម្រេចឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​ ស្រប​ពេល​​ដែល​លោក​ឈរ​ឈ្មោះ​ជា​បេក្ខ​ភាព​ចៅ​សង្កាត់​ប៉ោយ​ប៉ែត​គណ​បក្ស​សង្គ្រោះ​ជាតិដែល​ឈ្នះ​ឆ្នោត​ធ្វើ​ជា​ចៅ​សង្កាត់​​ប៉ោយ​ប៉ែត ខណៈ​លោក​​កំពុង​នៅ​ក្នុង​ពន្ធ​នា​គារ។

កាលពីថ្ងៃទី១៦ខែកុម្ភៈ ឆ្នាំ​២០១៧ លោក ចៅ វាសនា ត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចឃុំខ្លួន ដោយ​ចោទ​ប្រកាន់ចំនួន​ ៣​បទល្មើស ក្នុងនោះមាន បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ បទ​សំ​គំនិត​ចូល​រួម​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​​សាធា​រណៈ​និង​បទ​​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សា​ធារ​ណៈ នៅ​ក្នុង​សំណុំ​រឿង​បាតុ​កម្ម​ហិង្សា​នៅ​​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ខែ​ឧសភាឆ្នាំ​២០១៥ ក្នុងហេតុការណ៍កម្មករអូសរទេះតវ៉ា ហើយប៉ះទង្គិចជាមួយសមត្ថកិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ